មណ្ឌលគិរីៈ ក្រសួង​បរិស្ថាន​កំពុង​ស៊ើបអង្កេត​លើ​ករណី​ជនខិលខូច​លួច​បោះបង្គោល និង​ធ្វើ​របង​ទន្ទ្រាន​កាន់កាប់​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅក្នុង​ទីតាំង​ដែនជម្រក​សត្វព្រៃ​កែវសីមា​នៅ​ភូមិ​ពូរ៉ាង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ក្រោយ​ពេល​ពិនិត្យឃើញ​មាន​ជនខិលខូច​លួច​បោះបង្គោល​ថ្ម​ និង​ឈើ​ជាង​ ៥០ ​បង្គោល និង​បាន​ធ្វើ​របង​ហ៊ុមព័ទ្ធ​ក្នុង​ពេល​ថ្មីៗ​នេះ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ពិនិត្យ​ឃើញ​សកម្មភាព​លួច​បោះបង្គោល​ និង​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ដោយ​ជនខិលខូច​នេះ​ក្នុង​ពេល​ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន និង​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ពិនិត្យ និង​ស្វែងយល់​ពី​ការងារ​រៀបចំ​គម្រោង​រេដបូក និង​ការគ្រប់គ្រង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ពី​ថ្ងៃ​ទី​ ៣ ដល់​ថ្ងៃទី​ ៥ ខែ​តុលា​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​ថា តើ​នរណា​ដែល​ជា​អ្នក​មក​បោះបង្គោល​នៅ​កន្លែង​នេះ ដើម្បី​យើង​អនុវត្ដ​ទៅ​តាម​ច្បាប់​»​។ នេះ​ជា​វិធានការ​ម៉ឺងម៉ាត់ ហើយ​ក៏​ជា​ការប្រាប់​ទៅ​ដល់​ជនខិលខូច​មួយចំនួន​ថា ដី​របស់​រដ្ឋ​គឺ​មិនអាច​មក​ទន្ទ្រាន​កាន់កាប់​ដោយ​ប្រើប្រាស់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ក្នុង​រូបភាព​ចូល​មក​ទន្ទ្រាន​កាន់កាប់ ហើយ​ស្នើសុំ​កាត់​ឆ្វៀល​នោះទេ​។

លោក ភក្ត្រា បាន​ព្រមាន​ដល់​ជនខិលខូច​ថា​៖ «​សូម​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ទាំងអស់​នេះ ពីព្រោះ​ថា​វា​ជា​សកម្មភាព​ខុសច្បាប់​។ យើងខ្ញុំ​នឹង​អនុវត្ដ​ច្បាប់​ដោយ​មិន​លើកលែង ចំពោះ​ជន​ទាំងឡាយណា​ដែល​បំពាន​ទេ​»​។

មន្ត្រី​បរិស្ថាន​ដក​បង្គោល​ដែល​ត្រូវ​បាន​គេ​លួច​បោះ​វាត​យក​ដី​រដ្ឋ​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីមា​។ហេង ជីវ័ន

បើ​តាម​របាយការណ៍​របស់​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគិរី​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២០ មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​បាន​ចុះ​ល្បាត​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ចំនួន ២ ៩៩៥ ​លើក បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន ​១ ៥២៨ ករណី​ ក្នុង​នោះ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ ៨៤ ​ករណី ​ពិន័យ​អន្តរការណ៍​ ២៦ ​ករណី រឹបអូស​រណារយន្ត​បាន​ ៣៦៤ គ្រឿង​ ចាប់​ឃាត់​រថយន្ត​ ៣៤ ​គ្រឿង ដោះ​អន្ទាក់​ដាក់​ចាប់​សត្វ​ចម្រុះ​សរុប​ចំនួន ២ ៩៥៧ ​ខ្សែ​។

បើ​តាម​លោក ភក្ត្រា បច្ចុប្បន្ន​កម្ពុជា​មាន​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​សរុប​ ៦៦ ​កន្លែង​ ក្នុង​នោះ​មាន​ឧទ្យានជាតិ ដែនជម្រក​សត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​តំបន់​ការពារ​ទេសភាព និង​តំបន់​រ៉ាមសារ​ដែលមាន​ផ្ទៃដី​សរុប​ ៧,៣ លាន​ហិកតា​ ស្មើ​ប្រមាណ ៤១% នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា​។

ចំណែក​តំបន់​ការពារ​ធម្មជាតិ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​មាន​ចំនួន ៦ ​កន្លែង​ មាន​ផ្ទៃដី​សរុប​ប្រមាណ ១ ​លាន​ហិកតា ​ក្នុង​នោះ​រួមមាន ដែនជម្រក​សត្វព្រៃ​កែវ​សីមា ដែនជម្រក​សត្វព្រៃ​ស្រែពក ដែនជម្រក​សត្វព្រៃ​ណាមលៀរ ដែនជម្រក​សត្វព្រៃ​លំផាត់ ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច និង​របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន​។ នៅក្នុង​ការគ្រប់គ្រង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ទាំងនេះ​មន្ទីរ​បរិស្ថាន​ខេត្ដ​មណ្ឌលគិរី​មាន​មន្ត្រី​ឧទ្យានុរក្ស​សរុប​ចំនួន ១០៤ ​នាក់ ​ដែល​ចំនួន​នេះ​នៅ​មិនទាន់​ឆ្លើយតប​នៅឡើយ​ជាមួយ​ទំហំ​ផ្ទៃដី​ដែល​ត្រូវ​អភិរក្ស និង​ការពារ​នៅឡើយ​ទេ​។ ចំណែក​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​ដែល​កំពុង​បំពេញ​តួនាទី​ជា​ឆ្មាំ​ព្រៃ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នៅ​តាម​បណ្តា​តំបន់​ការពារ​ធម្មជាតិ​នានា​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ១ ២០០ ​នាក់​។

មន្ត្រី​ឧទ្យានុរក្ស​ទាំងនោះ​បាន​រៀបចំ​វិធីសាស្ត្រ​ល្បាត​ក្នុង​នោះ​មាន​ទាំង​វិធីសាស្ត្រ​ថ្មើរជើង ម៉ូតូ រថយន្ត និង​មាន​ការប្រមូល​ទិន្នន័យ​ព័ត៌មាន​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដោយ​មាន​ការគាំទ្រ​បច្ចេកទេស​ពី​អង្គការ​ដៃគូ​ដូចជា អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS ជាដើម​។

លោក គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី មើលឃើញ​ថា សកម្មភាព​កាប់រាន ទន្ទ្រាន​យក​ដី​រដ្ឋ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ក្នុង​ខេត្ដ​មណ្ឌលគិរី ហាក់​មាន​ភាពស្ងប់ស្ងាត់​។ ប៉ុន្ដែ​សកម្មភាព​ទន្ទ្រាន​ទ្រង់ទ្រាយ​តូច​នៅ​កើតមាន​នៅឡើយ​គឺ​ជន​ខិលខូច​ធ្វើ​សកម្មភាព​ទន្ទ្រាន​ជា​លក្ខណៈ​គ្រួសារ​លើ​ផ្ទៃដី​ចាប់ពី​ ១ ​ហិកតា ទៅ​ ១០ ហិកតា​។

លោក​ប្រាប់ថា​៖ «​បើ​យើង​ចង់ដឹង​ពី​មេខ្លោង​ជា​នរណា​នោះ សួរ​តែ​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ទៅ​ដឹង​ហើយ​ថា អ្នក​ដែល​ទៅ​រំលោភ​ទន្ទ្រាន​យក​ដី​រដ្ឋ​នោះ​ជា​នរណា មកពី​ណា ឬ​ចាប់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​នេះ​ដាក់គុក ១-២ ​នាក់​ទៅនឹង​ដឹង​ពី​មេខ្លោង​នោះ​ហើយ​»​។

យ៉ាងណាក្តី លោក ព្រហ្ម វិបុលរតនៈ ប្រធាន​ដែនជម្រក​សត្វព្រៃ​កែវសីមា​បាន​ឱ្យ​ដឹងថា ករណី​បោះបង្គោល និង​ហ៊ុមព័ទ្ធ​របង​ទន្ទ្រាន​យក​ដី​រដ្ឋ​នេះ​កើតឡើង​តាមរយៈ​ជនខិលខូច​ជា​មេខ្យល់​បាន​ជួល​ពលរដ្ឋ​ស្លូតត្រង់​ធ្វើ​សកម្មភាព​។ ចំណែក​នៅ​ទីតាំង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​នេះ​ជនខិលខូច​បាន​លួច​បោះបង្គោល​លើ​ដី​រដ្ឋ​រាប់រយ​ហិកតា ដែល​មន្ដ្រី​ឧទ្យានុរក្ស​បាននិង​កំពុង​បន្ត​ចុះ​ល្បាត និង​ដកចេញ​វិញ​ជាប្រចាំ​។

លោក​ថ្លែងថា​៖ «​សកម្មភាព​ដែល​យើង​ចុះ​ដក​បង្គោល​ដែល​ជនខិលខូច​ហ៊ុមព័ទ្ធ​របង និង​បោះបង្គោល​យក​ដី​រដ្ឋ​នេះ​គឺ​យើង​មិនមែន​ទើប​តែ​ធ្វើ​ជា​លើក​ទី​ ១ ​ទេ គឺ​យើង​បាន​ធ្វើ​ជាច្រើន​លើក​កន្លងមក និង​បាន​ដក​បង្គោល​ជាច្រើន​រយ​ដើម​ហើយ​នៅ​ទីតាំង​នេះ​។ ​ជាក់ស្ដែង​ថ្ងៃនេះ​ (៥ ​តុលា​) ​យើង​បាន​ដក​បង្គោល​ឈើ​បាន​ជាង​ ៥០ ​ដើម​ទៀត​»៕