
បន្ទប់ធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រូបថត មន្ទីរពេទ្យ
ភ្នំពេញៈ មន្ត្រីក្រសួងសុខាភិបាលបានបដិសេធការចោទប្រកាន់ដែលថាក្រសួងបានយកថ្លៃសេវាស្នាក់នៅ និងហូបចុកអំឡុងពេលធ្វើចត្តាឡីស័កក្នុងតម្លៃថ្លៃហួសហេតុ ខណៈក្រសួងទើបរកឃើញករណីឆ្លងថ្មីលើស្ត្រីខ្មែរម្នាក់មកពីជប៉ុន និងកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានសរុបចំនួន ៩ នាក់។
ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយតាមសារព័ត៌មានអនឡាញ និងតាមបណ្តាញសង្គមដោយមានការចោទប្រកាន់ពីការយកកម្រៃស្នាក់នៅ និងអាហារពីអ្នកធ្វើចត្តាឡីស័កថ្លៃពេក។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា៖ «ក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុងនូវការផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានអនឡាញដែលបានចាក់ផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមស្តីពីតម្លៃរបបអាហារ និងការស្នាក់ធ្វើចត្តាឡីស័កដែលមានចរិតបំពុលសង្គម និងចោទប្រកាន់ដោយមិនទាំងយល់ពីនីតិវិធីក្នុងការជ្រើសរើសកន្លែងធ្វើចត្តាឡីស័ក...»។
លោកស្រី បន្តថាការជ្រើសរើសសណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័កដោយបង់ថ្លៃគឺជាការសម្រេចចិត្តរបស់បុគ្គលដោយគ្មានការបង្ខំឡើយ។ ប្រសិនបើបុគ្គលរូបនោះមិនមានថវិកាបង់ថ្លៃសណ្ឋាគារ និងអាហារខ្លួនឯងគឺគាត់អាចជ្រើសរើសយកកន្លែងដែលរៀបចំដោយរដ្ឋជាអ្នកចេញថ្លៃជួសបាន។
ជាមួយនេះលោកស្រី ឱ វណ្ណឌីន ថ្លែងថា ក្រសួងសូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធឱ្យជួយចាត់ការលើសារព័ត៌មានដែលផ្សព្វផ្សាយមានចរិតមិនត្រឹមត្រូវ បំពុលសង្គម ដែលក្នុងពេលនេះ គួររួមគ្នាទប់ស្កាត់ការចម្លងជំងឺនេះក្នុងសហគមន៍។
ទន្ទឹមនឹងនេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានឱ្យដឹងថា កម្ពុជាមានករណីវិជ្ជមានកូវីដ ១៩ ថ្មីចំនួន ១ នាក់ទៀតពីថ្ងៃម្សិលមិញ ដែលអ្នកជំងឺនេះជាស្ត្រីជនជាតិខ្មែរអាយុ ៣១ ឆ្នាំ រស់នៅស្រុកចិត្តបុរី ខេត្តក្រចេះ ដែលបានធ្វើដំណើរមកពីជប៉ុនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០។
ក្រសួងបានបញ្ជាក់ថា៖ «ការរកឃើញវិជ្ជមានវីរុសកូវីដ១៩លើស្ត្រីជនជាតិខ្មែររូបនេះ គឺជាការធ្វើតេស្តវត្ថុសំណាកលើកទី ២ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័កដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត»។
សេចក្តីជូនព័ត៌មាននេះបន្ថែមថា ជើងហោះហើរដែលស្ត្រីជនជាតិខ្មែររូបនេះធ្វើដំណើរគឺមានបុរសជនជាតិប៉ូឡូញម្នាក់បានធ្វើតេស្តលើកទី ១ នៅកម្ពុជាឃើញវិជ្ជមានវីរុសបង្កជំងឺកូវីដ ១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រីឯអ្នកដំណើរ ៥២ នាក់ ដែលមានលទ្ធផលអវិជ្ជមាននៃវីរុសនេះគឺ ២៦ នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ៣ កន្លែងផ្សេងគ្នានៅភ្នំពេញ និង ២៦ នាក់ទៀត ធ្វើចត្តាឡីស័កនៅមណ្ឌលទ័ពអាកាស ហើយក្នុងចំនួននេះគឺមានស្ត្រីជនជាតិខ្មែរម្នាក់នេះត្រូវបានរកឃើញវិជ្ជមានវីរុស។
ក្រសួងបន្តថា អ្នកដំណើរនៅមណ្ឌលទ័ពអាកាសទាំង ២៥ នាក់ ដែលមានហានិភ័យពីការចម្លងបន្តពីស្ត្រីរូបនេះតម្រូវឱ្យនៅបន្តធ្វើចត្តាឡីស័ក ១៤ ថ្ងៃបន្ថែមទៀត។
គិតត្រឹមថ្ងៃម្សិលមិញកម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២៩២ នាក់ ប៉ុន្តែបានព្យាបាលជាវិញ ២៨៣ នាក់ ស្មើនឹង ៩៦,៩២ ភាគរយ។ រីឯអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មាន ៩ នាក់ក្នុងនោះមានបុរសខ្មែរ ៤ នាក់ ស្ត្រីខ្មែរ ២ នាក់ បុរសជាតិប៉ូឡូញ ១ នាក់ បុរសជាតិបារាំង ១ នាក់ និងស្ត្រីបារាំង ១ នាក់។
ទាក់ទងនឹងបញ្ហាកូវីដ ១៩ នេះដែរ ពីម្សិលមិញស្ថានទូតអូស្ត្រាលីនៅកម្ពុជាបានប្រកាសពីគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងទឹកប្រាក់ ៥០០ លានដុល្លារ ស្ដីពីការទទួលបានវ៉ាក់សាំងសម្រាប់អាស៊ីអាគ្នេយ៍ក្នុងនោះក៏មានកម្ពុជាផងដែរ។
ក្នុងសេចក្ដីប្រកាសនេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលោក Pablo Kang បានលើកឡើងថា៖ «នេះគឺជាសេចក្ដីប្រកាសដ៏សំខាន់មួយដែលពង្រីកការចូលរួមយ៉ាងជ្រៅរួចទៅហើយរបស់អូស្ត្រាលីក្នុងវិស័យសុខាភិបាលនៅកម្ពុជា និងដើរតួដ៏សំខាន់មួយក្នុងកិច្ចប្រឹងប្រែងរបស់កម្ពុជា ដើម្បីធានាការទទួលបានជាសកលនៃថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលអនុញ្ញាតដោយ WHO»៕
វីដេអូ៖