ភ្នំពេញ៖ មនុស្ស​ពីរ​នាក់​ទៀត​បាន​ទទួល​មរណភាព​ ដោយសារ​ជំងឺ​កូវីដ១៩ ក្នុង​នោះ​អ្នកជំងឺ​ម្នាក់​បាន​ស្លាប់​មុនពេល​ចូល​ដល់​មន្ទីរពេទ្យ​ហ្លួងម៉ែ និង​ម្នាក់ទៀត​ស្លាប់​នៅ​គេហដ្ឋាន។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១៧ ខែមេសា ឆ្នាំ ២០២១ នេះ បាន​ឱ្យ​ដឹងថា​មាន​ករណី​ស្លាប់​ជនជាតិ​ខ្មែរ​ចំនួន​ពីរ​នាក់​ក្នុង​នោះ​បុរស​អាយុ ៧០ ឆ្នាំ និង​ស្ត្រី​អាយុ ៤៨ ឆ្នាំ ដោយសារ​ជំងឺ​កូវីដ១៩។

យោងតាម​របាយការណ៍​ពី​មន្ទីរពេទ្យ​ហ្លួងម៉ែ​បាន​ឱ្យ​ដឹងថា ស្ត្រី​ជនជាតិខ្មែរ​អាយុ ៤៨ ឆ្នាំ រស់នៅ​ខេត្តកំពង់ធំ ត្រូវ​បាន​យក​សំណាក​នៅ​ថ្ងៃទី​ ១៦ ខែមេសា ឆ្នាំ ២០២១ ដោយ​ទទួលបាន​លទ្ធផល​បញ្ជាក់​ថា​មាន​វិជ្ជមាន​កូវីដ១៩។

ប្រភព​ដដែល​បាន​បន្តថា ដោយមាន​ស្ថានភាព​ហត់​ដង្ហក់​ខ្លាំង អ្នកជំងឺ​ត្រូវបាន​បញ្ជូនមក​មន្ទីរពេទ្យ​ហ្លួងម៉ែ វេលា​ម៉ោង ២២:២០ នាទី នៅ​ថ្ងៃ​ដដែល ពេល​មក​ដល់​មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ​ថា អ្នកជំងឺ​បាន​ស្លាប់​បាត់បង់​ជីវិត​រួចទៅហើយ​មុន​ចូល​ដល់​មន្ទីរពេទ្យ។

ករណី​អ្នកជំងឺ​នេះ តាម​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ ស្ត្រី​អ្នកជំងឺ​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ១៩ មុនពេល​ចូលដល់​មន្ទីរពេទ្យ (Mourant entrant avec COVID -19)។

ចំណែក ករណី​អ្នកជំងឺ បុរស​អាយុ ៧០ ឆ្នាំ បើ​យោងតាម​ការិយាល័យ​ស្រុក​ប្រតិបត្តិ​មេគង្គ​បាន​ឱ្យ​ដឹងថា បុរស​នេះ​រស់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ វេលា​ម៉ោង ១៦:០៥ នាទី​ល្ងាច។

របាយការណ៍​បាន​បន្តថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ក្រុមគ្រួសារ​បានឱ្យ​ដឹងថា​មុនពេល​ស្លាប់​ពីរ​ទៅ​បី​ថ្ងៃ គាត់​មាន​ចេញ​រោគសញ្ញា​ក្តៅខ្លួន ក្អក និង​មាន​ប្រវត្តិ​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ ក្រុមគ្រូពេទ្យ​បាន​ចុះ​ទៅ​យក​សំណាក​សព​ដើម្បី​ធ្វើការ​វិភាគ​នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង ១៨:៣០ នាទី​ល្ងាច នៅ​ទីតាំង​ផ្ទះ​របស់​សព​ជា​លទ្ធផល​បានបញ្ជាក់​ថា​សព​មាន​វិជ្ជមាន​កូវីដ១៩។

តាម​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ បុរស​នេះ​បាន​ស្លាប់បាត់​បង់ជីវិត​នៅផ្ទះ ដោយសារ​ជំងឺ​កូវីដ១៩ លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ៕