ភ្នំពេញ៖ ក្រសួងបរិស្ថាន​បានជ្រើសរើស​យក​ថ្ងៃទី ១០ ខែឧសភា ដើម្បី​ប្រារព្ធ​ទិវា​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ពិភពលោក ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​អប់រំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​អំពី​ការអភិរក្ស​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ និង​ទីជម្រក​របស់​ពួកវា។

ទិវា​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ពិភពលោក​ឆ្នាំ ២០២១ ធ្វើឡើង​ក្រោម​ប្រធានបទ​ច្រៀង​ហោះហើរ​ និង​សំកាំង ដូច​សត្វ​ស្លាប!។

សត្វស្លាប​ទេសន្តរប្រវេសន៍ គឺជា​ប្រភេទ​សត្វស្លាប​ដែល​ធ្វើការ​ផ្លាស់ទី​ជា​រៀងរាល់​ឆ្នាំ​ទៅ​តាមផ្លូវ​ហោះហើរ​របស់​ពួកវា​ពីរដង​ក្នុង​មួយឆ្នាំ ពី​តំបន់​ពង​កូន​ទៅ​តំបន់​សំចត​ ឬ​តំបន់​ស្វែងរក​ចំណី​ដែល​ឆ្លងកាត់​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក។

ក្រសួង​បរិស្ថាន​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃទី ៩ ខែឧសភា​ថា៖ «ដូចនេះ​ការងារ​អភិរក្ស​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​ និង​សហការ​ពី​បណ្តា​ប្រទេស​នានា​ដែល​ស្ថិតនៅ​ផ្លូវ​ហោះហើរ​របស់​ពួកវា»។

ផ្លូវ​ហោះហើរ​សត្វ​ស្លាប​គឺជា​ពាក្យ​ដែល​ប្រើ​សម្រាប់​បង្ហាញ​ពី​តំបន់​ភូមិសាស្ត្រ​មួយ​ដែល​សត្វ​ស្លាប​ជាច្រើន​ធ្វើការ​ផ្លាស់​ទី​ពី​ជម្រក​ពង​កូន​ទីសំចត​ និង​ទីតាំង​ស្វែងរក​ចំណី​ក្នុង​រដូវកាល​ជាក់លាក់​មួយ​ជាប្រចាំ​ឆ្នាំ។

បច្ចុប្បន្ន​នៅលើ​ពិភពលោក​មាន​ផ្លូវ​ហោះហើរ​សត្វសា្លប​ចំនួន ៩ ហើយ​ប្រទេស​កម្ពុជា​មាន​ទីតាំង​ស្ថិតនៅក្នុង​ផ្លូវ​ហោះហើរ​សត្វស្លាប​អាស៊ី​ខាងកើត-អូស្ត្រាលី និង​បាន​ចូល​ជា​សមាជិក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ភាពជា​ដៃគូ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត-អូស្ត្រាលី ចាប់តាំងពី​ឆ្នាំ ២០០៧ ដោយមាន​ក្រសួង​បរិស្ថាន​ជា​សេនាធិការ។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា៖ «ក្នុងនាម​ជា​ប្រទេស​សមាជិក កម្ពុជា​បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការសិក្សា​ស្រាវជ្រាវ​អប់រំ​ផ្សព្វផ្សាយ​ និង​អភិរក្ស​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ និង​ទីជម្រក​របស់​ពួកវា។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៩ តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង​ត្រូវ​បាន​ទទួលស្គាល់​ជា​តំបន់​នៃ​បណ្តាញ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត-អូស្ត្រាលី​ដោយ​លេខាធិការដ្ឋាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ភាព​ជា​ដៃគូ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត-អូស្ត្រាលី»។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៩ ខែឧសភា​ថា កម្ពុជា​មាន​សត្វ​ស្លាប​ប្រមាណ​ជាង ៥០០ ប្រភេទ។

ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​ដូចជា​អង្គការ​ Birdlife International អង្គការ​ WCS ឬ​អង្គការ​ WWF ដែលមាន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ការពារ និង​អភិរក្ស​សត្វ​ស្លាប។

លោក​ថ្លែងថា៖ «នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ហ្នឹង​គឺ​យើង​រៀបចំ​ជំរឿន​ជាប្រចាំ​ឆ្នាំ​នូវ​ប្រភេទ​សត្វ​ត្មាត ជា​ប្រភេទ​សត្វ​ដែល​កម្រ។ នៅ​ស្រុក​ខ្មែរ​យើង​នេះ​គឺ​នៅសល់តែ​ប្រមាណ ១០០ ក្បាល​ទេ​កាល​ដែល​យើង​ធ្វើ​ជំរឿន​កាលពី​ឆ្នាំ ២០២០ កន្លង​ទៅ។ ក្រៅពីនោះ​ក៏មាន​សត្វ​ប្រយ៉ង​ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ ហើយ​មានតែ​នៅ​ស្រុក​ខ្មែរ​ទេ ៩៩ ភាគរយ​ គឺ​នៅ​កម្ពុជា​យើង​មាន​ប្រមាណ​ជិត ៤០០ ក្បាល»។

លោក ភក្ត្រា ថ្លែងថា​ក្រសួងបរិស្ថាន​ និង​អង្គការ​ដៃគូ​ធ្វើការ​ការពារ​សម្បុក​ពងកូន ជាពិសេស​ប្រភេទ​សត្វ​ស្លាប​ដែល​អភិរក្ស​ខ្លាំង​គឺ​នៅ​តំបន់​បឹង​ទន្លេសាប​ដែល​ជា​តំបន់​សម្បូរ​ទៅដោយ​សត្វ​ស្លាប​ ដោយសារ​តែ​វា​ជា​តំបន់​ព្រៃ​លិច​ទឹក​ហើយ​សម្បូរ​ត្រី។ ក្រៅពីនេះ​ក្រសួងបរិស្ថាន​ក៏​រៀបចំ​ផែនការ​អភិរក្ស​នៅ​តំបន់​ថ្មីៗ​មួយ​ចំនួន​ហើយ​កន្លងទៅនេះ​តំបន់​មួយចំនួន​ចាប់ផ្តើម​មាន​កំណើន​សត្វ​ស្លាប។

លោក​ថ្លែងថា៖ «ការអភិរក្ស​ប្រភេទ​សត្វ​មិនមែន​តែ​សម្រាប់​ការពារ​នូវ​ប្រភេទ​ជីវៈចម្រុះ​នោះទេ ក៏ប៉ុន្តែ​ក៏​ជា​ការជំរុញ​មួយទៀត​ទៅលើ​ការអភិវឌ្ឍ​ផ្នែក​ទេសចរណ៍​ធម្មជាតិ​ ដើម្បី​រក​ចំណូល​ជូន​ដល់​ប្រជាពលរដ្ឋ​ដែរ»៕