The Phnom Penh Post Search

Search form

ក្រសួង​បដិសេធ​ទិន្នន័យ​ពី​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា

Content image - Phnom Penh Post
ដីព្រៃ​ឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ពេល​កន្លង​មក​។ ផា លីណា

ក្រសួង​បដិសេធ​ទិន្នន័យ​ពី​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា

ភ្នំពេញៈ ក្រសួង​បរិស្ថាន​បាន​បដិសេធ​ចោល​ទិន្នន័យ​ស្តីពី​ការ​បាត់បង់​ព្រៃឈើ​កម្ពុជា​កើនឡើង​ដល់​ប្រមាណ​ជា ២ សែន​ហិកតា​កាលពី​ឆ្នាំ​ ២០១៦ ​ដែល​សាកលវិទ្យាល័យ Maryland នៅ​សហរដ្ឋអាមេរិក​បាន​រកឃើញ​នាពេល​ថ្មីៗ​នេះ ខណៈ​ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប្រាប់​ថា​ការ​បាត់បង់​គម្រប​ព្រៃឈើ​ ២ ​សែន​ហិកតា​នេះ​គឺជា​ចំនួន​តិច​ជាង​ការ​បាត់បង់​នៅ​បណ្តា​ឆ្នាំ​មុនៗ​។

សាជាថ្មី​ម្តង​ទៀត ​ក្រសួង​បរិស្ថាន​បាន​ច្រានចោល​ទិន្នន័យ​ពី​ការ​បាត់បង់​ព្រៃឈើ និង​ការ​នាំ​ឈើ​ចេញ​ដែល​ត្រូវ​បាន​ស្ថាប័ន​នៅ​សហរដ្ឋអាមេរិក និង អង់គ្លេស​រកឃើញ​។

ក្នុង​នោះ​រួម​មាន​របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​អន្តរជាតិ (EIA) កាលពី​ខែ​ឧសភា​ស្តីពី​ឈើ​ជាង ៣០ ម៉ឺន​ម៉ែត្រគុប តម្លៃ​រាប់​លាន​ដុល្លារ​លួច​លក់​ទៅ​វៀតណាម​, ទិន្នន័យ​របស់​គយ​វៀតណាម ដែល​អង្គការ Forest Trends បាន​ចេញ​ផ្សាយ​កាលពី​ខែ​សីហា និង​ការ​ច្រានចោល​ចុង​ក្រោយ​គឺ​ទិន្នន័យ​របស់​សាកលវិទ្យាល័យ​ Maryland ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ដកស្រង់​យក​មក​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​។

ក្រសួង​បរិស្ថាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ច្រាន​ចោល​នៅ​ថ្ងៃ​ដដែល​នោះ​ថា​៖ «​របាយការណ៍​របស់​សាកល​វិទ្យាល័យ​ម៉ារីលេន គឺជា​របាយការណ៍​បាត់បង់​គម្រប​ព្រៃឈើ​ជា​សកល​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ Gain Loss Approach និង​ប្រើប្រាស់​និយមន័យ​គម្រប​ព្រៃឈើ​ជា​សកល និង​មិន​មាន​ការ​ចុះ​ផ្ទៀងផ្ទាត់​ទិន្នន័យ​នៅ​ទីវាល​ជាក់ស្តែង​ទេ​»​។

ក្រសួង​បាន​បន្ត​ថា​​ ហេតុ​នេះ​ធ្វើឲ្យ​លទ្ធផល​នៃ​របាយការណ៍​មិន​មាន​សុក្រឹតភាព​ជាមួយ​លទ្ធផល​របស់​ក្រុម​ការងារ​បច្ចេកទេស​ថ្នាក់​ជាតិ​ដែល​បាន​ធ្វើ​ជាមួយ​ក្រុម​ការងារ​បច្ចេកទេស​អន្តរជាតិ JICA-CAMREDD FAO (UN-REDD) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ព្រៃឈើ និង​ផលិតផល​ព្រៃឈើ​នៃ​ប្រទេស​ជប៉ុន (FFPRI) ឡើយ​។

ក្រសួង​ក៏​មិន​ភ្លេច​លើក​ឡើង​ផង​ដែរ​ថា​នៅ​ចន្លោះ​ឆ្នាំ ២០១៤ និង ២០១៦ អត្រា​បាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ជា​​មធ្យម​ប្រចាំ​ឆ្នាំ​មាន​ចំនួន ០,៦៧ ភាគរយ​។

កាលពី​ខែ​សីហា ​កន្លង​មក ​ក្រសួង​ក៏​បាន​អះអាង​ផង​ដែរ​ថា​អត្រា​នៃ​ការ​បាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​លទ្ធផល​បឋម​នៃ​ការ​វាយតម្លៃ​គម្រប​ធនធាន​ព្រៃឈើ​កម្ពុជា​ឆ្នាំ ២០១៦ បាន​បង្ហាញ​ថា​ផ្ទៃដី​គម្រប​ព្រៃឈើ​សរុប​នៅ​កម្ពុជា​មាន​ប្រមាណ​ជា ៤៥,២៦ ភាគរយ​ធៀប​នឹង​ផ្ទៃដី​នៅ​ក្នុង​ប្រទេស​។

ក្នុង​ចំណោម​នោះ​ក៏​រួម​មាន​ឧទ្យានជាតិ​ចំនួន ១២ តំបន់​ដែល​ត្រូវ​បាន​បង្កើតឡើង​។ ក្នុង​នោះ​ឧទ្យាន​ជាតិ​ចំនួន ៧ ត្រូវ​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា​ឆ្នាំ ១៩៩៣ និង​មាន​ទីតាំង​ចំនួន ៥ តំបន់​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​ក្នុង​ឆ្នាំ ២០១៦ ​។

ឧទ្យាន​ជាតិ​ទាំង ១២ តំបន់​នេះ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​សរុប​ ១ ៧២០ ២៦៩,៣៥ ហិកតា​ដែល​ស្មើនឹង ៩,៥ ភាគរយ​នៃ​ផ្ទៃដី​ប្រទេស ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ​, កោះកុង​, កំពត​, ពោធិ៍សាត់​, សៀមរាប​, រតនគិរី ព្រះសីហនុ និង​ខេត្ត​ស្ទឹងត្រែង​។

ដោយឡែក​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​វិញ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ការ​បាត់បង់​គម្រប​ព្រៃឈើ​ប្រមាណ​ជា ២ សែន​ហិកតា​ក្នុង​ឆ្នាំ ២០១៦ នេះ​គឺជា​ចំនួន​មួយ​ដែល​មាន​ការ​ធ្លាក់​ចុះ បើ​ធៀប​នឹង​បណ្តា​ឆ្នាំ​មុនៗ​។

លោក​ កែវ អូម៉ាលីស្ស អនុប្រធាន និង​ជា​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់​ថា​នៅ​ចន្លោះ​ឆ្នាំ ២០១០-២០១៤ ព្រៃឈើ​កម្ពុជា​បាន​បាត់​ជាង ៣ សែន​ហិកតា​ជា​មធ្យម​ប្រចាំ​ឆ្នាំ​នីមួយៗ​។ ប៉ុន្តែ​ក្រោយ​មក​ការ​បាត់បង់​បាន​ធ្លាក់​ចុះ​ជា​​បន្តបន្ទាប់​វិញ​ដោយសារ​តែ​រដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​, មាន​ការ​ដាំ​ដើមឈើ​ឡើង​វិញ និង​ដំណាំ​កសិឧស្សាហកម្ម​នៅ​តាម​​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ចាប់ផ្តើម​លូតលាស់​ឡើង​វិញ​ផង​ដែរ​។

លោក​ អូម៉ាលីស្ស ​ថ្លែង​ថា​៖ «​ការ​បាត់បង់​ព្រៃឈើ​មាន​ការ​ថយ​ចុះ​។ ការ​បាត់ ២០ ម៉ឺន​ហ្នឹង​ថយ​ហើយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១០-២០១៤ ដែល​មធ្យម​ភាគ​វា​បាត់​ច្រើន​ជាង ២០១៦ ​ដោយសារ​គោលនយោបាយ​បញ្ឈប់​ដី​សម្បទាន​សេដ្ឋកិច្ច​»​។

លោក​ អូម៉ាលីស្ស សង្ឃឹម​ថា​ការ​បាត់បង់​ព្រៃឈើ​នឹង​បន្ត​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។