ភ្នំពេញ ​ក្រសួង​បរិស្ថាន​ផលិត​វីដេអូ​អប់រំខ្លី​ដែល​មាន​ចំណង​ជើងថា ​«ជីវចម្រុះ​និង​ជីវភាព​រស់នៅ​ក្នុងបរិបទ​ជំងឺ​កូវីដ ១៩»​ ជាវីដេអូ​គំនូរ​ជីវចល​មានរយៈពេល​៣នាទី ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​ការអបអរ​សាទរ​ទិវាជីវចម្រុះ​អន្តរជាតិ​នៅថ្ងៃទី​ ២២ ឧសភា​ ឆ្នាំ ២០២១​។

លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​និងជាអ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅថ្ងៃទី ​២០​ ឧសភា​នេះថា ទិវាជីវចម្រុះ​អន្តរជាតិ​​ ២២ ​ឧសភា ​២០២១ ​ឆ្នាំនេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​យើងជា​ចំណែកមួយ​នៃដំ​ណោះ​ស្រាយ​»។ ​ដើម្បី​អបអរ​ទិវានេះ​ក្រសួង​បរិស្ថាន​រៀបចំ​ជាទម្រង់​អប់រំ​ជាវីដេអូខ្លី​ ដែលផ្តោត​ទៅលើ​ជីវ​ចម្រុះសម្រាប់​ផ្សព្វផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ និង​ទូរទស្សន៍។

លោក​ថ្លែងថា៖ ​«ខ្លឹមសារ​នៃវីដេអូ​ផ្តោត​សំខាន់ទី១ គឺការផលិត​បន្លែ​សរីរាង្គ​និងការប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដើម្បី​បង្កើន​ប្រាក់​ចំណូល កាត់បន្ថយ​សម្ពាធ​លើការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ លើកកម្ពស់​សុខុមាល​ភាព​អ្នក​ទទួលទាន​និង​កាត់បន្ថយ​ហានិភ័យ​ការនាំចូល​ផលិតផល​ក្រៅស្រុក​ក្នុងបរិបទ​កូវីដ ១៩​។ ទី២ គឺការ​ប្រើ​ប្រាស់​ចំណេះដឹង​ប្រពៃណី​និងឱសថ​បុរាណ​ ដើម្បី​លើកកម្ពស់​សុខភាព​ ការរស់នៅ​ និងកាត់បន្ថយ​ការបំពុល​លើប្រព័ន្ធ​អេកូឡូស៊ី»​ ។

ក្រៅ​ពីវីដេអូ​អប់រំ​មួយនេះ​ ក្រសួង​បរិស្ថាន​ក៏បានផលិត​វីដេអូ​ចំនួន ៣​ ផ្សេងទៀត​​ ក្នុងនោះ​មានទី១​ វីដេអូ​និយាយ​អំពី ការដាក់​ដេញថ្លៃ​ប្រព័ន្ធ​អេកូឡូស៊ី​ទី២ ​និយាយ​អំពីការដាំ​បន្លែនិងទី៣​និយាយ​អំពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​អភិរក្ស​កេសរគោល​សុខអាន​ភ្នំគូលែន​។ ជាមួយគ្នានោះ​ក៏មាន​ឯកសារ​ជាច្រើន​ទៀត នឹងផុស​ជាបន្តបន្ទាប់​នៅលើ​គេហ​ទំព័រ​​របស់​ក្រសួង​បរិស្ថាន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ នេត្រ ​ភក្ត្រា។

​បើតាម​លោក​ នេត្រ ភក្ត្រា​ កម្ពុជា​ជាប្រទេស​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​ដែល​បាន​បង្ហាញ​វត្តមាន​ប្រភេទ​ថនិកសត្វ​ ១២៣​ ប្រភេទ​ សត្វស្លាប​ ៥៤៥​ ប្រភេទ ​ឧរង្គសត្វ​ ៨៨ ប្រភេទ​រុក្ខជាតិ​តូចៗ​ ២ ៣០៨​ ប្រភេទត្រី ៨៧៤​ ប្រភេទ ផ្កាថ្មរឹង​ ២៤ ​ប្រភេទ ​ផ្កាថ្មទន់​ ១៤ ប្រភេទ​ ស្មៅសមុទ្រ ​១០ ​ប្រភេទ​ និង​ថលជលិក ​៦៣​ ​ប្រភេទ។​​​

​លោក​ថ្លែង​ថា៖ «កម្ពុជា​របស់យើង​ត្រូវបាន​អន្តរជាតិ​ទទួល​ស្គាល់​ថា ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ជីវចម្រុះ ហើយ​ប្រភេទ​ជីវចម្រុះ​ហ្នឹង​មាន​សត្វ​មានរុក្ខជាតិ ​ដែលយើង​រកឃើញ​ប៉ុណ្ណឹង​ ប៉ុន្តែ​ចំនួននេះ​នៅអត់​ទាន់អស់​នៅឡើយ​ទេ នៅមាន​ប្រភេទ​សត្វ​រុក្ខជាតិ​មួយចំនួ​នទៀត​ស្រាវជ្រាវ​មិនទាន់​ឃើញ​ ដើម្បី​កំណត់​អត្ត​សញ្ញាណ»​៕ ​ ​​