ភ្នំពេញ: ក្រសួងបរិស្ថាន​បាននិង​កំពុង​រៀបចំ​ការបង្កើត​ទីស្នាក់ការ​រួមមួយ​នៅ​តំបន់​មុំ​ ៣ (​កំពង់ធំ ស្ទឹងត្រែង ក្រចេះ​) ​ក្នុង​ដែនជម្រក​សត្វព្រៃ ព្រៃឡង់​សម្រាប់​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំការ​រួម​គ្នា ដើម្បី​ត្រួតពិនិត្យ និង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ជាពិសេស​ទប់ស្កាត់​មិន​ឲ្យ​មាន​ការទន្ទ្រាន​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ការបង្កើត​ទីស្នាក់ការ​ថ្មី​មួយ​នេះ ដើម្បី​ត្រួតពិនិត្យ និង​ការពារ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ជាពិសេស​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ដែល​បាន​ពី​ការឈូសឆាយ​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដែល​ឆ្លងកាត់ ឬ​ជាប់​តំបន់​ព្រៃឡង់​។ លើស​ពី​នេះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​អ្នក​ប៉ះពាល់​ដែនជម្រក​សត្វព្រៃ​​ព្រៃឡង់ និង​បង្ការ​ការលួច​ដកហូត​ផល​ព្រៃឈើ​ណាមួយ​ពី​តំបន់​ព្រៃឡង់​។

លោក​បន្តថា ការបង្កើត​ប៉ុស្តិ៍​ថ្មី​នេះ​គឺជា​យន្តការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​អាច​ផ្ទុក​មន្ត្រី​ឧទ្យានុរក្ស​ជិត ១០០ ​នាក់​។

ជាមួយ​គ្នា​នេះ​ក្រសួង​បរិស្ថាន​ក៏បាន​ពិភាក្សា​ជាមួយ​គម្រោង​ព្រៃឡង់​បៃតង​របស់​អង្គការ USAID ក្នុង​ការកសាង​ស្នាក់ការ​មន្ត្រី​ឧទ្យានុរក្ស​នៅ​តំបន់​​មុំ​ ៣ ​នៃ​ខេត្តកំពង់ធំ ស្ទឹងត្រែង និង​ក្រចេះ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​លើសពីនេះ​ទៀត យើង​គ្រោង​នឹង​បង្កើត​ស្នាក់ការ​មុំ​ ៣ ​ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ​មួយ​បន្ថែមទៀត ប៉ុន្ដែ​មិនទាន់​ច្បាស់លាស់​ទេ​។ ហើយ​ស្នាក់ការ​ទាំងនេះ​នឹង​បម្រើ​ការងារ​ស្នាក់នៅ​របស់​មន្ត្រី​ឧទ្យានុរក្ស​ផង និង​បម្រើ​ឲ្យ​ការបង្ក្រាប​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ផង​»​។

លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​ ៧ ខែ​ឧសភា​នេះ​បាន​ដឹកនាំ​ក្រុមការងារ​ក្រសួងបរិស្ថាន​ចុះ​ពិនិត្យ​ទីតាំង​ជុំវិញ​ព្រៃឡង់​ក្នុង​ភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​ព្រះវិហារ ដើម្បី​ស្វែងរក​ទីតាំង​សមស្រប​សម្រាប់​សាងសង់​ស្នាក់ការ​រួម​មួយ​ក្នុងការ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ «​ព្រៃឡង់​»​។

គេហទំព័រ​ក្រសួង​ព័ត៌មាន​បាន​ដកស្រង់​សម្ដី​លោក សៅ សុភាព កាលពី​ថ្ងៃទី​​​ ៧ ខែឧសភា ​ថា ស្នាក់ការ​នេះ​នឹង​ប្រើប្រាស់​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​ធនធាន​បច្ចេកទេស ការអនុវត្ត​ច្បាប់ ការគ្រប់គ្រង​កម្លាំង​ការពារ ល្បាត ប្រចាំការ និង​អន្តរាគមន៍​លើ​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​អាច​កើតឡើង​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នេះ ហើយ​ដែល​អាច​ផ្តល់​លទ្ធភាព​ឲ្យ​មាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន និង​ដៃគូ​សហការ​ផ្សេងទៀត​។

លោក សុង ច័ន្ទសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​ទាន់​បានដឹង​ពី​គម្រោង​បង្កើត​ទីស្នាក់ការ​នៅ​តំបន់​មុំ​ ៣ ​នៃ​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ទេ ដោយសារ​ថ្នាក់លើ​មិនទាន់​បាន​ផ្ដល់ដំណឹង​មក​ខេត្ត​ព្រះវិហារ​នៅ​ឡើយ​។

លោក​ថា​៖ «​ខ្ញុំ​អត់​ទាន់​ដឹងផង ប្រហែល​ក្រសួង​មិនទាន់​ជូនដំណឹង​មក​ខេត្តព្រះវិហារ​»​។

លោក តុប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ចុះ​ពិនិត្យ​ទីតាំង​បង្កើត​ទីស្នាក់ការ​ថ្មី​នេះ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​ហើយ ដោយ​ក្រុមការងារ​បានកំណត់​យក​តំបន់​អូរងាវ​ដែលជា​ចំណុចប្រសព្វ ឬ​តំបន់​មុំ​ ៣ ​នៃ​ខេត្តព្រះវិហារ ខេត្តក្រចេះ និង​កំពង់ធំ​។ ស្នាក់ការ​ថ្មី​នេះ ដើម្បី​ត្រួតពិនិត្យ​ការនាំចេញ​-​ចូល​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅក្បែរៗ​តំបន់​ព្រៃឡង់​។

លោក​បញ្ជាក់ថា​៖ «​ទីស្នាក់ការ​នេះ គឺ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​ទទួល​សិទ្ធិ​ចូលរួម​ការពារ​តំបន់​ព្រៃឡង់​អាចមក​ស្នាក់អាស្រ័យ​បាន ដើម្បី​ចូលរួម​ការងារ​ជាមួយ​មន្ត្រី​ជំនាញ​។ យើង​ត្រូវតែ​រឹតបន្ដឹង​ច្បាប់​បន្ថែមទៀត ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ព្រៃឡង់​នេះ​»​។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួងបរិស្ថាន មន្ត្រី​ឧទ្យានុរក្ស និង​សហគមន៍​នៃ​តំបន់​ការពារ​ធម្មជាតិ​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រៃឡង់​ឲ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។

លោក​បន្តថា ទោះបីជា​មាន​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​ទាំងយប់​ទាំង​ថ្ងៃ​ពី​សំណាក់​មន្ត្រី​ឧទ្យានុរក្ស និង​សមាជិក​នៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ក៏​បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​តូច​ដូចជា ការលបលួច​កាប់​ឈើ ការទន្ទ្រាន​រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ ការបរបាញ់ និង​ការដាក់​អន្ទាក់​សត្វព្រៃ នៅតែ​បន្ដ​កើតមាន​នៅក្នុង​តំបន់​ព្រៃឡង់​ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បន្តទៀត​។

លោក​បញ្ជាក់ថា​៖ «​មាន​កត្តា​ផ្សេងៗ​ដែល​ជំរុញ​ឲ្យ​មាន​បទល្មើស​ទាំងនេះ​ក្នុងនោះ​រួមមាន កត្ដា​ជីវភាព​របស់​ប្រជាសហគមន៍​ដែល​ធ្លាប់តែ​ពឹង​អាស្រ័យ​ទៅលើ​ផល អនុផល​ព្រៃឈើ និង​ការទាក់ទាញ និង​ញុះញង់​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំនួន​មន្ដ្រី​ឧទ្យានុរក្ស​ដែល​បាន​ឈរជើង​នៅក្នុង​តំបន់​នោះ​នៅមាន​កម្រិត​នៅឡើយ​។ តែ​យើង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​បទល្មើស​ដែល​កើតឡើង​ស្របតាម​ច្បាប់​នានា​»​។ របាយការណ៍​ក្រសួងបរិស្ថាន​ឲ្យ​ដឹងថា ដែនជម្រក​សត្វព្រៃ « ព្រៃឡង់​» ​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​ ៤ គឺ​ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដែល​មាន​ផ្ទៃដី​សរុប​ជាង ៤៣១ ៦៨៣ ​ហិកតា​៕