ភ្នំពេញៈ ក្រសួងបរិស្ថានបានបំពាក់ម៉ាស៊ីនតាមដានគុណភាពខ្យល់ចំនួន ៤៩ កន្លែងនៅទូទាំង ២៥ រាជធានី-ខេត្ដ ដើម្បីតាមដាន និងពិនិត្យគុណភាពខ្យល់ ខណៈកាលពីខែមករាដើមឆ្នាំនេះកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងហួសកម្រិត។ ប៉ុន្ដែស្ថានភាពខ្យល់បានត្រលប់មករកស្ថានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីក្រសួងបានដាក់ចេញនូវវិធានការមួយចំនួន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងប្រាប់ដល់អ្នកសារព័ត៌មានក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ នៅទីស្តីការក្រសួងកាលពីថ្ងៃទី ៣ វិច្ឆិកា ថា ពាក់ព័ន្ធជាមួយកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានធ្វើការតាមដានទៅលើគុណភាពខ្យល់គ្រប់បណ្ដារាជធានី-ខេត្ដទូទាំងប្រទេស។ នៅក្នុងនោះសម្រាប់នៅរាជធានីភ្នំពេញក្រសួងបានដាក់ម៉ាស៊ីនតាមដានគុណភាពខ្យល់ចំនួន ១១ កន្លែង ហើយនៅខេត្ដ ២៤ ទៀតបានដាក់ម៉ាស៊ីនតាមដានគុណភាពខ្យល់ចំនួន ៣៨ កន្លែង។
លោកថ្លែងថា៖ «យើងឃើញថា ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ ស្ថានភាពគុណភាពខ្យល់ គឺស្ថិតនៅក្រោមស្ដង់ដា។ ស្ដង់ដាដែលក្រសួងបរិស្ថានបានកំណត់គឺនៅកម្រិត ៥០។ ដូច្នេះស្ថានភាពខ្យល់គឺនៅប្រែប្រួលនៅក្នុងចន្លោះពី ១៥ ទៅ ៣០ ទៅ ៤០ គឺមិនបានឡើងដល់ ៥០ ទេ»។
លោកបញ្ជាក់ថា គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាគឺមានគុណភាពល្អប្រសើរ។ ប៉ុន្ដែជាមួយគ្នានេះក្រសួងក៏មានវិធានការមួយចំនួនដើម្បីទប់ស្កាត់ការបំពុលខ្យល់ដែរ។ វិធានការទាំងនោះមានដូចជាការដាក់ចុះឱ្យអនុវត្ដអនុក្រឹត្យនៃការគ្រប់គ្រងការបំពុលខ្យល់មានដូចជា ការគ្រប់គ្រងការដ្ឋានសាងសង់ ការតម្រូវឱ្យស្ថានីយលក់ប្រេងឥន្ធនៈនានាគឺលក់ប្រេងឥន្ធនៈមានគុណភាពខ្ពស់ ដើម្បីកុំឱ្យចំហេះប្រេងឥន្ធនៈដែលចេញទៅមានការបំពុលបរិយាកាសច្រើន។
ក្រសួងបរិស្ថានបញ្ជាក់ថា កំហាប់ភាគល្អិតនិចលនៅក្នុងខ្យល់ PM2.5 មានកម្រិតនៅក្នុងរង្វង់ស្តង់ដាកម្រិត ៥០ ដែលកម្រិតស្ដង់ដានេះ ស្ថានភាពខ្យល់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាកំពុងមានគុណភាពល្អប្រសើរ។
ក្រសួងបរិស្ថានកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំនេះបានជូនដំណឹងដល់មន្ទីរបរិស្ថាន រាជធានី-ខេត្តត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តវិធានការមួយចំនួនដោយត្រូវថែរក្សាគុណភាពខ្យល់នៅកម្ពុជា។ វិធានការទាំងនោះមានត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាមសំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម។
ត្រូវចាត់វិធានការទប់ស្កាត់ការបង្ហុយធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ សម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈស្រោចទឹកលើដងផ្លូវកុំឱ្យធូលីហុយ។ ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅគល់ជញ្ជ្រាំង និងសំណល់កសិកម្មផ្សេងៗទៀត។
លោក ភក្ត្រា បញ្ជាក់ថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ។ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។
បើយោងតាមក្រសួងបរិស្ថានកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM2.5 គឺជាភាគល្អិតនិចលតូចៗនៅក្នុងខ្យល់ដែលមានអង្គត់ផ្ចិតតូចជាង ២,៥ មីក្រុង។ ភាគល្អិតនិចលមានប្រភពមកពីការដុតឥន្ធនៈហ្វូស៊ីល និងកម្ទេចធូលីផ្សេងៗ។ ភាគល្អិតនិចលនេះអាចស្រូបចូលទៅដល់សួត និងពេលខ្លះដល់សរសៃឈាមដែលអាចបង្កការប៉ះពាល់ដល់សុខភាពរបស់មនុស្សប្រសិនបើស្រូបចូលលើសកម្រិតកំណត់៕