ភ្នំពេញ: ក្រសួងបរិស្ថាន​បាន​ជំរុញ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត អនុវត្ត​សារាចរ​របស់​រាជរដ្ឋាភិបាល​ស្ដីពី​វិធាន​ទប់ស្កាត់​ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ​ដែល​ចេញពី​រោងចក្រ​ឧស្សាហកម្ម យានយន្ត ការដុត​កាក​សំណល់ និង​ភ្លើង​ឆេះ​ព្រៃ​ដែល​អាចជា​ហានិភ័យ​បង្ក​ការប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ និង​បរិស្ថាន​។

«​ជា​រៀងរាល់​ឆ្នាំ​នៅពេល​ចាប់ផ្ដើម​ឈាន​ចូលដល់​រដូវប្រាំង ជាពិសេស​ក្នុងអំឡុង​ខែធ្នូ​ដល់​ខែមេសា ស្ថានភាព​គុណភាព​ខ្យល់​មាន​ការធ្លាក់ចុះ​គួរឱ្យ​បារម្ភ ជាពិសេស​កំណើន​កំហាប់​ភាគល្អិត​និចល​អណ្ដែត​ក្នុង​ខ្យល់​ (PM10 និង​PM2.5) ​មាន​កម្រិត​លើស​ស្ដង់ដា​កំណត់​ដែល​អាច​ជា​ហានិភ័យ​បង្ក​ការប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន​»​។ យោងតាម​លិខិត​ក្រសួង​បរិស្ថាន​ស្នើ​ទៅ​អភិបាល​នៃ​គណៈអភិបាល​រាជធានី-ខេត្ត​កាលពី​ថ្ងៃទី​ ៨ ខែធ្នូ​ ដែល​ ភ្នំពេញ ​ប៉ុស្ដិ៍ ​ទទួល​បាន​។

ក្រសួង​បរិស្ថាន​បាន​អង្កេត​ប្រភព និង​សកម្មភាព​សំខាន់ៗ​ដែលជា​ហេតុ​បង្កឱ្យ​មាន​កំណើន​កំហាប់​ភាគល្អិត​និចល​នេះ​មាន​ជាអាទិ៍ ការបញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម​ពី​យានយន្ត​ប្រើប្រាស់​ម៉ាស៊ូត​ចេញពី​ចំហេះ​ឥន្ធនៈ​ផ្សេងៗ ជាពិសេស​ករណី​ភ្លើង​ឆេះ​ព្រៃ ការដុត​សំណល់​កសិកម្ម ការដុត​វាលស្មៅ ការដុត​រាន​ព្រៃ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំណល់​រឹង​សំរាម​នៅ​ទី​លម្ហ និង​ទីលាន​ចាក់​សំណល់ និង​ការហុយ​ធូលី​ពី​ការដ្ឋាន​សំណង់​ជាដើម​។

ក្រសួង​បរិស្ថាន​ក៏បាន​អំពាវនាវ​ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត ឱ្យជួយ​ជំរុញ​ការផ្សព្វផ្សាយ​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ​ពី​វិធានការ​មួយ​ចំនួន​ក្នុង​ការទប់ស្កាត់​បញ្ហា​ភ្លើង​ឆេះ​ព្រៃ ការដុត​សំណល់​សំរាម សំណល់​រឹង​នៅ​តាម​ទីលម្ហ ការដុត​សម្អាត​សំណល់​ការដ្ឋាន​សំណង់ និង​ការឆេះ​តាម​ទីលាន​ចាក់​សំរាម​។ ចាត់វិធានការ​ទប់ស្កាត់​ការហុយធូលី​ពី​ការដ្ឋាន​សំណល់ ការកែលម្អ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការហុយធូលី​ពី​ដងផ្លូវ និង​ទីសាធារណៈ​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា​៖ «​អប់រំ​ប្រជាពលរដ្ឋ​កុំឱ្យ​ដុត​សំរាម សំណល់​រឹង ដុត​វាលស្មៅ ដុត​គល់​ជញ្ជ្រាំង និង​ការដុត​សំណល់​កសិកម្ម​ផ្សេងៗ​ទៀត​។ ធ្វើការ​សម្អាត​អនាម័យ​នៅតាម​ដងផ្លូវ និង​តាម​ទីធ្លា​សាធារណៈ​ឱ្យ​បាន​ជាប់​ជាប្រចាំ និង​ត្រៀម​មធ្យោបាយ​បង្ការ​ទប់ស្កាត់​ជាមុន​ក្នុងករណី​ភ្លើង​ចេះ​ព្រៃ​ជាយថាហេតុ​»​។

លោក ហេង យ៉ុនគូរ៉ា នាយក​ប្រតិបត្តិ​អង្គការ​កែច្នៃ និង​អនាម័យ​សហគមន៍​ (CSARO) ​បាន​ឱ្យដឹងថា ការដុត​ព្រៃ ការដុត​សំណល់​នានា និង​ការដុត​សំណល់​រឹង សំរាម​នៅ​ទីលម្ហ ឬ​ទីលាន​ចាក់​សំណល់​ពិតជា​បាន​បង្កបញ្ហា​ច្រើន​ដល់​បរិយាកាស ជាពិសេស​ការបំពុល​ខ្យល់​។ ដូច្នេះ​បញ្ហា​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​កាត់​បន្ថយ ឬ​ទប់ស្កាត់​ពី​គ្រប់​និន្នាការ​ទាំងអស់​។ មន្ត្រី​ជំនាញ​ត្រូវតែ​ដើរតួ​ជា​គំរូ​បង្ហាញ​ពី​សកម្មភាព​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​៕