ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បន្ត​ណែនាំ​ដល់​លោកគ្រូ​អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល​សិស្ស​ឱ្យ​ចូលរួម​ជំរុញ និង​លើកទឹកចិត្ត​សិស្សានុសិស្ស​តាម​គ្រប់​រូបភាព​ ដើម្បី​ឱ្យ​ពួកគេ​អាច​បន្ត​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​ជាប់​ជាប្រចាំ​តាមរយៈ​ការចូល​ប្រើប្រាស់ និង​ទាញយក​មេរៀន​ពី​គេហទំព័រ​ និង​បណ្តាញ​សង្គម​ដែល​ក្រសួង​បាន​បង្កើតឡើង​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​នៅ​ថ្ងៃទី​ ២៥ ខែឧសភា ស្ដីពី​ដំណើរការ​សិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​ជា​ជំនួយ​ដល់​សិស្សានុសិស្ស បញ្ជាក់​ថា ដើម្បី​ជា​ជំនួយ​ដល់​ការសិក្សា​របស់​សិស្ស​ក្នុងពេល​ផ្អាក​ការសិក្សា​ជា​បណ្តោះអាសន្ន​នេះ ក្រសួង​បាន​កំណត់​ឱ្យ​គ្រឹះស្ថាន​បឋមសិក្សា​ និង​មធ្យមសិក្សា​សាធារណៈ​ទាំងអស់​អនុវត្ត​មុខវិជ្ជា​កាតព្វកិច្ច​គ្រប់​កម្រិត​ថ្នាក់​តាម​ «​កម្មវិធី​សិក្សា​បង្រួញ​»​។

ក្រសួង​បញ្ជាក់ថា​ «​ក្រៅពីនេះ​ដើម្បី​ធានា​បាន​ថា សិស្សានុសិស្ស​នៅតែ​​អាច​បន្ត​ការសិក្សា​បាន​ក្រសួង​លើក​ទឹកចិត្ត​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​ទាំងអស់​បន្ត​ការសិក្សា​ពី​​ចម្ងាយ និង​តាម​អេឡិចត្រូនិក​ទៅតាម​លទ្ធភាព ជាពិសេស​ការទាញ​យក​នូវ​ធនធាន​អប់រំ​ឌីជីថល​ដែលមាន​ស្រាប់​សម្រាប់​ជា​ជំនួយ​ដល់​ការសិក្សា​»​។

ធនធាន​ឌីជីថល​ដែល​ក្រសួង​អប់រំ​ណែនាំ​ឱ្យ​សិក្សា​នោះ​រួមមាន សៀវភៅ​សិក្សា​គោល​អេឡិចត្រូនិក វីដេអូ​បង្រៀន​គ្រប់​កម្រិត​ភូមិ​សិក្សា និង​សន្លឹក​កិច្ចការ​មេរៀន​នីមួយៗ​ដែល​ក្រសួង និង​ដៃគូ​នានា​បាន​បង្កើតឡើង​។

ក្រសួង​អប់រំ​បាន​បញ្ជាក់ថា សិស្សានុសិស្ស​អាច​សិក្សា​បន្ថែម​ដោយ​ខ្លួនឯង​បាន​គ្រប់​ពេលវេលា និង​នៅ​គ្រប់​ទីកន្លែង​ដែលមាន​លក្ខណៈ​បត់បែន​តាមរយៈ​មធ្យោបាយ​កម្មវិធី​ទូរស័ព្ទដៃ​ឈ្មោះ MoEYS E-Learning ក្នុងនោះ​​មាន​សៀវភៅ​សិក្សា បណ្តុំ​វីដេអូ​មេរៀន ការធ្វើ​តេស្ត​ព្រមទាំង​ព័ត៌មាន​អប់រំ​ដែលមាន​សារៈប្រយោជន៍​ជាច្រើន​ទៀត​។

រីឯ​បណ្ដាញ​ YouTube ​ផ្លូវការ​របស់​ក្រសួង​តាម​តំណ​ភ្ជាប់​ www.youtube.com/moeyscambodia ​ដែល​ក្នុងនោះ​មាន​វីដេអូ​បង្រៀន​ដែល​ក្រសួង​បាន​ផលិត​ទាំងអស់​។ ​ចំណែក​គេហទំព័រ​គ្រូ​របស់​ក្រសួង​អប់រំ​តាម​តំណភ្ជាប់ www.krou.moeys.gov.kh ដែល​ក្នុងនោះ​មាន​កិច្ច​តែង​ការបង្រៀន គំនូរជីវចល​អប់រំ ល្បែង​សិក្សា បទបង្ហាញ សន្លឹក​កិច្ចការ និង​លំហាត់ ជាច្រើន​ដែល​អាច​ទាញ​យក​សម្រាប់​ការបង្រៀន និង​រៀន​។

ក្រៅពីនោះ សិស្សានុសិស្ស​ក៏​អាច​សិក្សា​បន្ថែម​តាម​ទំព័រ​ហ្វេសប៊ុក​គ្រូ​របស់​ក្រសួង​អប់រំ​ www.facebook.cam/krou.moeys.gov.kh​។ ​មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិក​របស់​ក្រសួង​អប់រំ​តាម​តំណ​ភ្ជាប់​ www.elearning.moeys.gov.kh ​ដោយ​គ្រាន់តែ​​ចូលទៅ​ជ្រើសរើស​វគ្គ​សិក្សា​ ឬ​មេរៀន​ដែល​ត្រូវ​សិក្សា​ដោយ​ឥតគិតថ្លៃ​។

ក្រសួង​បញ្ជាក់ថា​៖ «​លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល​សិស្ស​ត្រូវ​ចូលរួម​ជំរុញ និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់ ជាពិសេស​ផ្ដល់​លក្ខខណ្ឌ​អំណោយផល​តាម​គ្រប់រូប​ភាព​ ដើម្បី​អាច​បន្ត​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យ​បាន​ជាប់​ជាប្រចាំ​តាមរយៈ​ការចូល​ប្រើប្រាស់​ និង​ទាញយក​ពី​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ដូច​បានបង្ហាញ​ជូន​ខាង​លើ​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ឱ្យ​ដឹងថា ក្រសួង​អប់រំ​បាន​ប្រជុំ​កំណត់​រួចជាស្រេច​នូវ​យុទ្ធសាស្ត្រ​ត្រៀម​បើក​សាលារៀន​ឡើងវិញ​​ ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​។

លោក​ថ្លែងថា​៖ «​ជារួម​ការបើក​សាលារៀន​ឡើងវិញ​នាពេល​ណាមួយ​ខាងមុខនេះ ផ្តោត​លើ​គោលការណ៍​សុវត្ថិភាព​សុខភាព ស្រប​នឹង​វិធានការ​សុខាភិបាល​ ដើម្បី​លើ​កម្ពស់​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​»​។

លោក សុវាចា បញ្ជាក់ថា ក្រសួង​​អប់រំ​នឹង​ជម្រាបជូន​សាធារណជន​នាពេល​ក្រោយ​ស្តីពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបើក​សាលារៀន​ឡើងវិញ និង​ទិដ្ឋភាព​ពាក់ព័ន្ធ​។ ប៉ុន្តែ​ចំពោះមុខ​នេះ សិស្សានុសិស្ស​នៅ​ទូទាំង ២៥ ​ខេត្ត រាជធានី ត្រូវ​បន្ត​អនុវត្ត​វិធានការ ៣ការពារ ៣កុំ និង​អាច​រៀន​តាម​អនឡាញ​បាន​តាមរយ:​មាតិកា​ឌីជីថល​របស់​ក្រសួង​អប់រំ​។

លោក ប៉ិច បូឡែន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​បាន​ថ្លែងថា មក​​ទល់​ពេលនេះ សាលារៀន​ឯកជន​តាម​ខេត្ត​ភាគច្រើន​ជាពិសេស​សាលា​ភាសា និង​សាលា​អប់រំ​កុមារ​តូច បាន​សម្រេច​ចិត្ត​ផ្អាក​សកម្មភាព​បង្រៀន​ជា​បណ្ដោះអាសន្ន​។

លោក​បន្តថា​៖ «​ការផ្អាក​នេះ ដោយសារ ផលវិបាក​នៃ​ការបង្រៀន​តាម អនឡាញ និង​កង្វះ​ថវិកា​បន្ត​។ ​សាលារៀន​ដែល​អាច​នៅ​កំពុង​ដំណើរការ​បាន​គឺ​នៅ​អាច​ផ្តល់​សេវាកម្ម​អប់រំ​តាម​អនឡាញ​បាន​ ជាពិសេស​សាលារៀន​ដែល​ផ្តល់​សេវា​អប់រំ​ចំណេះ​ទូទៅ​កម្រិត​ឧត្តមសិក្សា និង​សាលារៀន​ដែល​បម្រើ​ក្រុមគ្រួសារ​មាន​កម្រិតជីវភាព​បង្គួរ និង​ខ្ពស់​»​។

លោក បូឡែន ទទួលស្គាល់​ថា ការសិក្សា​តាមរយៈ​អនឡាញ​ក្នុង​ពេល​បិទ​សាលារៀន​នេះ គឺ​មិនអាច​ផ្ដល់​គុណភាព​អប់រំ​គ្រប់គ្រាន់​ល្អ​ដល់​សិស្ស​ដូច​ការរៀន​ផ្ទាល់​នៅក្នុង​ថ្នាក់រៀន​នោះទេ ហើយ​សិស្ស​ដែល​ប្រឈម​នឹង​បញ្ហា​សិក្សា​តាម​អនឡាញ​ខ្លាំង​គឺ​ក្រុមសិស្ស​ជា​កុមារ​តូចៗ​៕