ពោធិ៍សាត់ៈ ក្រសួងបរិស្ថាន​គ្រោង​ដាក់​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ​ចំនួន​ ១០ ​គ្រឿង​ថែមទៀត​ នៅ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុះ​ក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​ សម្រាប់​សម្រួល​ដល់​ការស្រាវជ្រាវ​វត្តមាន​សត្វព្រៃ និង​តាមដាន​សកម្មភាព​ដាក់​អន្ទាក់ និង​បទល្មើស​ព្រៃឈើ​។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែងថា ចាប់​តាំងពី​ដើមឆ្នាំ​ ២០២០ ​មក ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ (Wild Earth Allies) ចុះ​សិក្សា​ស្រាវជ្រាវ​សត្វព្រៃ ដំបូង បាន​ដាក់​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ (Camera-trap) ចំនួន​ ៩ ​គ្រឿង​។

លោក​បញ្ជាក់ថា ក្រសួង​គ្រោង​នឹងដាក់​បន្ថែម​ម៉ាស៊ីនថតរូប​ប្រមាណ​ ១០ ​គ្រឿង​ទៀត​ក្នុង​ឆ្នាំ​ ២០២១ ​នេះ ខណៈ​ម៉ាស៊ីន​ថតរូប​សរុប​ដែល​បម្រើឱ្យ​កិច្ចការ​ស្រាវជ្រាវ​នេះ​មាន​ចន្លោះ​ពី​ ២០ ​ទៅ​ ២៥ ​គ្រឿង​។

លោក​បាន​ថ្លែង​ទៀតថា​៖ «​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ​ទាំងនេះ​មិន​ដាក់​នៅតែ​មួយកន្លែង​ទេ នឹងធ្វើ​ការផ្លាស់ប្តូរ​រៀងរាល់ខែ បន្ទាប់ពី​មាន​ការដាក់​នៅ​កន្លែង​នីមួយៗ ហើយ​ការផ្លាស់ប្តូរ​ទីតាំង​នេះ​យើង​ផ្តោតលើ​រដូវប្រាំង និង​រដូវវស្សា ដើម្បី​យើង​អាច​ដឹង​ពី​វត្តមាន​របស់​សត្វព្រៃ តើ​ទីជម្រក​រដូវប្រាំង​នៅ​កន្លែង​ណា និង​នៅ​រដូវវស្សា​នៅ​កន្លែង​ណា​»​។

បើតាម​លោក​ នេត្រ ភក្ត្រា លទ្ធផល​ដែល​ចាប់បាន​ដោយ​ម៉ាស៊ីន​ថតរូប​ក្នុងពេល​កន្លងមក​បង្ហាញ​ឱ្យ​ឃើញថា ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុះ​មាន​វត្តមាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​។

យ៉ាងណា​លោក​ថា នៅមាន​សត្វ​ជាច្រើន​ទៀត​ដែល​មិនទាន់​ថត​បាន ហេតុនេះ​ម៉ាស៊ីន​ថតរូប​ស្វ័យប្រវត្តិ​នឹងដាក់​បន្ថែមទៀត​នៅពេល​ឆាប់ៗ​ខាងមុខ​។

លោក ភក្ត្រា ថ្លែងថា​៖ «​យើង​ពិនិត្យមើល​នៅក្នុង​កាមេរ៉ា​ស្វ័យប្រវត្តិ​ក្នុងពេល​កន្លងទៅ គឺ​យើង​ថត​បាន​សត្វ​ដំរីព្រៃ សត្វ​ខ្ទីង ឈ្លូស ស្វាព្រាហ្មណ៍ ស្វា​ត្រោស ឆ្កែព្រៃ ខ្លាឃ្មុំ​ធំ ស្ការធំ ក្ងោក កុក​ពាក់​អំបោះ និង​ប្រភេទ​សត្វព្រៃ​មួយចំនួនទៀត​»​។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​រូបនេះ​បញ្ជាក់​ថា ការដាក់​ម៉ាស៊ីនថតរូប​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​សំកុះ​នេះ​គោលបំណង​ដើម្បី​ដឹងថា បច្ចុប្បន្ន​នៅមាន​វត្តមាន​សត្វព្រៃ​ប្រភេទ​ណាខ្លះ​។ ជាមួយ​គ្នា​នោះ​ក៏​ដើម្បី​តាមដាន​មើល​សកម្មភាព​របស់​មនុស្ស និង​បទល្មើស​ផ្សេងៗ​នៅក្នុង​តំបន់​នោះ​ផងដែរ​។

អ្នកនាំពាក្យ​រូបនេះ​ថ្លែងថា​៖ «​យើង​ចង់ដឹងថា តើ​ទីតាំង​កន្លែង​តំបន់​ហ្នឹង​មាន​មនុស្ស​ចូល​ច្រើន​ឬទេ ហើយ​មាន​សកម្មភាព​អ្វីខ្លះ ដើម្បី​យើង​អាច​ផ្តល់​របាយការណ៍​ទៅដល់​ក្រុម​ចុះ​ល្បាត​ឱ្យ​ពួកគាត់​ងាយស្រួល​ចុះល្បាត​។ ការទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​វត្តមាន​មនុស្ស សត្វ អី​ផ្សេងៗ​នៅ​តំបន់​ហ្នឹង ដើម្បី​យើង​អាច​ក្តាប់បាន​ក្នុង​កិច្ចការងារ​អភិរក្ស​»​។

បើតាម​លោក​ ភក្ត្រា ទិន្នន័យ​ពី​ការសិក្សា​ស្រាវជ្រាវ​នេះ​នឹង​យកទៅ​ប្រើប្រាស់​សម្រាប់​ជា​ផ្នែក​មួយ​ក្នុង​ការកំណត់​តំបន់​គ្រប់គ្រង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុះ ជាពិសេស​ការកំណត់​តំបន់​ស្នូល និង​តំបន់​អភិរក្ស​ដែល​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​មាន​ការចេញចូល​បាន​ឡើយ​។

លោក​ថា​៖ «​អ៊ីចឹង​តំបន់​ដែល​មាន​សត្វព្រៃ​ច្រើន គឺ​យើង​នឹង​ចាត់​ថា​ជា​តំបន់​ស្នូល និង​តំបន់​អភិរក្ស ដែល​តំបន់​ទាំងអស់នោះ​គឺ​មិន​អាច​មាន​ការអនុញ្ញាត​ឱ្យចូល​បាន​ទេ​ព្រោះ​វា​ជា​ទីជម្រក​របស់​សត្វព្រៃ​។ បន្ទាប់ពី​ចាប់បាន​វត្តមាន​សត្វ យើង​នឹង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ បង្ហាញ​ភ័ស្តុតាង​ដល់​ពួកគាត់ ថា​ពួកគាត់​នឹង​មិនអាច​ចូល​បាន ឬ​កំណត់​តំបន់​ហ្នឹង​ទៅជា​តំបន់​សហគមន៍​បានទេ​»៕