
អ្នកចូលរួមក្នុងពិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិនិងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកប្រចាំឆ្នាំ នៅខេត្តសៀមរាប កាលពីម្សិលមិញ។ រូបថត ក្រសួងបរិស្ថាន
សៀមរាបៈ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាសហគមន៍រស់នៅលើបឹងទន្លេសាប ទាំងក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តដទៃទៀត ដូចជា កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង ចូលរួមសម្អាតបរិស្ថានដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសំដៅទប់ស្កាត់ការបំពុលប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនៅក្នុងបឹងទន្លេសាប ជាបឹងដែលពិភពលោកទទួលស្គាល់ថាសម្បូរត្រីច្រើនជាងគេ។
ក្នុងពិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាប រដូវទឹកសម្រកប្រចាំឆ្នាំ ២០២០ ពីម្សិលមិញ ក្រោមប្រធានបទអនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ នៅខេត្តសៀមរាប លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកនេះឡើង ដើម្បីអំពាវនាវ ឬបំផុសចលនាឱ្យពលរដ្ឋបញ្ឈប់ការចោលសំរាមក្នុងទន្លេសាប និងឈប់ឱ្យបឹងទន្លេសាបទទួលរងនូវការបំពុលដោយសំរាម ជាពិសេសសំណល់ប្លាស្ទិកតទៅទៀត។
លោកថ្លែងថា៖ «ទន្លេសាបត្រូវបានបំពុលដោយថង់ប្លាស្ទិកពីសហគមន៍ ដែលរស់នៅជុំវិញលើបឹងទន្លេសាប និងការហូរនាំយកប្លាស្ទិកដែលបងប្អូនប្រជាពលរដ្ឋបោះចោលគ្មានសណ្តាប់ធ្នាប់តាមព្រែក តាមស្ទឹងនានាចាក់ចូលមកក្នុងបឹងទន្លេសាប»។
លោក នេត្រ ភក្ត្រា បន្តថា ថង់ប្លាស្ទិកត្រូវបានគេចាត់ទុកជាសំណល់បំពុលដល់បរិស្ថាន ព្រោះថាវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែកសារធាតុ។ មានន័យថា សំណល់ប្លាស្ទិក គឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយដោយងាយឡើយ ដែលបានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថាន។
បើតាមមន្ត្រីនាំពាក្យរូបនេះ ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២២ វិច្ឆិកា ក៏ជាការចាប់ផ្តើមបើកយុទ្ធនាការប្រមូលយកសំរាម ប្លាស្ទិកនារដូវទឹកសម្រកបឹងទន្លេសាបឆ្នាំ ២០២០។ នេះជាការចូលរួមសហការរៀបចំរវាងមន្ទីរបរិស្ថានខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងអង្គការមូលនិធិទំពាំងស្នងឫស្សី ជាមួយដៃគូម្ចាស់ជំនួយអង្គការអន្តរជាតិសម្ព័ន្ធភាពស្តារមហាសមុទ្រ។
យុទ្ធនាការប្រមូលសំរាមនេះបើតាមលោក នេត្រ ភក្ត្រា នឹងមានប្រជាសហគមន៍ចូលរួមសរុបជិត ៥ ០០០ នាក់ នៅតាមសហគមន៍ចំនួន ៥ ដែលនៅជាប់មាត់បឹងទន្លេសាប និងដងស្ទឹងសៀមរាបផ្នែកខាងក្រោម។ ក្នុងនោះប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានរួមគ្នាចំនួន ២ ៤៥០ នាក់ និងសម្អាតតាមមុខផ្ទះរៀងៗខ្លួនប្រមាណ ២ ៥០០ គ្រួសារផ្សេងទៀត។
តាមរយៈរបាយការណ៍បង្ហាញដោយលោក ភក្ត្រា គឺកាលពីឆ្នាំ ២០១៩ សំណល់ប្លាស្ទិកជាង ៤ ០០០ ការ៉ុង (ទម្ងន់ប្រមាណជិត ២០០ តោន) ត្រូវបានប្រមូលចេញពីទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប។ នៅឆ្នាំ ២០២០ សំណល់ប្លាស្ទិកជាង ៥ ០០០ ថង់ (ប្រមាណជិត ២៥០ តោន) ត្រូវបានប្រមូលយកទៅកែច្នៃធ្វើជាឥដ្ឋបរិស្ថាន។
លោក ភក្ត្រា ថ្លែងថា «បឹងទន្លេសាបមានទេសភាពស្អាតសម្បូរដោយជីវចម្រុះ ជាពិសេសមច្ឆជាតិជាច្រើនប្រភេទមានប្រព័ន្ធអេកូឡូស៊ីដែលចាំបាច់ត្រូវតែទប់ស្កាត់កុំឱ្យមានការបំពុលដោយប្លាស្ទិក រក្សាគុណភាពទឹកឱ្យបានល្អ សោភណភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ យើងត្រូវអនុវត្តនូវទិសស្លោក យើងស្អាត សហគមន៍យើងស្អាត ទន្លេសាបស្អាត ដោយគ្មានប្លាស្ទិក»។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី និងក្រុមយុវជនមេត្រីភាពបរិស្ថានថ្លែងពីម្សិលមិញ ថាកម្មវិធីគ្រោងរៀបចំរយៈពេល ១ សប្ដាហ៍គឺចាប់ពីថ្ងៃទី ២២ ដល់ ២៨ វិច្ឆិកា ឆ្នាំ ២០២០។ យុទ្ធនាការនេះធ្វើឡើងតាមបណ្ដាសហគមន៍ជាប់បឹងទន្លេសាបចាប់ពីតំបន់ឃុំកំពង់ឃ្លាំង កំពង់ភ្លុក ចុងឃ្នៀស ស្ទឹងសៀមរាប និងសហគមន៍មេជ្រៃ។ កម្មវិធីសំខាន់ក្នុងការប្រារព្ធទិវានេះ គឺផ្តល់សារអប់រំដល់ប្រជាពលរដ្ឋពីបញ្ហាអនាម័យ ការទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ។ កម្មវិធីបរិស្ថានទាំងមូលនឹងផ្តោតជាសំខាន់ក្នុងការប្រមូលសំរាមយកតែប្លាស្ទិកប៉ុណ្ណោះ។ ប្លាស្ទិក គឺជាសំរាមដែលមានហានិភ័យ និងមានអាយុរាប់រយឆ្នាំដែលបង្កហានិភ័យ ខ្ពស់ទាំងជីវិតមនុស្ស និងសត្វ។
លោក សុផល បានបន្តថា ប្លាស្ទិកដែលប្រមូលបាននឹងយកទៅកែច្នៃជាឥដ្ឋបរិស្ថាន ដែលអង្គការមូលនិធិទំពាំងស្នងឫស្សីបានរៀបចំឡើងក្នុងសហគមន៍។ យុទ្ធនាការប្រមូលយកសំណល់ប្លាស្ទិកប្រចាំឆ្នាំនារដូវទឹកសម្រក និងរដូវទឹកឡើងបឹងទន្លេសាប តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំយ៉ាងទៀងទាត់ ក្នុងអំឡុងខែវិច្ឆិកា នៅពេលដែលទឹកបឹងទន្លេសាបចាប់ផ្តើមស្រកទៅវិញ។ ក្នុងអំឡុងខែមិថុនា នៅពេលដែលទឹកបឹងទន្លេសាបចាប់ផ្តើមឡើងហូរចូលមកវិញដែលមានប្រជាសហគមន៍ចូលរួមម្តងៗ រាប់ពាន់នាក់ក្នុងគោលបំណងចូលរួមអភិរក្សជីវចម្រុះនៅក្នុងបឹងទន្លេសាបទាំងអស់គ្នា៕