ភ្នំពេញ: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជូនដំណឹង​ពី​​វិធានការ​តឹងរ៉ឹង​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ បន្ទាប់ពី​ក្រសួង​រកឃើញ​មាន​ករណី​មិនទាន់​អនុវត្ត​បទប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត ខណៈ​សង្គម​ស៊ីវិល​​គាំទ្រ​ចំណាត់ការ​នេះ​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​កាលពី​ចុងខែ​តុលា​ដែល​ ​​ភ្នំពេញ​ ប៉ុស្ដិ៍​ ទទួល​បាន​ពីថ្ងៃ​ទី ​២ ​វិច្ឆិកា​ឱ្យ​ដឹងថា ដើម្បី​ពង្រឹង​ការអនុវត្ត​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ស្ពាន​ឱ្យ​បាន​ជាប់​រឹងមាំ​គង់វង្ស និង​ធន់​ជាប់​តាម​អាយុកាល​បច្ចេកទេស​សាងសង់ ក្រសួង​សូម​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ត្រូវអនុវត្ត​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាម​បទប្បញ្ញត្តិ​ដូច​មានចែង​ក្នុង​មាត្រា​ ២៦ ​នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។

សេចក្ដី​ជូនដំណឹង​បន្តថា ក្នុងករណី​នៅតែ​បណ្តោយ​ឱ្យ​ដឹកជញ្ជូន​ ឬ​ផ្ទុក​ទម្ងន់​លើសពី​ ២០ ​ភាគរយ ប្រធាន​ស្ថានីយ​ជញ្ជីង​អចល័ត​ ឬ​ប្រធាន​ក្រុម​ជញ្ជីង​ចល័ត ត្រូវ​ចាត់​វិធានការ​​តាម​បទប្បញ្ញត្តិ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៦០ ​នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​ដែល​ក្នុងនោះ​ត្រូវ​ដក​បណ្ណ​បើកបរ និង​ព្យួរទុក​ចំនួន​ ២ ​ឆ្នាំ​។ ឃាត់​យានជំនិះ​ទុក​ ១ ​ឆ្នាំ ដោយ​រក្សា​​ទុក​នៅ​ទីតាំង​ណាមួយ​សមស្រប ហើយ​ម្ចាស់​យានយន្ត​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការលើក​ដាក់​ទំនិញ និង​បង់ថ្លៃ​ឈ្នួល​កន្លែង ទុកដាក់​ថែទាំ​ទំនិញ​ និង​យានជំនិះ​ដោយ​ខ្លួនឯង និង​បញ្ឈប់​អាជីវកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ចំនួន​ ១ ​ឆ្នាំ​ក្នុងករណី​ទទួលរង​នូវ​ការពិន័យ​អន្តរការណ៍​ម្តង​រួចហើយ នៅ​តែ​បន្ត​ប្រព្រឹត្តល្មើស​។

សេចក្ដី​ជូនដំណឹង​បន្ថែម​ថា ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​ដែល​រង​ការពិន័យ​ត្រូវ​សហការ​ជាមួយ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ខេត្ត​ក្នុង​ការលើក​ដាក់​ទំនិញ​ និង​បង់ថ្លៃ​ឈ្នួល​កន្លែង​ទុកដាក់​ថែទាំ​ទំនិញ និង​យានជំនិះ​ដោយ​ខ្លួនឯង​រហូត​មាន​ការសម្រេច​ជាថ្មី​។ ប៉ុន្តែ​​អាច​មាន​សិទ្ធិ​ប្តឹងតវ៉ា​ស្របតាម​នីតិវិធី​ដូច​មានចែង​ក្នុង​បទប្បញ្ញត្តិ​មាត្រា​ ៤៧ ​នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្ដុភារកម្ម​កម្ពុជា​ (Cambodia Logistic Associations) ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​គាំទ្រ​ចំណាត់ការ​នេះ ប៉ុន្ដែ​លោក​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព យុត្តិធម៌ ដោយ​មិនត្រូវ​គិតពី​បក្ខពួក និង​មិនគួរ​​លើកលែង​ចំពោះ​អ្នក​មាន​លុយ​ ឬ​គ្មាន​លុយ​អន្តរាគមន៍​ទេ​។

លោក​បាន​គាំទ្រ​ចំពោះ​ការអនុវត្ត​ច្បាប់​បែបនេះ ដើម្បី​​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​ដែល​រាជរដ្ឋាភិបាល​ខិតខំ​ចំណាយ​​ថវិកា​ជួសជុល និង​សាងសង់​​ជា​រៀងរាល់​ឆ្នាំ​។ ជាពិសេស​ចូលរួម​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​​នានា ព្រោះ​បញ្ហា​ចរាចរណ៍​នេះ​គឺ​ទាមទារ​ឱ្យ​មាន​ការចូលរួម​​ទាំងអស់​គ្នា​។

លោក​បញ្ជាក់ថា​៖ «​ការអនុវត្ត​ច្បាប់​នេះ គឺ​មិន​ប៉ះពាល់​ដល់​​ការដឹកជញ្ជូន​ទេ ព្រោះ​បើ​ដឹក​លើស​ទម្ងន់ គឺ​លើស​ត្រឹម​តិចតួច​ទេ អ៊ីចឹង​វា​អត់​ចំណេញ​អីច្រើន អ៊ីចឹង​យើង​ងាក​មក​គោរព​ច្បាប់​វិញ​ល្អ​ជាង​។ រីឯ​សមាជិក​ដឹកជញ្ជូន​ពួកខ្ញុំ គឺ​ខ្ញុំ​តែងតែ​ប្រាប់ ឬ​បង្រៀន​អ្នកបើកបរ​យើង​ល្អ​ណាស់​។ ​ដូច្នេះ​ខ្ញុំ​ស្នើ​​ឱ្យ​អនុវត្ត​ច្បាប់​ស្មើៗ​គ្នា​ពោល​គឺ​មិនត្រូវ​ដោះលែង​អ្នក​នេះហើយ​​ទៅ​ចាប់​អ្នក​នោះទេ​»​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​ (AIP) បាន​គាំទ្រ​ចំណាត់ការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នេះ ប៉ុន្ដែ​លោក​ជំរុញ​ឱ្យ​ក្រសួង គួរតែ​កោះហៅ​តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន​មក​ប្រជុំ​ប្រាប់​ពី​វិធានការ និង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ក៏ដូចជា​ផ្ដល់​អនុសាសន៍​ណែនាំ​ជុំវិញ​ការដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​។

លោក​ថា​៖ «​ការដឹក​លើស​ទម្ងន់​នេះ​គឺ​វា​មាន​ហានិភ័យ​ខ្ពស់បំផុត​ក្នុង​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​រួមដំណើរ​លើ​ដងផ្លូវ ជាពិសេស​គឺ​ធ្វើឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។ ប្រសិន​បើ​យើង​បាន​ណែនាំ​ហើយ ប៉ុន្ដែ​ក្រុមហ៊ុន​នៅតែ​មិន​អនុវត្ត​ទេ គឺ​ស្ថាប័ន​ជំនាញ​ត្រូវតែ​ដក​អាជ្ញាប័ណ្ណ​​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន ហើយ​ដកហូត​រថយន្ត​ទុក​មិន​ឱ្យ​ធ្វើ​ចរាចរណ៍​បន្តទៀត​ក្នុង​រយៈពេល​កំណត់​ណាមួយ ព្រោះ​ជា​ការព្រមាន​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្សេងៗ​ទៀត​»៕

វីដេអូ៖