ភ្នំពេញៈ ​ក្រសួង​សង្គមកិច្ច​បាន​បញ្ចប់​ការបើកប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​កូវីដ​ ១៩​ សម្រាប់​ខែ​មិថុនា​កាលពី​ថ្ងៃទី​ ២៤ ​កក្កដា ដោយ​ចំណាយ​ប្រាក់​សរុប​ជាង ២៣ ​លាន ៦៣ ​ម៉ឺន​ដុល្លារ​ទៅ​លើ​ពលរដ្ឋ​ជាង​ ៥៣ ​ម៉ឺន​គ្រួសារ ខណៈ​ពលរដ្ឋ ៣ ​ម៉ឺន​គ្រួសារ​ទៀត​មិន​បាន​មក​ទទួល​ប្រាក់​ឧបត្ថម្ភ​។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​កាលពី​ថ្ងៃទី​ ២៤ កក្កដា​ បញ្ជាក់​ថា គ្រួសារ​ចំនួន ៥៣០ ៨៣៨ ដែល​មាន​សមាជិក ២ ១៥៣ ១១៤ ​នាក់​ បាន​ទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល​ដែល​មាន​ទឹកប្រាក់​សរុប​ជាង ៩៤ ​ប៊ីលាន​ ៥៥១ ​លាន​រៀល ឬ​ស្មើនឹង​ជាង​ ២៣,៦៣ ​លាន​ដុល្លារ​។

ក្រសួង​ជូនដំណឹង​ដល់​អ្នក​ដែល​ធ្លាប់​ទទួល​ប្រាក់ឧបត្ថម្ភ​នៅ​​ខែមិថុនា​រួចហើយ​ឲ្យ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​សម្រាប់​ខែកក្កដា​នេះ​នៅ​តាម​បញ្ជរ​វីង​ណាមួយ ដោយ​មិន​ចាំបាច់​ទៅ​សាលាឃុំ​ជាថ្មី​ទៀត​ទេ​។

ក្រសួង​បន្តថា​៖ «​ចំពោះ​គ្រួសារ​​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​បណ្ណ​សមធម៌​មាន​សុពលភាព ហើយ​មិន​ទាន់​ផ្ទៀងផ្ទាត់​នៅ​ខែ​មិថុនា និង​គ្រួសារ​ក្រីក្រ​ដែល​ទើប​ទទួល​បាន​បណ្ណសមធម៌​ថ្មី សូម​អញ្ជើញ​ទៅ​ផ្ទៀងផ្ទាត់​នៅ​សាលាឃុំ សង្កាត់​ណា​មួយ​ដើម្បី​ទទួល​បាន​ការឧបត្ថម្ភ​សម្រាប់​ខែ​កក្កដា​ដែល​ការបើក​ផ្ដល់​ខែ​កក្កដា​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ២៥ កក្កដា ឆ្នាំ​ ២០២០ ​តទៅ​ដែល​ការបើក​នេះ​មាន​រយៈពេល ៣០ ​ថ្ងៃ​»​។

ក្រសួង​សង្គមកិច្ច​បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួង​ពាក់ព័ន្ធ​ចំពោះ​ការចូលរួម​អនុវត្ត​កម្មវិធី​នេះ​បាន​យ៉ាង​រលូន និង​ទទួល​បាន​ការសាទរ​ពី​មជ្ឈដ្ឋាន​ជាតិ​អន្តរជាតិ​។ ជាមួយ​គ្នា​នេះ​ក្រសួង​បាន​ស្នើ​ពលរដ្ឋ​បន្ត​សហការ​ឲ្យ​បាន​ជោគជ័យ​​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​សង្គម​ «​ដោយ​មិន​ទុក​ឲ្យ​ប្រជាជន​ណាម្នាក់​ចោល​ហើយ​មិនមាន​ការយក​ចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​នោះ​ឡើយ​»​។

លោក តូច ចាន់នី អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​បាន​បញ្ជាក់​ពី​ម្សិលមិញ​ថា តួលេខ​នៃ​អ្នក​ត្រូវ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ​មាន​ ៥៦ ​ម៉ឺន​គ្រួសារ ប៉ុន្តែ​ជាក់ស្ដែង​មាន​អ្នក​មក​បើកប្រាក់ តែ​ជាង​ ៥៣ ​ម៉ឺន​គ្រួសារ​ប៉ុណ្ណោះ​។ ចំណែក​ ៣ ​ម៉ឺន​គ្រួសារ​ទៀត​មិន​បាន​មក​បើក​។ តាម​ការគ្រោងទុក គ្រួសារ​ចំនួន​ ៦១ ​ម៉ឺន​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ខែ​កក្កដា​នេះ បន្ទាប់ពី​រកឃើញ​គ្រួសារ​ក្រីក្រ​ ៥ ​ម៉ឺន​នាក់​ទៀត ដោយ​​ប្រើ​ទឹកប្រាក់​សរុប​ប្រមាណ​ ២៨ ​លាន​ដុល្លារ​។

ទន្ទឹម​នឹង​នេះ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ចំនួន ​៤ កំពុង​អនុវត្ត​កម្មវិធី​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​គាំទ្រ​ដល់​ពលរដ្ឋ​ត្រឡប់​ពី​ថៃ​វិញ ដែល​រស់នៅ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង និង​សៀមរាប​សម្រាប់​រយៈពេល​សាកល្បង​ ៦ ​ខែ​ចាប់ពី​ខែ​នេះ​ទៅ​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា អង្គការ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​មាន អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ IOM អង្គការ​សុខភាព​ពិភពលោក WHO មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន UNFPA និង​អង្គការ​យូនីសេហ្វ​។ កម្មវិធី​នេះ​នឹង​អនុវត្ត​នៅ​ស្រុក​ទាំង​ ៣៥ ​នៃ​ខេត្ត​ទាំង​ ៣ នេះ​។

លោកស្រី​ថ្លែង​ថា កម្មវិធី​នេះ​គឺ​ការបង្ការ​ទប់ស្កាត់​កូវីដ​ ១៩ ការអប់រំ​សុខភាព និង​ការផ្ដល់​សម្ភារ​ពាក់ព័ន្ធ​នឹង​អនាម័យ និង​ការទប់ស្កាត់​។ ក្នុង​កម្មវិធី​នេះ​ក៏​​មាន​ការដោះស្រាយ​ជីវភាព​ផង​ដែរ ដោយ​ជ្រើសរើស​តាម​លក្ខខណ្ឌ​មួយចំនួន​នៅក្នុង​ឃុំ-សង្កាត់​ដែល​អាច​ធ្វើបាន​។

លោកស្រី​បន្តថា ផល​សម្រេច​បាន​នៃ​គម្រោង​នេះ​អាច​ចាត់ទុក​ថា ជោគជ័យ ប្រសិន​បើ​ពលករ​ចំណាកស្រុក​ពី​ថៃ​ដែល​ស្ថិត​ក្នុង​គម្រោង​នេះ​មាន​ភាព​នឹងនរ​ក្នុង​ការរស់នៅ​ដូច​ពលរដ្ឋ​ទូទៅ និង​មិន​ពុះកញ្ជ្រោល​ត្រឡប់​ទៅវិញ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​ការចាញ់​បោក​គេ និង​ត្រូវ​ចាប់បញ្ជូន​ត្រឡប់​មក​វិញ​។

លោកស្រី​ថ្លែងថា​៖ «​ជោគជ័យ​ទី​ ៣ មាន​ន័យ​ថា គាត់​អាច​ការពារ​ខ្លួន​គាត់​មិន​ឲ្យ​ឆ្លង​ជំងឺ​កូវីដ ​១៩ ដោយសារ​តែ​គាត់​មិន​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​នៅ​ ខណៈ​ពេល​កំពុង​មាន​ការឆ្លង​។ ​បើ​គាត់​ចល័ត​ចុះឡើង​គាត់​ប្រឈម​នឹង​ការឆ្លង​មេរោគ​នេះ​»​។

លោកស្រី​ថ្លែង​ថា ការជួយ​ដល់​ពលរដ្ឋ​នៅក្នុង​ខេត្ត​ទាំង​ ៣ ​នេះ​ស្មើនឹង​ជួយ​ដល់​ពលរដ្ឋ​ ៦០ ​ភាគរយ​ នៃ​ពលរដ្ឋ​ជាង​ ១០ ​ម៉ឺន​នាក់ ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​។ ​នៅពេល​ដែល​កម្មវិធី​ ៦ ​ខែ​នេះ​បាន​ជោគជ័យ អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​អាច​នឹង​ពង្រីក​ទៅ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​៕