ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ថ្លែង​នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​កាលពី​ម្សិលមិញ​ដោយបាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បន្ត​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ ២ ​ដើម្បី​ពង្រឹង​ភាពស្និទ្ធស្នាល​ក្នុង​ការបញ្ជ្រាប​កម្មវិធី​សិក្សា​ស្ដីអំពី​បរិស្ថាន​សម្រាប់​ទិសដៅ​ការងារ​ឆ្នាំ​ ២០២១ ដល់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​ថ្នាក់​ទី​ ១២ ព្រោះ​ការអប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​ជា​ចំណុច​គន្លឹះ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ការងារ​គ្រប់គ្រង​សំរាម សំណល់​រឹង និង​ទឹកកខ្វក់​ទីប្រជុំជន​នៅ​កម្ពុជា​។

នៅក្នុង​ «​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​ ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២១» នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​កាលពី​ម្សិលមិញ លោក​រដ្ឋមន្ត្រី​បាន​ប្រកាស​ដៃគូ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​យុទ្ធសាស្ដ្រ និង​គោលនយោបាយ​បន្ទាប់ ត្រូវ​ធ្វើ​ការជាប់​ជាមួយ​ក្រសួង​អប់រំ​ទាក់ទង​ទៅនឹង​កម្មវិធី​សិក្សា​ដើម្បី​បញ្ជ្រាប​កម្មវិធីសិក្សា​ស្ដីអំពី​បរិស្ថាន​ចាប់ពី​ថ្នាក់​មត្តេយ្យ​រហូតដល់​ថ្នាក់​ទី​ ១២ យើង​ត្រូវតែ​ធ្វើ​កិច្ចការងារ​នេះ​។ យើង​ក៏ត្រូវ​សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ព្រោះ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន គឺ​យើង​ត្រូវ​ពឹងផ្អែក​ខ្ពស់​ទៅលើ​បច្ចេកវិទ្យា និង​វិទ្យាសាស្ដ្រ​ខ្ពស់​។ ដូច្នេះ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ យើង​ត្រូវធ្វើ​ការងារ​នេះ ដើម្បី​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី វិទ្យាសាស្ដ្រ​ថ្មី បច្ចេកទេស​ថ្មី ដើម្បី​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​»​។

លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា ការងារ​គ្រប់គ្រង​សំរាម សំណល់រឹង និង​ទឹក​កខ្វក់​ទីប្រជុំជន​នៅ​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន បើទោះបី​កន្លង​មក​ក្រសួង​បាន​ខិតខំ​កសាង​ក្របខ័ណ្ឌ​គោលនយោបាយ ច្បាប់ និង​គតិយុត្ត​ជាច្រើន​គួរ​ឱ្យ​កត់សម្គាល់​ក៏ដោយ​។

បញ្ហា​ប្រឈម​មួយ​ចំនួន ព្រោះ​ហេតុថា សង្គមជាតិ​កម្ពុជា​មាន​ការវិវឌ្ឍ​លឿន ជាពិសេស​កំណើន​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ​ខ្ពស់​បាន​ជំរុញ​ឱ្យ​មាន​កំណើន​ការប្រើប្រាស់​ច្រើន (mass consumption) កំណើន​ប្រជាជន និង​ការពង្រីក​តំបន់​ក្រុង និង ទីប្រជុំជន​ដែល​ធ្វើឱ្យ​សមត្ថភាព​ប្រព័ន្ធគ្រប់គ្រង​ដែល​មាន​ស្រាប់​មិនអាច​រ៉ាប់រង​បាន​។

លោក​រដ្ឋមន្ដ្រី​បាន​ឱ្យ​ដឹងថា ក្រសួង​ក៏បាន​ជួយ​អន្តរាគមន៍​ដល់​ក្រុង និង​ស្រុក​ដែលមាន​បញ្ហា​ប្រឈម​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ដោយ​ក្នុងនោះ​បាន​ផ្តល់​ឡដុត​សំរាម​ខ្នាតតូច រថយន្ត​ដឹក​សំរាម ធុងសំរាម និង​ម៉ូតូ​កង់​ ៣ ​ដឹក​សំរាម​ជាដើម​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ទោះជា​យ៉ាងណាក្តី ធនធាន​មនុស្ស​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅតែ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​ដែល​យើង​ត្រូវ​បន្ត​ចូលរួម​ដោះស្រាយ​បន្ថែម​ទៀត​។ ក្រសួងបរិស្ថាន​ក៏បាន​ជំរុញ និង​ចូលរួម​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រង​សំរាម សំណល់​រឹង ដោយ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ពី​ដើមខ្សែ​ដល់​ចុង​ខ្សែ​ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ​មុន​ហើយ​នឹង​បន្ត​អនុវត្ត​ការងារ​នេះ​នៅ​តាម​ទីប្រជុំជន​សំខាន់ៗ​មួយចំនួន​ទៀត​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​កាលពី​ម្សិលមិញ​ថា បរិស្ថាន​សាលារៀន​ល្អ​ជះឥទ្ធិពល​វិជ្ជមាន​លើ​ការរៀន និង​បង្រៀន​។ ក្រសួង​អប់រំ​បាន​បញ្ចូល​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លាស្ទិក និង​ការងារ​បរិស្ថាន​ទូទៅ​ចូលក្នុង​កម្មវិធីសិក្សា និង​បញ្ជ្រាប​ខ្លឹមសារ​ពាក់ព័ន្ធ​ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា ហើយ​ក្រសួង​ទាំង​ ២ នឹង​បន្ត​កិច្ច​សហការ​លើ​ការងារ​បរិស្ថាន​។

លោក​ថ្លែងថា​៖ «​ក្រសួង​អប់រំ​បាន និង​បន្ត​អនុវត្ត​កម្មវិធីសិក្សា​ស្តីពី​បរិស្ថាន និង​លើក​ទឹកចិត្ត​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​ឱ្យ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា ការពារ​បរិស្ថាន​សាលារៀន​»​។

លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងបរិស្ថាន​បាន​បង្ហាញ​របាយការណ៍​ក្នុង​សន្និបាត​កាលពី​ម្សិលមិញ​ដែរ​ថា ក្រសួង​បរិស្ថាន​បាន​ចូលរួម​រៀបចំ​ប្រព័ន្ធ​ថ្មី​សម្រាប់​គ្រប់គ្រង​សំរាម​រាជធានី​ភ្នំពេញ​បាន​បំពាក់​ឡ​ដុត​សំរាម​ចំនួន ១៦ ​ទីតាំង​សំខាន់ៗ​បាន​រៀបចំ​បណ្តុះបណ្តាល​បច្ចេកទេស និង​សិក្ខាសាលា​ដល់​ក្រុង ស្រុក ដើម្បី​លើកកម្ពស់​ការយល់ដឹង​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់រឹង ទីប្រជុំជន និង​ការកាត់បន្ថយ​សំណល់​ប្លាស្ទិក​ដល់​សាធារណជន និង​រាជធានី ខេត្ត​គោលដៅ​។

លោក​ថា​៖ «​ក្រសួង​ក៏បាន​ជំរុញ និង​អនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​លើ​ការងារ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ចុះ​ជំរុញ​ការប្រមូល​មូលនិធិ​បរិស្ថាន និង​សង្គម​»៕