មណ្ឌលគិរីៈ ក្រសួង​បរិស្ថាន​កំពុង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​ដាក់​កាមេរ៉ា ស្វ័យប្រវត្តិ សម្រាប់​ថត​សកម្មភាព​នៃ​វត្តមាន​សត្វ​នៅក្នុង​តំបន់ការពារធម្មជាតិ​ទាំងអស់​នៅ​កម្ពុជា ព្រោះ​វត្តមាន​សត្វ នៅក្នុង​តំបន់​ការពារ​ធម្មជាតិ គឺ​វា​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការអភិរក្ស និង​ផ្នែក​អភិវឌ្ឍ ទេសចរណ៍​ធម្មជាតិ​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា គ្រប់​តំបន់ការពារធម្មជាតិ​ស្ទើរតែ​ទាំងអស់ មាន​ដាក់​នូវ​កាមេរ៉ា​ស្វ័យប្រវត្តិ​សម្រាប់​ថត​ប្រភេទ​សត្វព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែល​សារៈប្រយោជន៍​គឺ​ទី​ ១ ដើម្បី​ឲ្យ​ដឹង​ពី​វត្តមាន​សត្វព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​ទី ​២ គឺ​ដើម្បី​រៀបចំ​ផែនការ ការពារ​ និង​អភិរក្ស​នូវ​តំបន់​ដែនជម្រក​សត្វព្រៃ​ទាំងអស់​ដែលមាន​វត្តមាន​សត្វព្រៃ​។

លោក​ថ្លែងថា​៖ «​យើង​ឃើញថា តាមរយៈ​កាមេរ៉ា​សុវត្ថិភាព តំបន់​ការពារ​ធម្មជាតិ យើង​បានឃើញ​មាន​ប្រភេទ​សត្វ​ជាច្រើន ប្រភេទ​ហើយ​ក្នុងនោះ​ក៏មាន​ប្រភេទ​សត្វ​កម្រ​ផងដែរ ដូចជា សត្វ​រមាំង សត្វ​ខ្ទីង ខ្លាឃ្មុំ ដំរី ខ្លារខិន និង​ប្រភេទ​សត្វ​ផ្សេងៗ​ទៀត​» ។

បើតាម​លោក ភក្ត្រា ក្នុង​ឆ្នាំ​ ២០២០ ​កន្លងទៅ ក្រសួង​បរិស្ថាន​បាន​ដោះ​អន្ទាក់​ជាង​ ៥ ​ម៉ឺន និង​ចាប់បាន​កាំភ្លើង​កែច្នៃ​ប្រមាណ​ជាង ៤០០ ​ដើម ដែល​អន្ទាក់​ និង​កាំភ្លើង​កែច្នៃ​ទាំងនោះ​បាន​បង្ក​គ្រោះថ្នាក់​បំផុត​សម្រាប់​សត្វព្រៃ​។

តាម​ការសិក្សា​ស្រាវជ្រាវ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​មកនេះ ប្រភេទ​សត្វ​មួយចំនួន មាន​ការកើនឡើង ប្រភេទ​សត្វ​មួយចំនួន​មានការ​ថយចុះ និង​ប្រភេទ​សត្វ​មួយចំនួនទៀត​នៅ​ថេរ​។

ប្រភេទ​សត្វ​ទាំងអស់នោះ​មានដូចជា សត្វ​ទន្សោង ខ្ទីង ជ្រូកព្រៃ ក្ងោក ឈ្លូស រមាំង ជាដើម​ដែល​នេះ​ជា​ប្រភេទ​សត្វ ក្រចកជើង​ ៤ ហើយ ប្រភេទ​ស្វា មាន​ស្វា​តូច​ពណ៌​លឿង ស្វា​កន្ទុយ​ស ស្វា​ត្រោស ស្រាព្រាហ្ម ជាដើម​។

ហ្វេសប៊ុក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ហៅ​កាត់ WCS នៅថ្ងៃនេះ​បាន​ឱ្យដឹងថា សត្វព្រៃ​សំខាន់ៗ​ចំនួន​ ១០ ​ប្រភេទ ត្រូវបាន​ថត​ឃើញ​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​ក្រុម​អភិរក្ស​បានដាក់​បង្កប់​ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី ចន្លោះ​ពី​ខែមីនា ដល់​ចុង​ខែមេសា​កន្លងទៅនេះ​។​

អង្គការ WCS ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា ប្រភេទ​សត្វព្រៃ​សំខាន់ៗ​ទាំងនោះ​រួមមាន ប្រើស ខ្ទីង ស្វាត្រោស ឈ្លូស ជ្រូកព្រៃ កាំប្រមា ក្ងោក ស្វាអង្គត់ ស្តេច​កូលីត និង​ស្កា​ធំ​។

«​រូប​សត្វព្រៃ​ទាំងនេះ ត្រូវបាន​ក្រុមការងារ​ទាញយក​ពី​ម៉ាស៊ីន​ថត​សត្វព្រៃ​ស្វ័យប្រវត្តិ ដែល​ដាក់​បង្កប់​ចំនួន​ ១០ ​គ្រឿង កាលពី​ខែមីនា​កន្លងទៅ ដើម្បី​តាមដាន​វត្តមាន​នៃ​ប្រភេទ​សត្វព្រៃ​ដែលមាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ​បំផុត​ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​»​។​

អង្គការ WCS បញ្ជាក់ថា កាលពី​សប្តាហ៍​កន្លងទៅ​នេះ ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​អង្គការ WCS សហការ​ជាមួយ​សហគមន៍​មូលដ្ឋាន​បាន​ចុះ​បំពេញ​ការងារ​ទីវាល នៅតាម​តំបន់​សំខាន់ៗ​មួយចំនួន ស្ថិត​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា ដើម្បី​ស្វែង​រកមើល​អន្ទាក់​ដែល​ពួក​ព្រាន​បានដាក់​ខុសច្បាប់ ដើម្បី​ចាប់​សត្វព្រៃ និង​ស្រាវជ្រាវ​បន្ថែម​អំពី​វត្តមាន​នៃ​ប្រភេទ​សត្វព្រៃ​ដែលមាន​ដោយ​កម្រ​ និង​ជិត​ផុតពូជ​។

«​ក្រុមការងារ​បាន​ចំណាយពេល​ចំនួន​មួយ​សប្តាហ៍ ក្នុង​ការដើរ​រុករក​តាម​តំបន់​គោលដៅ​សំខាន់ៗ និង​ដោះ​បាន​អន្ទាក់​ចំនួន​ ៣១ ​អន្ទាក់ ដែល​អន្ទាក់​ទាំងនេះ គឺជា​កត្តា​គំរាមកំហែង​ដ៏ធំ​មួយ រួមចំណែក​ក្នុងការ​សម្លាប់​សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​កន្លងមក​»៕