ភ្នំពេញៈ ក្រសួងព័ត៌មានបានបញ្ចប់កិច្ចប្រជុំពិនិត្យកែលម្អចុងក្រោយលើសេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» ជាមួយអន្តរក្រសួងគន្លឹះកាលពីថ្ងៃទី ២០ ខែ សីហា ដោយមិនមានការកែតម្រូវន័យ ឬសេចក្ដីអ្វីនោះទេ ហើយគ្រោងនឹងបញ្ជូនច្បាប់នេះទៅគណៈរដ្ឋមន្ដ្រីសម្រេចនាដំណាច់ខែកញ្ញា ឬយ៉ាងយូរនៅដើមខែតុលាខាងមុខ។
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្រោយបញ្ចប់កិច្ចប្រជុំអន្តរក្រសួងគន្លឹះដែលដឹកនាំដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានក្រុមការងារអន្តរក្រសួងគន្លឹះមិនមានការកែតម្រូវន័យ ឬសេចក្ដីនៃសេចក្ដីព្រាងច្បាប់នេះនោះទេ ដោយគ្រាន់តែកែតម្រូវលើពាក្យពេចន៍មួយចំនួនប៉ុណ្ណោះ។
លោកថ្លែងថា៖ «យើងបានបញ្ចប់នៅអន្តរក្រសួងគន្លឹះចំពោះការកែលម្អសម្អាតចុងក្រោយលើសេចក្ដីព្រាងច្បាប់នេះ។ យើងបានជ្រើសរើសក្រសួងធំៗដែលពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នេះប្រជុំគ្នាជាមុន ដើម្បីសម្អាតលើចំណុចណាដែលយើងគួរកែលម្អ ចំណុចណាដែលមិនគួរកែលម្អដោយកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះលើពាក្យពេចន៍»។
លោក ផុស សុវណ្ណ បន្ថែមថាក្រោយបញ្ចប់កិច្ចប្រជុំជាមួយអន្តរក្រសួងគន្លឹះនេះ ក្រសួងព័ត៌មាននឹងរៀបចំក្រុមមួយទៀត ដើម្បីពិនិត្យសេចក្ដីព្រាងច្បាប់ឡើងវិញទៀតលើមាត្រាមួយចំនួនដែលមានចែងក្នុងទោសប្បញ្ញត្តិ ដើម្បីឲ្យស្របគ្នាជាមួយផ្លូវច្បាប់ ឬទម្រង់ច្បាប់។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាដាច់ខែកញ្ញាខាងមុខនេះ ឬក៏ដើមខែតុលាយ៉ាងយូរ យើងអាចបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅគណៈរដ្ឋមន្ដ្រីសម្រេចបានហើយ»។
ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានលោក ឆាយ សុផល នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា សាទរចំពោះក្រសួងព័ត៌មាន និងអន្តរក្រសួងដែលបានខិតខំពន្លឿនការងារតាក់តែងសេចក្ដីព្រាងច្បាប់រហូតបញ្ចប់កិច្ចប្រជុំពិនិត្យកែលម្អចុងក្រោយ។ លោកថាច្បាប់នេះផ្ដល់ផលប្រយោជន៍ដល់សាធារណជនទូទៅក្នុងការទទួលបានព័ត៌មានពីស្ថាប័នរដ្ឋ។
លោកថ្លែងថា៖ «ច្បាប់នេះគឺជាច្បាប់គំរូដែលរាជរដ្ឋាភិបាលប្រមូលមតិជាតិ និងអន្តរជាតិតាំងពីសហគមន៍ ប្រជាពលរដ្ឋ សង្គមស៊ីវិល អង្គការក្រៅរដា្ឋភិបាល ជាតិ និងអន្តរជាតិ។ ច្បាប់នេះគឺបានដាក់បង្ហាញជាសាធារណៈថែមទៀតនៅលើគេហទំព័រក្រសួងព័ត៌មាន ដើម្បីសុំមតិយោបល់នៅទូទាំងពិភពលោក»។
លោក សុផល បញ្ជាក់ថា៖ «បើច្បាប់នេះឆ្លងផុតពីអន្តរក្រសួងធំៗហើយបញ្ជូនទៅគណៈរដ្ឋមន្ដ្រី គឺមិនមានបញ្ហាអ្វីទៀតទេ»។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ហ៊ុយ វណ្ណៈ ក៏បានអបអរសាទរដល់ក្រសួង និងភាគីពាក់ព័ន្ធដែលធ្វើច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានទទួលបានជោគជ័យ។
លោកថ្លែងថា៖ «ធម្មតាច្បាប់នេះពេលដាក់ចេញឲ្យប្រើប្រាស់គឺត្រូវការពេលសម្រាប់ការអនុវត្តឲ្យមានប្រសិទ្ធភាព។ ដូច្នេះត្រូវការកែប្រែឥរិយាបថរបស់មន្ដ្រីអ្នកនាំពាក្យតាមបណ្ដាក្រសួងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការផ្ដល់ និងទទួលព័ត៌មានបានគ្រប់ជ្រុងជ្រោយ»។
លោកបន្ថែមថាតាមរយៈច្បាប់នេះបានជួយជាច្រើនលើដំណើរការអភិវឌ្ឍប្រទេសកម្ពុជាលើដំណើរការអភិបាលកិច្ច និងការដឹកនាំប្រទេសកាន់តែរីកចម្រើន និងបង្កើតនូវវប្បធម៌នៃការចូលរួមផងដែរ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ដែលជាអង្គការមួយបានចូលរួមផ្ដល់មតិយោបល់លើសេចក្ដីព្រាងច្បាប់ខាងលើនាពេលកន្លងមកបានកត់សម្គាល់ថា ការតាក់តែងសេចក្ដីព្រាងច្បាប់នេះបានបើកចំហច្រើនដល់បណ្ដាអង្គការសង្គមស៊ីវិលក្នុងការចូលរួមផ្ដល់មតិ។ ប៉ុន្ដែថាលោកមិនទាន់ដឹងថា តើក្រសួងនឹងយកមតិដែលបានផ្ដល់នោះដាក់បញ្ចូលក្នុងសេចក្ដីព្រាងច្បាប់ ឬយ៉ាងណានោះទេ។
លោកថ្លែងថា៖ «អ្វីដែលយើងព្រួយបារម្ភនោះគឺទោះបីជាមានការផ្ដល់ឱកាសឲ្យសង្គមស៊ីវិលយើងចូលរួមក៏ដោយ ប៉ុន្ដែមិនបានទទួលយកអនុសាសន៍នេះយកទៅដាក់បញ្ចូលនោះស្មើនឹងគ្មានន័យ»។
លោកបានលើកឡើងថាអ្វីដែលអង្គការសង្គមស៊ីវិលបានផ្ដល់មតិនោះគឺលើមាត្រាមួយចំនួននៃច្បាប់នេះដែលបានចែងមិនច្បាស់លាស់ ដោយមានភាពរឹតត្បិតទៅលើសេរីភាព ការទទួល និងការផ្ដល់ព័ត៌មានជាដើម។
សេចក្ដីព្រាងស្ដីពី «ច្បាប់សិទ្ធិទទួលព័ត៌មាន» មាន ៩ ជំពូក ចែកចេញជា ៣៨ មាត្រា ត្រូវបានដឹកនាំរៀបចំតាក់តែងដោយក្រសួងព័ត៌មានដោយមានការចូលរួមពីតំណាងសង្គមស៊ីវិល អង្គការយូណេស្កូ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា។ ការតាក់តែងបានចំណាយពេលច្រើនឆ្នាំមកហើយក្រោមការគាំទ្រថវិកាពីអង្គការយូណេស្កូ។
រាជរដ្ឋាភិបាលប្រគល់ភារកិច្ចឲ្យក្រសួងព័ត៌មានកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៣ ដើម្បីដឹកនាំវេទិកាពិគ្រោះយោបល់ជាមួយអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។
កាលពីខែ កុម្ភៈ ឆ្នាំ ២០១៥ ក្រសួងព័ត៌មានបានសហការជាមួយអង្គការយូណេស្កូប្រចាំកម្ពុជាដោយបានបង្កើតក្រុមការងារបច្ចេកទេសហៅកាត់ថា (TWGA2I) សម្រាប់កិច្ចពិភាក្សាកែសម្រួលសេចក្តីព្រាងច្បាប់នេះដែលក្រុមការងារបច្ចេកទេសទើបតែបញ្ចប់កាលពីឆ្នាំ ២០១៨៕