
សិក្ខាសាលាស្ដីពីការអភិរក្សជីវចម្រុះសមុទ្រកាលពីថ្ងៃអង្គារ។ សហការី
ភ្នំពេញៈ ក្រសួងបរិស្ថានបានជំរុញដល់តំណាងស្ថាប័នពាក់ព័ន្ធនិងអង្គការមិនមែនរដ្ឋាភិបាលរួមទាំងអាជ្ញាធរមូលដ្ឋាន និងវិស័យឯកជនឲ្យរួមគ្នាផ្សព្វផ្សាយពីការអភិរក្សជីវចម្រុះសមុទ្រនិងតំបន់ឆ្នេរដើម្បីធានាឲ្យបាននូវចីរភាពក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈតំបន់ឆ្នេរកំពុងប្រឈមនឹងផលប៉ះពាល់បរិស្ថានក៏ដូចប្រព័ន្ធអេកូឡូស៊ីជាដើម។
ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «ការអភិរក្សជីវចម្រុះសមុទ្រនិងតំបន់ឆ្នេរតាមរយៈការបង្កើតឧទ្យានជាតិសមុទ្រ» នៅសណ្ឋាគារឯករាជ្យក្រុង/ខេត្ដព្រះសីហនុដែលផ្តួចផ្តើមដោយក្រសួងបរិស្ថានកាលពីថ្ងៃ ២២ មករា លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា សិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីតម្លៃធនធានសមុទ្រដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ សក្តានុពលអេកូទេសចរណ៍ និងបង្ហាញពីបេសកកម្មរបស់រដ្ឋាភិបាល ក្នុងការការពារនិងអភិរក្សធនធានសមុទ្រនិងតំបន់ឆ្នេរព្រមទាំងផ្សព្វផ្សាយពីសក្តានុពលឧទ្យានជាតិសមុទ្រកោះរ៉ុង ដល់ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធដែលកំពុងអាស្រ័យផលជាមួយធនធានសមុទ្រ អ្នកសិក្សាស្រាវជ្រាវនិងអាជីវករបម្រើសេវាកម្មមុជទឹក។
លោកបន្ដថា៖ «ធនធានតំបន់ឆ្នេរសមុទ្រអាចទទួលរងការប៉ះពាល់ ជាពិសេសដល់បរិស្ថាន ជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ី។ ដូច្នេះដើម្បីចូលរួមទប់ស្កាត់និងកាត់បន្ថយនូវហតុប៉ះពាល់ទាំងនេះ ក្រសួងបរិស្ថានបានដឹកនាំសិក្សាស្រាវជ្រាវ និងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការពារ អភិរក្សជីវចម្រុះ ដោយមានចូលរួមពីអ្នកពាក់ព័ន្ធដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពបរិស្ថាន ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី តំបន់សមុទ្រកម្ពុជា»។
បើតាមលោក សូត យា សិក្ខាសាលានេះក៏ជាឱកាសមួយសម្រាប់ជួបជុំរវាងស្ថាប័នមានសមត្ថកិច្ច អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវនិងអ្នកពាក់ព័ន្ធនឹងធនធានសមុទ្រសម្រាប់ស្វែងយល់ពីទស្សនវិស័យនៃការអភិរក្សធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានិងដើម្បីចងក្រងនូវលទ្ធផលរួមគ្នាដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា សង្គមជាតិ និងសម្រាប់កូនចៅជំនាន់ក្រោយ។
លោកបានឲ្យដឹងដែរថាប្រទេសកម្ពុជាមានឆ្នេរសមុទ្រលាតសន្ធឹងពីច្រកអន្តរជាតិចាំយាមជាប់ប្រទេសថៃរហូតដល់ច្រកអន្តរជាតិព្រែកចាកជាប់វៀតណាមនិងមានវិសាលភាពលើខេត្តចំនួន ៤ រួមមាន ខេត្តព្រះសីហនុ កោះកុងកំពតនិងកែប ដោយមានប្រជាជនប្រមាណជាង ២ លាននាក់រស់នៅនិងប្រកបមុខរបរចម្បងពឹងផ្អែកលើការនេសាទ ការធ្វើកសិកម្មនិងផ្តល់សេវាកម្មទេសចរណ៍។
លោកបន្ថែមថា ដោយផ្អែកលើភាពសម្បូរបែបនៃជីវចម្រុះនិងទេសភាពដ៏ល្អនៅតាមឆ្នេរសមុទ្រ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់តំបន់នោះជាប៉ូលសេដ្ឋកិច្ចមួយក្នុងយុទ្ធសាស្ត្រចតុកោណនិងបានដាក់បញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកកាលពីឆ្នាំ ២០១១ ដែលជាការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិនិងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋផងដែរ។
លោក លូ វន្នី មន្ដ្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ International Union for Conservation of Nature (IUCN) ដែលគាំទ្រសិក្ខាសាលានេះបានថ្លែងថា ដើម្បីធានាសុវត្ថិភាពនៃតំបន់អភិរក្សជីវចម្រុះនិងតំបន់ឧទ្យានសមុទ្រ អង្គការលោកបានចូលរួមគាំទ្រដល់ក្រសួងបរិស្ថានលើការងារជួយអភិរក្សនេះ។
លោកថ្លែងថា៖ «យើងកំពុងជួយផ្សព្វផ្សាយដូចជា ជួយធ្វើស្លាកសញ្ញាផ្សព្វផ្សាយធំៗជាព័ត៌មានពីការបង្កើតតំបន់កោះរ៉ុងជាតំបន់ឧទ្យានជាតិសមុទ្រនេះដើម្បីឲ្យភាគីពាក់ព័ន្ធក៏ដូចសហគមន៍មូលដ្ឋានគាត់បានជ្រាបថា ជាតំបន់ដែលរដ្ឋាភិបាលបានបង្កើតនិងការងារអភិរក្សនៅតំបន់នោះ»។
បើតាមលោក វន្នី តំបន់ការពាររបស់ក្រសួងបរិស្ថានមានច្រើនប្រភេទ ប៉ុន្តែដោយឡែកនៅកោះរ៉ុងរដ្ឋាភិបាលបានបង្កើតជាឧទ្យានជាតិសមុទ្រទី ១ នៅកម្ពុជាដែលមានទំហំជាង ៥ ម៉ឺនហិកតាលាតសន្ធឹងលើផ្ទៃដីគោកនិងផ្ទៃទឹក ។
លោកសុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ដែលតែងតាមដានការរំលោភបំពានឆ្នេរសមុទ្របានថ្លែងថាក្រោយមានបទបញ្ជារបស់រាជរដ្ឋាភិបាលដើម្បីថែក្សាធនធានធម្មជាតិនៅតាមតំបន់ឆ្នេរអាជ្ញាធរក៏បានពង្រឹងការអនុវត្ដការងារនេះដែរ តែហាក់មិនទាន់មានប្រសិទ្ធភាព។
លោកបានបន្ដថា៖ «យើងឃើញថាការអនុវត្ដរបស់អាជ្ញាធរមូលដ្ឋានហាក់បីដូចជានៅមិនទាន់បានគ្រប់សព្វនៅឡើយទេ...បើមានការបំផ្លាញធនធានធម្មជាតិ ប្រៀបដូចបំផ្លាញខ្លួនឯងដែរ។ដូច្នេះការយកចិត្ដទុកដាក់ ការពារអាជ្ញាធរមូលដ្ឋានត្រូវតែយកគោលការណ៍ដែលរដ្ឋាភិបាលកំណត់ទៅអនុវត្ដ មិនត្រូវអនុវត្ដតែចំពោះពលរដ្ឋតូចតាច ចំណែកអ្នកមានអំណាចទុកឲ្យគេចាក់ដីលុបឆ្នេរនិងបំផ្លាញធនធានធម្មជាតិដោយមិនមានទោសទណ្ឌនោះទេ» ។
លោកបន្ថែមថា រហូតមកទល់ពេលនេះដូចជាមិនទាន់ឃើញមានវិធានការលើបុគ្គលដែលបំផ្លាញតំបន់ឆ្នេរឲ្យមានប្រសិទ្ធភាពទេ ដោយឃើញត្រឹមឲ្យធ្វើកិច្ចសន្យាប៉ុណ្ណោះ ខណៈកន្លែងចាក់ដីលុបឆ្នេរខ្លះមិនកាយដីចេញវិញ ឯខ្លះចាក់ដីចូលបន្ថែមដដែល។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកអភិវឌ្ឍន៍តំបន់ឆ្នេរមិនអាចសុំអធិប្បាយបានទេដោយលោកថាកំពុងប្រជុំ ហើយបានបង្វែរសំណួរទៅប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុវិញ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុបានថ្លែងថាក្នុងនាមអាជ្ញាធរពាក់ព័ន្ធយើងគាំទ្រចំពោះការស្នើសុំរបស់ក្រសួងបរិស្ថាន លើការអភិរក្សនេះ។
លោកបញ្ជាក់ថា៖ «យើងបានចូលរួមសហការធ្វើការងារនេះដោយបង្កើតវគ្គផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារទីក្រុងស្អាត ការថែរក្សាធនធានបរិស្ថាន ដោយសហការជាមួយមន្ទីរបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ»។
ទាក់ទងនឹងបញ្ហានេះ លោក សុចិត្ដគ្រស្នា បានថ្លែងថា ក្រុមការងារលោកបានរៀបចំនូវក្រមប្រតិបត្ដិផ្សេងៗតាមឆ្នេរដោយផ្ដោតលើការអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងការថែរក្សាបរិស្ថាននិងការថៃរក្សាអនាម័យនៅតំបន់ឆ្នេរជាដើម៕