ភ្នំពេញ៖ ក្រសួង​សុខា​ភិបាល បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២៩​ ខែ​មីនា​នេះ​ថា ករណី​បុរស​​ជនជាតិ​ខ្មែរ​ អាយុ​៣៩​ឆ្នាំម្នាក់​ ដែលមានផ្ទុក​មេរោគ​កូវីដ១៩​ ​បាន​ស្លាប់កាល​ពី​យប់ថ្ងៃទី​ ២៨ ខែ​មីនា ឆ្នាំ​២០២១​ មិន​មែន​​ស្លាប់​ដោ​យ​​សារ​ជំងឺ​កូវីដ​១៩​ទេ។

ក្រសួង​បាន​ឱ្យដឹង​ថា យោង​តាម​ការ​ផ្តល់​ព័ត៌មាន ​របស់​មណ្ឌល​សុខភាព​ចាក់​អង្រែ ជន​រង​គ្រោះ​រូប​នេះ​ បាន​​ស្នាក់នៅ​ឧទ្យាន​ទន្លេ​បាសាក់​ ខណ្ឌចំ​ការ​មន​រាជធានី​ភ្នំពេញ ​ហើយ​បានស្លា​ប់​​ដោយ​សារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង​ភ្លាមៗ​។

ក្រសួង​សុខា​ភិបាល​បាន​បញ្ជាក់​ថា អ្នក​ជំងឺ​រូប​នេះ ត្រូវ​បាន​យក​សំណាក​ធ្វើ​តេស្ត​និង​មាន​លទ្ធផល​ឃើញ​វិជ្ជ​មាន​កូវីដ១៩ ​នៅថ្ងៃ​ទី​២១​ខែមីនា​ ឆ្នាំ​២០២១​ ហើយ​ត្រូវ​បាន​ដាក់​​ឱ្យព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​ចាក់​អង្រែ ​នៅ​ថ្ងៃ​ដដែល​។

ក្នុង​រយៈពេល​ព្យា​បាល​ចំនួន​ ០៨​ថ្ងៃកន្ល​ងមក​ អ្នកជំ​ងឺ​រូប​នេះ​ មិន​មានរោ​គសញ្ញាអ្វី​ដែល​បង្ហាញ​ពីការ​វិវត្តទាក់​ទងនឹ​ងជំងឺ​កូ​វីដ​១៩​ គួរ​ឱ្យ​កត់សម្គាល់ឡើ​យ រ​ហូតដ​ល់យប់​ថ្ងៃទី​ ២៨ខែ​មីនា​ឆ្នាំ២០​២១ អ្នក​ជំងឺមា​នចេញ​រោគសញ្ញា​ឈឺចុក​ក្នុងទ្រូង​ខ្លាំងភ្លា​មៗ​ ដែល​ក្រុមគ្រូ​ពេទ្យបា​នទៅ​ពិនិត្យ​មើល​ភ្លាម​ៗ​ដែរ។

ប្រភព​ដដែល​បាន​បន្តថា​ មួយ​សន្ទុះក្រោ​យមក ​អ្នក​ជំងឺបា​នបាត់​បង់ស្មារ​តី​ បើទោះជា​ក្រុមគ្រូ​ពេទ្យ​​បាន​ព្យាយា​មសង្គ្រោះ​ តាមប​ច្ចេកទេស​ដោយ​ធ្វើចល​នាបេះដូ​ង​ និងកា​រប្រើ​ប្រាស់ថ្នាំ​ជំនួ​យបេះដូ​ងទៅតា​មបច្ចេ​កទេ​សក៏​ដោយ ​ប៉ុន្តែ​នៅ​តែមិ​នអាច​ជួយស​ង្គ្រោះ​បាន​។

ក្រសួង​សុខា​ភិបាល​​បញ្ជាក់​ថា ៖ «ក្រុម​គ្រូពេទ្យ​បាន​សន្និដ្ឋាន​ថា អ្នក​ជំងឺ​មាន​ផ្ទុក​វីរុស​កូវីដ១៩​នេះ​បាន​ស្លា​ប់ដោយ​សារជំ​ងឺស្ទះ​សរសៃ​ឈាមបេះ​ដូងភ្លា​មៗ​ មិនមែ​នស្លាប់​ដោយសា​រជំងឺកូ​វីដ ១៩​នោះឡើ​យ»។ 

យោង​តាមក្រសួង​សុខា​ភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១​នេះ កម្ពុជា​មាន​អ្នក​​ឆ្លង​វីរុស​កូវីដ​១៩ ​សរុប​ចំនួន ២២៧៣ នាក់ អ្នក​ជាសះ​ស្បើយ​ចំនួន ១១៧២ នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន​ ១០៨៧ នាក់ និង​អ្នក​ស្លាប់​ចំនួន​១១នាក់៕