ស្ទឹងត្រែងៈ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងថា ក្រសួងបរិស្ថានគាំទ្រលើការវិនិយោគចម្ការឈើដាំរបស់ក្រុមហ៊ុន ស៊ីងបាយអូថេក ខណៈក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលលើផ្ទៃដីជាង ៣៤ ០០០ ហិកតា សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្មកែច្នៃ។
លោក ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងក្នុងពេលដឹកនាំក្រុមអ្នកសារព័ត៌មានទៅទស្សនកិច្ចចម្ការឈើរបស់ក្រុមហ៊ុនស៊ីងបាយអូថេក កាលពីថ្ងៃទី ៤ ខែកញ្ញា ថា ក្រសួងបរិស្ថានគាំទ្រលើការវិនិយោគចម្ការឈើដាំ ព្រោះវានឹងជួយកាត់បន្ថយសម្ពាធមកលើការប្រើប្រាស់ឈើធម្មជាតិ ហើយការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ និងចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកថ្លែងថា៖ «ការបង្កើតចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងអាចលក់តួនាទីរបស់ព្រៃឈើក្នុងក្របខ័ណ្ឌឥណទានកាបូន»។
លោក ភក្ត្រា ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងតែជំរុញឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព ចូលរួមក្នុងការថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។
លោកបង្ហាញថា តាមទិន្នន័យរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឈើកែច្នៃជាច្រើនម៉ឺនម៉ែត្រគុបត្រូវបានផលិត និងនាំចេញទៅលក់នៅក្រៅប្រទេស។ ដោយសារតែវត្ថុធាតុដើមឈើកែច្នៃនៅក្នុងស្រុកមិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ក្រុមហ៊ុនកែច្នៃឈើជាក្តារកុងប្លាកេ ការ៉ូឈើ និងគ្រឿងសង្ហារិម សម្ភារផ្ទះបាយ តុទូ និងសម្ភារផ្សេងៗបាននាំចូលវត្ថុធាតុដើមជាឈើដាំពីបរទេសអាស្រ័យលើការបញ្ជាទិញពីអតិថិជន។ ក្នុងនោះក្រុមហ៊ុនមួយចំនួនបានទទួលទិញឈើប្រភេទដើមអាកាស្យា ពីអ្នកដាំក្នុងស្រុកមកធ្វើការកែច្នៃផងដែរ។
លោកបន្តថា ផលិតផលឈើកែច្នៃដែលផលិតនៅកម្ពុជាបាននាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ក្រុមហ៊ុនកែច្នៃបានស្វាគមន៍ចំពោះគម្រោងការដាំឈើសម្រាប់កែច្នៃព្រោះ ប្រសិនបើមានវត្ថុធាតុដើមឈើកែច្នៃនៅក្នុងស្រុកកាន់តែច្រើននឹងចូលរួមកាត់បន្ថយការនាំចូលឈើកែច្នៃពីក្រៅប្រទេសហើយក្រុមហ៊ុនត្រៀមទទួលទិញដើម្បីកែច្នៃ។
លោកបន្ថែមថា ការអភិវឌ្ឍចម្ការឈើដាំមានគុណតម្លៃក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមឈើសម្រាប់ឧស្សាហកម្មកែច្នៃឈើ ខណៈការសាងសង់សំណង់នៅកម្ពុជាបាននិងកំពុងរីកចម្រើន និងកើនឡើងខ្ពស់ ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលគម្រោងសាងសង់អគារថ្មីៗជាច្រើន កើតឡើងស្គុសស្គាយ។
លោក សាន សុខហៀង តំណាងក្រុមហ៊ុន ស៊ីងបាយអូថេក បានថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មាននេះដែរថា ក្រោយពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីរបស់ក្រុមហ៊ុននៅចុងឆ្នាំ ២០១៨ ក្រុមហ៊ុនបានរៀបចំផែនការវិនិយោគដោយបានកំណត់ផែនការដាំកូនឈើជាង ៣០ លានដើមពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ នៅលើផ្ទៃដី ៣៤ ០០៧ ហិកតា ស្ថិតនៅក្នុងខេត្តក្រចេះ និងស្រុកសៀមបូកក្នុងខេត្តស្ទឹងត្រែង។
លោកថា ការដាំឈើនេះធ្វើឡើងជាលក្ខណៈឧស្សាហកម្មក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
លោកថ្លែងថា៖ «ក្រុមហ៊ុនទទួលបានការអនុញ្ញាតត្រឹមត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្នុងការឈូសឆាយលើផ្ទៃដីទាំងអស់ដែលជាផ្ទៃដីព្រៃរេចរឹលស្ថិតក្នុងទំហំដីដែលបានទទួលសិទ្ធិប្រើប្រាស់សម្រាប់ធ្វើចម្ការឈើដាំបម្រើក្នុងវិស័យឧស្សាហកម្ម។ ក្រុមហ៊ុនក៏បានបង់ថ្លៃសួយសារ និងបុព្វលាភផលអនុផលព្រៃឈើដែលបានពីការឈូសឆាយដីដែលជាផ្ទៃដីព្រៃរេចរឹលនៅក្នុងអនុតំបន់ផ្សេងៗរបស់ខ្លួនស្របតាមគោលការណ៍ច្បាប់កំណត់»។
បើតាមលោក សាន សុខហៀង រយៈពេល ៥ ឆ្នាំគឺពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ ក្រុមហ៊ុនមានផែនការដាំកូនឈើជាង ៣០ លានដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ។
លោកបន្ថែមថា ក្រុមហ៊ុនក៏បានពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់នៅក្នុងតំបន់នោះដែលមានដីទំនេរ ដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនជីវភាពរបស់ពួកគាត់៕