ព្រះវិហារ: ក្រុមយុវជន ព្រះសង្ឃ និង​សហគមន៍​ព្រៃ​ព្រះរកា​បាន​យក​ញត្តិ​មក​ដាក់ជូន​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ដើម្បី​ស្នើឲ្យ​ចាត់វិធានការ​តាមច្បាប់ ចំពោះ​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ដែល​នៅ​តែ​បន្ត​កើតឡើង​ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ល្បាត​ព្រៃ ៩ ​លើក​ រកឃើញ​បទល្មើស​ព្រៃឈើ ៩៨ ​ករណី​។ ក្រសួង​បរិស្ថាន​បាន​ទទួល​យក​ញត្តិ​នេះ ហើយ​គ្រោង​នឹង​បញ្ជូន​មន្ត្រី​ឲ្យ​ចុះ​ធ្វើការ​ស៊ើបអង្កេត​។

តាមញត្តិ​របស់​ប្រជាសហគមន៍​ព្រៃព្រះរកា​ចំនួន ៣ ​ទំព័រ​ ដែលមាន​ស្នាម​មេដៃ​ចំនួន​ ១៥៤ នាក់​ បាន​ដាក់​ជូន​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​ ២៨ កុម្ភៈ បាន​សរសេរ​នៅត្រង់​ចំណុច​ទី​ ១ ​ថា​ការផាក​ពិន័យ​អន្តរកាល​ពុំមាន​ប្រសិទ្ធភាព ដោយសារ​ជនល្មើស​មាន​ថៅកែ​ជា​អ្នក​បង់លុយ​ជំនួស ដូច្នេះ​ពួកគេ​នៅ​តែ​អាច​ចូល​ព្រៃ​កាប់​ឈើ​បន្តទៀត​។

ចំណុច​ទី​ ២ ​នៃ​ញត្តិ​សរសេរ​ថា មាន​ផ្លូវ​ខ្វាត់ខ្វែង​ក្នុង​ព្រៃ​ងាយស្រួល​ដល់​ក្រុម​ជនល្មើស​ដឹកជញ្ជូន​ឈើ​ និង​សត្វព្រៃ​។ ទី​៣- ​ពុំមាន​ការស៊ើបអង្កេត​រក​អ្នក​នៅ​ពី​ក្រោយខ្នង​ចាំ​ទទួល​ទិញ​ឈើ នៅពេល​ចាប់​ជនល្មើស​បាន​ម្ដងៗ​។ ទី​៤- ​ពុំមាន​យន្តការ​តាមដាន​ត្រួតពិនិត្យ​ដាក់ទោស​មន្ត្រី​អនុវត្ត​ច្បាប់​មិនល្អ ឬ​មន្ត្រី​ឃុបឃិត​ជាមួយ​ឈ្មួញ​ពាក់ព័ន្ធ​។ ទី​៥- ​ពុំមាន​ការចុះពិនិត្យ​តាម​ផ្ទះ​ពលរដ្ឋ​នៅ​ជុំវិញ​ដែនជម្រក​សត្វព្រៃ​ព្រះរកា និង​ទី​៦- ​ជនល្មើស​ចូល​អារឈើ​ និង​ដឹកជញ្ជូន​ឈើ​នៅពេល​យប់​បង្ក​ការលំបាក​ក្នុង​ការឃាត់ ឬ​ចាប់​មក​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ​។

លោក ថង ស៊ុត តំណាង​ប្រជាសហគមន៍​ទាំង ១៥៤ នាក់​ដែល​មាន​ស្នាម​មេដៃ​នៅក្នុង​ញត្តិ​បាន​ថ្លែងថា ក្រុម​លោក​ចំនួន​ជាង ២០ ​នាក់​ បាន​យក​ញត្តិ​មាន​ស្នាម​មេដៃ​នេះ​មក​ដាក់ជូន​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​ស្នើឲ្យ​លោក​ជួយ​អន្តរាគមន៍​ទៅ​មន្ត្រី​ជំនាញ​មូលដ្ឋាន ពង្រឹង​ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​ព្រៃឈើ​នៅក្នុង​ព្រៃ​ព្រះរកា​ស្ថិតនៅ​ប្រជុំជន​ស្រុក​ឆែប ជាំក្សាន្ដ និង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​។

លោក​បន្តថា បទល្មើស​ព្រៃឈើ​ចំនួន​ ៩៨ ​ករណី​ ដែល​ពួកលោក​រួមគ្នា​ចុះ​ល្បាត​ចំនួន ​៩ លើក​ ចាប់តាំងពី​ដើម​ឆ្នាំ ២០១៩ ​រហូតមក​ដោយ​រឹបអូស​ឈើ​បាន​ជាង​ ៤០០ (៤១៨) ​បន្ទះ​ក្នុង​នោះ​មាន​ប្រភេទ​ឈើ គគីរ កកោះ ផ្ដៀក ពពេល និង​ស្រឡៅ​ជាដើម​។ លោក​ថា ខ្លឹមសារ​ញត្តិ​នេះ​បាន​ភ្ជាប់​ភ័ស្តុតាង​មួយចំនួន​រួមមាន លេខ​ GPS ​ឃ្លីប​វីដេអូ​បង្ហាញពី​សកម្មភាព​អ្នក​ដឹកឈើ​ខុសច្បាប់​ដែល​ក្រុម​ជនល្មើស​សារភាពថា ខ្លួន​ដឹកឈើ​ឲ្យ​ថៅកែ​មាន​អំណាច​ម្នាក់​។

លោក​បញ្ជាក់ថា​៖ «​យើងខ្ញុំ​សង្កេតឃើញ​មាន​សកម្មភាព​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​កើតមាន​ជា​ហូរហែ ឥត​ស្រាកស្រាន្ត​ពី​សំណាក់​ក្រុម​ជនខិលខូច​ដែល​បាន​ចូល​ទៅ​កាប់ និង​ដឹកឈើ​ធ្វើ​អាជីវកម្ម បើទោះបី​ជា​រដ្ឋាភិបាល​បានដាក់​តំបន់​នេះ​ចូល​ជា​ដែនជម្រក​សត្វព្រៃ​ព្រះរកា​តាំងពី​ឆ្នាំ​ ២០១៦ ​យ៉ាង​ណា​ក្តី​»​។

លោក ហែត ណៃ ពលរដ្ឋ​សហគមន៍​ម្នាក់​ដែល​បានមក​ដាក់​ញត្តិ​នៅ​ក្រសួងបរិស្ថាន​ពីថ្ងៃ​ទី​ ២៨ ខែ​កុម្ភៈ​ផងដែរ​បាន​ឲ្យ​ដឹងថា ការដោះស្រាយ​បញ្ហា​នេះ​នឹង​មិន​មាន​អ្វី​លំបាក​ទេ ប្រសិន​បើ​រដ្ឋាភិបាល និង​ក្រសួងបរិស្ថាន​មាន​ឆន្ទៈ​ដោះស្រាយ ព្រោះ​ពលរដ្ឋ​សហគមន៍​បាន​បង្ហាញ​គោល​គំនិត​មួយចំនួន​ដាក់​ក្នុង​ខ្លឹមសារ​ញត្តិ​រួចជាស្រេច ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ដោយ​ក្រសួង ត្រូវ​តែ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងព្រៃ​ព្រះ​រកា​។

លោក​បញ្ជាក់ថា​៖ «​យើង​មើលឃើញ​ថា ការអនុវត្ត​ច្បាប់​នៅ​ដែនជម្រក​សត្វព្រៃ​ព្រះ​រកា​ហ្នឹង​មាន​ដែរ​ ប៉ុន្តែ​វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ​។ ក្រៅពី​សកម្មភាព​ល្បាត​ដោយ​មន្ត្រី​ឧទ្យានុរក្ស​ហ្នឹង ខ្ញុំ​គិត​ថា​ក្រសួង​ត្រូវមាន​យុទ្ធសាស្ត្រ​បន្ថែម​ទៀត​ដូច្នេះ​ចង់​ឲ្យ​ក្រសួង​ហ្នឹង​បង្ហាញ​យុទ្ធសាស្ត្រ​ពី​សកម្មភាព​ខ្លួនឯង​ជាក់លាក់​»​។

លោក នេត្រ ភត្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​យ៉ាងខ្លី​កាលពី​ម្សិលមិញ​ថា មន្ត្រី​ក្រសួង​បរិស្ថាន​បាន​ទទួលយក​ញត្តិ​នេះ​ពី​ប្រជាសហគមន៍​រួចរាល់​ហើយ​ដោយ​ក្រសួង​គ្រោង​នឹង​ចាត់បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​លើ​ទីតាំង​នោះ​ផ្ទាល់​ដូច​ដែល​មាន​សរសេរ​នៅក្នុង​ខ្លឹមសារ​ញត្តិ​របស់​សហគមគន៍​។

គួររំឭក​ថា ព្រៃ​ព្រះរកា​គឺជា​ព្រៃធំ​ទី​ ២ បន្ទាប់ពី​ព្រៃឡង់​ដែល​ស្ថិតនៅ​ចំណុចប្រសព្វ​នៃ​ស្រុក​ ៣ ​ក្នុង​ខេត្តព្រះវិហារ​ដូចជា ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុកឆែប​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ ៩៥ ៩០៥ ហិកតា ​ដែល​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​សត្វព្រៃ​គ្រប់​ប្រភេទ​ និង​ឈើ​ប្រណីត​ជាពិសេស​ដើមឈើ​ទាល​ដើម​ជ័រទឹក​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​នេះ​ចំនួន ១៥ ០៤៦ នាក់​ ក្នុង​ភូមិ​ចំនួន ២១ ​ភូមិ​៕