ភ្នំពេញៈ ក្រសួងបរិស្ថានក្រោមការគាំទ្រពីរដ្ឋាភិបាលស៊ុយអែត និងយូអិនឌីភី បានផលិតសៀវភៅអប់រំស្តីពីបរិស្ថានសម្រាប់កុមារ ដើម្បីផ្តល់ការអប់រំអំពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលប្រើបានតែ ១ ដង និងការថែរក្សាបរិស្ថាន សម្រាប់ចូលរួមចំណែកធានានូវនិរន្តរភាពនៃបរិស្ថានទាំងមូល។
លោក នេត្រ ភត្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សៀវភៅនេះគឺជាសៀវភៅដែលផ្តោតសំខាន់លើការងារអប់រំបរិស្ថាន សម្រាប់កុមារតូចដោយផ្តោតទៅលើកុមារនៅថ្នាក់បឋមសិក្សា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងរឿងនិទាន ដែលមានបង្កប់នូវការអប់រំបរិស្ថាន។ សៀវភៅនេះរៀបរៀងដោយនាយកដ្ឋានអប់រំនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន។
លោកបានបញ្ជាក់ថា៖ «សារៈសំខាន់នៃសៀវភៅនេះគឺផ្តល់នូវចំណេះដឹង និងការផ្សារភ្ជាប់នូវចំណេះដឹងបរិស្ថានដល់ប្អូនៗសិស្សានុសិស្សជាកុមារា និងកុមារី ហើយក៏ជាការបណ្តុះស្មារតីឱ្យប្អូនៗកុមារ ស្រឡាញ់បរិស្ថានតាំងតែពីតូចទៅ ដើម្បីកែប្រែឥរិយាបថរបស់គាត់ និងធ្វើម៉េចតម្រង់ទិសឱ្យគាត់ ស្រឡាញ់បរិស្ថាន និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិដែលមាន»។
ការបោះពុម្ពសៀវភៅនេះ គឺមានការសហការជាមួយអង្គការ យូអិនឌីភី ដោយមានការគាំទ្រថវិកាពីស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា ហើយក្រសួងបរិស្ថានបានទទួលសៀវភៅនេះពីយូអិនឌីភី ចំនួន ២ ពាន់ក្បាលរួចហើយដែលនឹងត្រូវធ្វើការបែងចែកទៅតាមសាលានានានៅក្នុងប្រទេសកម្ពុជា។
លោក លោក Nick Beresford តំណាង យូអិនឌីភី ប្រចាំកម្ពុជាមិនបានឆ្លើយតបទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងអំណរគុណ និងស្វាគមន៍កិច្ចសហការវិជ្ជមានគ្រប់រូបភាពដែលចូលរួមលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស និងបុគ្គលិកអប់រំក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការថែរក្សាបរិស្ថាននៅតាមសាលារៀន ដែលចូលរួមចំណែកធានានូវនិរន្តរភាពនៃបរិស្ថានប្រទេសជាតិ។
លោកយល់ឃើញថា បរិស្ថានសាលារៀនល្អ ជះឥទ្ធិពលវិជ្ជមានលើគុណភាពរៀន និងបង្រៀន ហើយក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្រសួងអប់រំ ក៏បានបញ្ចូលខ្លឹមសារពាក់ព័ន្ធនឹងផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក និងការងារបរិស្ថានទូទៅចូលក្នុងកម្មវិធីសិក្សា តាមរយៈខ្លឹមសារពាក់ព័ន្ធចាប់ពីកម្រិតមត្តយ្យសិក្សាផងដែរ។
ក្រសួងអប់រំបាននិងកំពុងបន្តអនុវត្តកម្មវិធីសិក្សាស្តីពីបរិស្ថាន និងលើកទឹកចិត្តសិស្សានុសិស្សគ្រប់កម្រិតឱ្យស្រឡាញ់ និងចូលរួមថែរក្សា ការពារបរិស្ថានសាលារៀន និងសហគមន៍រស់នៅ។
ក្រសួងអប់រំក៏បាននិងកំពុងបន្តរៀបចំចលនាប្រឡងប្រណាំងសាលារៀនស្អាត ដើម្បីលើកកម្ពស់បរិស្ថានសាលារៀនរួមទាំងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ៕