ភ្នំពេញៈ មន្ត្រី​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​ទី​ ១៩ ខែមករា បាន​ចុះ​ចែក​ពូជ​សត្វ​​ចិញ្ចឹម​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​តំបន់​ការពារធម្មជាតិ​កោះ​ឥន្ទ​ជ័យ​ចំនួន​ ៦២ ​គ្រួសារ​ក្នុង​ដែនជម្រក​សត្វព្រៃ​សំបូរ ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ ដើម្បី​ឲ្យ​ពួកគាត់​កែលម្អ​ជីវភាព​រស់នៅ និង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​មាន​និរន្តរភាព​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការចែក​ពូជ​សត្វ​នេះ​គឺជា​គោលនយោបាយ​របស់​ក្រសួងបរិស្ថាន​ដែល​លើកតម្កើង​​ជីវភាព​របស់​ពលរដ្ឋ និង​បង្កើត​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ក្នុង​គោលដៅ​​ចូលរួម​ការពារ​បរិស្ថាន ជាពិសេស​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​។

មុខរបរ​របស់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ការពារធម្មជាតិ​ភាគច្រើន​គឺ​ពឹងផ្អែក​​ទៅលើ​ព្រៃឈើ ការរក​អនុផល​ព្រៃឈើ និង​ការ​បរបាញ់​សត្វ​។

លោក​បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​ពួកគាត់​​រស់នៅ​ក្នុង​តំបន់​ការពារធម្មជាតិ​នេះ​​ដែល​យើង​ចាំបាច់​ត្រូវការ​កាត់ផ្តាច់​នូវ​​មុខរបរ​របស់គាត់​ពី​ការ​ពឹងពាក់​ទៅលើ​ធនធាន​ធម្មជាតិ សត្វព្រៃ មក​ជា​ការចិញ្ចឹមសត្វ ពឹងពាក់​ទៅលើ​មុខរបរ​ផ្សេង ការបង្កើត​មុខរបរ​ឱ្យ​គាត់​។ អ៊ីចឹង​ជា​ជំហាន​ដំបូង​គឺ​យើង​ពង្រឹង​ជីវភាព​របស់ ពួកគាត់​តាមរយៈ​ការផ្តល់​ពូជ​សត្វ ដំណាំ​ដាំ​ផ្លែឈើ​ផ្សេងៗ​ដែល​ផ្គត់ផ្គង់​ទៅ​លើ​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់គាត់​។ ឥឡូវ​នេះ​សម្រាប់​ពួកគាត់​គឺ​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​អនុផល​ព្រៃឈើ បរបាញ់​សត្វព្រៃ ពីព្រោះ​​គាត់​មាន​សត្វ​ចិញ្ចឹម​នៅក្នុង​ស្រុក​​ដើម្បី​បម្រើការ​ប្រើប្រាស់ ហើយ​និង​ការលក់​រក​ចំណូល​ដើម្បី​គ្រួសារ​របស់​ពួកគាត់​»​។

បើតាម​លោក នេត្រ ភក្ត្រា ក្រសួង​បរិស្ថាន​មាន​ស្ថានីយ​​បន្សុទ្ធ​ពូជ​សត្វ ហើយ​ជ្រូក​ដែល​ផ្តល់ឱ្យ​ពលរដ្ឋ​ចិញ្ចឹម​នេះ​គឺជា​​ជ្រូក​ប្រភេទ​ជនជាតិ​ ឬ​ជ្រូក​ឦសាន ដែល​ខុសពី​ជ្រូក​ចិញ្ចឹម​ធម្មតា ព្រោះ​ជា​ប្រភេទ​ជ្រូក​តូចៗ​ដែល​ហៅថា​ «​ជ្រូក​កណ្តុរកន្លាត​»​។ ប៉ុន្តែ​វា​មាន​រសជាតិ​ឆ្ងាញ់​។

សកម្មភាព​ចែក​ពូជ​សត្វ​ចិញ្ចឹម​ដល់​ប្រជាសហគមន៍​ក្នុង​ខេត្តក្រចេះ​ថ្មីៗ​នេះ​។ រូបថត ក្រសួងបរិស្ថាន

លោក នេត្រ ភក្ត្រា បញ្ជាក់​​បន្ថែមថា​៖ «​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​ (​ក្រសួង​បរិស្ថាន​) គាត់​ផ្តល់​នូវ​ពូជ​សត្វ បង្ហាត់បង្រៀន ក៏ដូចជា ផ្តល់​​នូវ​វិធីសាស្ត្រ​បច្ចេកទេស​ផ្សេងៗ​​ហើយ​ជាមួយ​គ្នា​នេះ​គាត់​ខិតខំ​ប្រឹងប្រែង​នៅក្នុង​ការភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាសហគមន៍​ជាមួយ​នឹង​ទីផ្សារ​។ ​ទីផ្សារ​ហ្នឹង​គឺ​អាច​មាន​ភោជនីយដ្ឋាន​មួយចំនួន​ដែល​គាត់​អាច​ទិញយក​ទៅប្រើប្រាស់​សម្រាប់​ចម្អិនម្ហូប​លក់​ឱ្យ​ភ្ញៀវ​។ ពួកគាត់​ក៏មាន​​លទ្ធផល​លក់​ជ្រូក​ហ្នឹង​ចេញមក​​ក្រៅ​ដែរ​។ អាហ្នឹង​មួយ​ ១០០ ​ដុល្លារ​ជិត​ ២០០ ​ដុល្លារ​អី​ដែរ​​តើ​!​។ មួយ​ ១០ ​គីឡូ​ជាង​ ២០ ​គីឡូ​អីហ្នឹង​។ អាហ្នឹង​ឆ្ងាញ់​! សាច់ជ្រូក​ឆ្ងាញ់​!»​។

លោក ម៉ឺន មករា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​ក្រសួងបរិស្ថាន​ត្រូវ​បាន​ដកស្រង់​សម្ដី​មក​ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​ ១៩ ​មករា ថា​មាន​ពលរដ្ឋ​ចំនួន​ ២៣ ​គ្រួសារ​​ក្នុង​សហគមន៍​ទទួល​បាន​គោញី​ ១ ​ក្បាល​ក្នុង​ ១ ​គ្រួសារ​។ រីឯ​​ពលរដ្ឋ​ ២០ ​គ្រួសារ​ទទួល​បាន​មាន់ពូជ​ចំនួន​ ១៥ ​គីឡូក្រាម​ ​និង​ស្បៃ​បៃតង​ ១ ​ដុំ​ក្នុង​ ១ ​គ្រួសារ ខណៈ​ ១៩ ​គ្រួសារ​ផ្សេងទៀត​​ទទួល​បាន​កូនជ្រូក​ពូជ​ចំនួន​ ៣ ​ក្បាល​ក្នុង​ ១ ​គ្រួសារ​។

តាម​សម្រង់​សម្ដី​ក្នុង​ហ្វេសប៊ុក​លោក ម៉ឺន មករា បាន​បញ្ជាក់​ថា​៖ «​ប្រជាពលរដ្ឋ​មាន​កាតព្វកិច្ច​បន្ត​ចែករំលែក​កូន​គោ​កូនជ្រូក និង​មាន់​ទៅ​សមាជិក​សហគមន៍​ដទៃទៀត នៅពេល​សត្វ​​ដែល​ពួកគាត់​ទទួល​បាន​នៅពេល​នេះ​ផ្តល់​ផល​បន្តបន្ទាប់​»​។

ក៏​ប៉ុន្តែ​លោក ស ម៉ូរី សហស្ថាបនិក​បណ្តាញ​យុវជន​កម្ពុជា​​ដែល​ធ្វើការ​ជាមួយ​សហគមន៍​ និង​យុវជន​នៅ​តំបន់​ព្រៃឡង់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការផ្តល់​សត្វ​ចិញ្ចឹម​ទៅ​ដល់​សហគមន៍​នៅ​តំបន់​ការពារ​ធម្មជាតិ​នេះ​មាន​ប្រសិទ្ធភាព​តិចតួច​ក្នុង​ការចូលរួម​កាត់បន្ថយ​ការកាប់​ព្រៃឈើ​តាមរយៈ​ការជួយ​លើកស្ទួយ​ជីវភាព​ពួកគាត់​។

លោក​បាន​បន្តថា បញ្ហា​នេះ​​ដោយសារ​ការអនុវត្ត​ច្បាប់​នៅមាន​កម្រិត​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ខ្លះ​សម្រេចចិត្ត​ទៅ​កាប់​ឈើ​ច្រើនជាង ព្រោះ​ចំណូល​​បាន​ពី​ការលក់​ឈើ​ខ្ពស់ជាង​​ចំណូល​ពី​ការចិញ្ចឹម​ជ្រូក​ ១ ក្បាល​ ឬ​ ២ ​ក្បាល​ ឬ​ពី​ការដាំ​បន្លែ​បន្តិចបន្តួច​។

លោក ស ម៉ូរី បាន​បញ្ជាក់ថា​៖ «​មធ្យោបាយ​ដែល​អាច​ការពារ​ព្រៃឈើ​បានឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្រៅពី​ការផ្តល់​គម្រោង​​សត្វ​ចិញ្ចឹម ក្រសួងបរិស្ថាន ជាពិសេស​មន្ត្រី​ឧទ្យានុរក្ស និង​អាជ្ញាធរ​ដែនដី ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ច​គាំពារ​ធនធាន​ធម្មជាតិ ច្បាប់​ព្រៃឈើ ច្បាប់​ដីធ្លី​ហ្នឹង​ឱ្យ​មាន​ប្រសិទ្ធភាព​។ ប្រសិន​បើ​នៅតែ​មាន​ភាពមិនប្រក្រតី​នៃ​ការអនុវត្ត​ច្បាប់​អ៊ីចឹង ខ្ញុំ​គិតថា ទោះបី​ជា​ផ្តល់​គម្រោង​ចិញ្ចឹមសត្វ​លើកស្ទួយ​ជីវភាព​សហគមន៍​ប៉ុនណា ក៏​មិន​អាច​ការពារ​ព្រៃ​បានល្អ​ដែរ​»​។

បើ​តាម​លោក ស ម៉ូរី ដើម្បី​ឱ្យ​ពលរដ្ឋ​ឈប់​កាប់​ឈើ​លុះត្រា​តែ​ពួកគាត់​ត្រូវ​បាន​ផ្តល់នូវ​មធ្យោបាយ​ផ្សេង​ដើម្បី​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​។ ​លោក​ថា​​តាមរយៈ​បទពិសោធ​ដែល​លោក​ធ្វើការ​កន្លងមក ដោយសារ​ការអនុវត្ត​ច្បាប់​មាន​ភាពធូររលុង​គម្រោង​លើកស្ទួយ​​ជីវភាព​នេះ​មិន​ទទួលបាន​ជោគជ័យ​ទេ​។

បើ​តាម​ក្រសួង​បរិស្ថាន បច្ចុប្បន្ន​​មាន​តំបន់​ការពារ​ធម្មជាតិ​ជាង​ ៦០ ​កន្លែង​ ដែល​មាន​ផ្ទៃដី​សរុប​ប្រមាណ ៧,៥ ​លាន​ហិកតា ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ក្នុង​នោះ​មាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ១៦៨ ​នៅ​ទូទាំង​ប្រទេស​ដែល​​គ្របដណ្តប់​នៅលើ​ផ្ទៃដី​ព្រៃ​​សរុប​ចំនួន​ ២៨៥ ៦០៩ ​ហិកតា​។

រីឯ​ការផ្ដល់​ពូជ​សត្វ​ចិញ្ចឹម​នេះ​ដល់​សហគមន៍​នេះ​បាន​ធ្វើ​ ៣ ​លើក​មកហើយ ដែល​លើក​​ទី​ ១ ​ក្នុង​ឆ្នាំ​ ២០១៧ មាន​ ១០ ​សហគមន៍​ លើក​ទី​ ២ ​ក្នុង​ឆ្នាំ​ ២០១៨ មាន​ ១០ ​សហគមន៍ និង​នៅ​ឆ្នាំ​នេះ​មាន​ ៥ ​សហគមន៍​ បាន​ទទួល​ទាំង​ពូជ​សត្វ សម្ភារ និង​បច្ចេកទេស​ចិញ្ចឹម​៕