ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្រ្តីជនជាតិខ្មែរម្នាក់ទៀត ដែលត្រូវជាម្តាយបង្កើតរបស់តារាចម្រៀងម្នាក់នៅផលិតកម្មរស្មីហង្សមាស បានស្លាប់ដោយសារជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យរុស្ស៉ី បន្ទាប់ពីស្ថានភាពជំងឺរបស់គាត់ត្រូវបានជំងឺកូវីដ ១៩ វាយលុកសួតទាំងសងខាងធ្ងន់ធ្ងរ ស្របពេលអ្នកជំងឺមានជំងឺប្រចាំកាយស្រាប់។
អ្នកជំងឺដែលបានស្លាប់ គឺមានឈ្មោះ ងឿន សុថានី មានអាយុ ៦២ឆ្នាំ ត្រូវជាភរិយារបស់តារាចម្រៀង ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅវេលាថ្ងៃត្រង់ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ នេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃ។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា លោកស្រី ងឿន សុថានី ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១០ ខែ មីនា ឆ្នាំ ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកសម្រាប់លោក ហួរ ឡាវី វិញ សម្រាប់លទ្ធផលធ្វើតេស្តលើកទី១ បានបង្ហាញថា មិនមានជំងឺកូវីដ ១៩ នោះទេ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ «ដោយសារតែស្ត្រីខាងលើមានសភាពហត់ខ្លាំង គួបផ្សំទៅនឹងគាត់មានទឹកនោមផ្អែម លើសឈាម និងជំងឺធាត់ផងនោះ ក៏បានបណ្តាលឲ្យគាត់ មិនអាចទ្រទ្រង់នឹងការវ៉ៃលុកសួតដែលបណ្តាលមកពីជំងឺកូវីដ ១៩ ដែលធ្វើឲ្យសួតទាំងសងខាងរបស់គាត់ រលាកខ្លាំង និងស្ទះសសៃឈាមបេះដូង បណ្តាលឲ្យបាត់បង់ជីវិតតែម្តង»។
នេះ គឺជាករណីលើកទី២ ហើយនៅកម្ពុជា ដែលបណ្តាលឲ្យមនុស្សស្លាប់ ដោយសារជំងឺកូវីដ ១៩ ខណៈករណីទី១ បានកើតលើបុរសអាយុ ៥០ ឆ្នាំម្នាក់ និងបានទទួលមរណភាព កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២១។
គិតត្រឹមថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៥៧៨ នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦៥៨ នាក់៕