ភ្នំពេញៈ ​ក្រសួងបរិស្ថាន​ផ្ដល់​រថយន្ត និង​ម៉ូតូ​ដឹក​សំរាម រួម​នឹង​សម្ភារ​ទុកដាក់​សំរាម​ដល់​រាជធានី​-​ខេត្ដ​ ដើម្បី​គាំទ្រ​លើ​ការផ្ដល់សេវា​ប្រមូល សម្អាត និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​នៅតាម​មូលដ្ឋាន​ឱ្យទាន់​ពេលវេលា ធានា​និរន្តរភាព និង​ភាពជា​ម្ចាស់​ក្នុងការ​គ្រប់គ្រង​សំណល់ សំរាម ដើម្បី​ឱ្យមាន​សោភណភាព​ស្អាត និង​បរិស្ថាន​ល្អ​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​។

លោក នេត្រ ភក្ត្រា បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃនេះ​ថា កាលពី​ថ្ងៃទី​ ២០ ខែឧសភា​កន្លង​ទៅ​នេះ ក្រសួងបរិស្ថាន​បានប្រគល់​នូវ​រថយន្ត​ដឹក​សំរាម​ធុន​ធំ​ចំនួន ៣ ​គ្រឿង និង​ម៉ូតូ​ដឹក​សំរាម​ចំនួន ៦ ​គ្រឿង ដល់​រដ្ឋបាល​ខេត្ដ​កំពង់ចាម និង​បានផ្ដល់​រថយន្ត​ដឹក​សំរាម​ចំនួន ៣ ​គ្រឿង និង​ម៉ូតូ​ដឹក​សំរាម​ចំនួន ៦ ​គ្រឿង​ទៀត ដល់​ខេត្ដ​ឧត្ដរមានជ័យ​។

លោក​បាន​ថ្លែងថា​៖​ «​ក្រសួងបរិស្ថាន​ប្រគល់​រថយន្ត និង​ម៉ូតូ​ដឹក​សំរាម មាន​ធុន​តូច និង​ធុន​ធំ​ជូនទៅ​អាជ្ញាធរ​រាជធានី​- ខេត្ដ​ទាំង​ ២៥ ក្នុង​គោលបំណង​គាំទ្រ​លើ​ការផ្ដល់​សេវា​ប្រមូល សម្អាត និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​នៅតាម​មូលដ្ឋាន​រដ្ឋបាល​រាជធានី​-​ខេត្ដ​ឱ្យ​មាន​សោភណភាព​ស្អាត និង​បរិស្ថាន​ល្អ​»​។

លោក​បាន​បញ្ជាក់ថា ការប្រគល់​រថយន្ត និង​ម៉ូតូ​ដឹក​សំរាម​ទៅដល់​អាជ្ញាធរ​ខេត្ដ​នេះ ក៏​ជា​ការចូលរួម​ពង្រីក​សេវា​ប្រមូល​សំរាម​ដោយ​ខ្លួនឯង​នៅតាម​បណ្ដា​រាជធានី​ខេត្ដ ដើម្បី​ឱ្យមាន​បរិស្ថាន​ស្អាត ប្រមូល​សំរាម​ឱ្យ​ទាន់​ពេលវេលា និង​ធានា​និរន្តរភាព និង​ការធ្វើ​ភាព​ជា​ម្ចាស់​នៅក្នុង​ការគ្រប់គ្រង​សំណល់ សំរាម នៅតាម​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​។

បើ​តាន​លោក នេត្រ ភក្ត្រា កន្លងទៅ​ក្រសួង​បរិស្ថាន​បានផ្ដល់​រថយន្ត​ដឹក​សំរាម​ធុន​ធំ​ចំនួន ១៧ ​គ្រឿង​ទៅដល់​ខេត្ដ​មួយចំនួន​ក្នុងនោះ​មាន ខេត្ដ​កំពង់ចាម កណ្ដាល ព្រៃវែង សៀមរាប ព្រះសីហនុ តាកែវ ឧត្ដរមានជ័យ កែប​ និង​ខេត្ដ​ត្បូងឃ្មុំ​។

ក្រៅពី​រថយន្ត​ដឹក​សំរាម​ធុន​ធំ ក្រសួង​ក៏បាន​ប្រគល់​ម៉ូតូ​ដឹក​សំរាម​ដល់​រាជធានី ខេត្ដ​បាន​ចំនួន ៥៦ គ្រឿង និង​ធុង​ដាក់​សំរាម​ធុន​ធំ​ចំនួន ៤៨ ​ធុង និង​ធុង​ដាក់​សំរាម​ធុន​តូច​ចំនួន​ជាង​ ១០០ ​ធុង​។

លោក​បាន​ថ្លែងថា​៖ «​ក្រសួង​បរិស្ថាន​បានផ្ដល់​រថយន្ត​ដឹក​សំរាម និង​សម្ភារ​ទុកដាក់​សំរាម​ទាំងនេះ ជាពិសេស​ដល់​តាម​បណ្ដា​ខេត្ដ ដើម្បីឱ្យ​ពួកគាត់​មាន​ភាពម្ចាស់ការ​ក្នុង​ការផ្ដល់សេវា​ប្រមូល សម្អាត និង​ដឹក​ជូន​សំរាម​ដោយ​ខ្លួនឯង​»​

លោក​បញ្ជាក់ថា គម្រោង​រថយន្ត​ដឹក​សំរាម​នេះ នឹង​ចូលរួម​គាំទ្រ​ផ្តល់​សេវា​ប្រមូល សម្អាត ដឹកជញ្ជូន​សំរាម សំណល់​រឹង​នៅក្នុង​មូលដ្ឋាន​នៃ​រដ្ឋបាលខេត្ត ដែល​ពង្រីក​សេវា​ប្រមូល​ដោយ​ខ្លួនឯង ឱ្យ​ស្អាត ឱ្យ​អស់​ទាន់ពេល និង​ធានា​និរន្តរភាព និង​ធ្វើ​ភាព​ជា​ម្ចាស់​ក្នុង​ការគ្រប់គ្រង​សំរាម​សំណល់​រឹង ដោយ​រៀបចំ​ធ្វើការ​ប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និង​ទាញយក​ធនធាន​ពី​សំរាម ព្រមទាំង​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ផងដែរ​៕