ភ្នំពេញៈ ក្រសួង​បរិស្ថាន​បាន​ចេញ​ប្រកាស​មួយ​ដែល​កំណត់​ផ្ទៃដី​ ៥០៦ ​ហិកតា​នៅ​ក្នុង​តំបន់​ភ្នំ​ក្រវាញ​ជា​តំបន់​ការពារ ដើម្បី​អភិរក្ស​ដើម​ក្រវាញ ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។

ប្រកាស​នេះ​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់​កាលពី​ថ្ងៃ​អង្គារ​មាន​គោលបំណង​ការពារ​ និង​អភិរក្ស​ដើម​ក្រវាញ ដែល​ជា​ប្រភេទ​ដើមឈើ​ដែល​កំពុង​ក្លាយ​ជា​ដើមឈើ​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ជា សំអាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិរក្ស​ធនធាន​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា អាជ្ញាធរ​ក៏​ចង់​លើក​កម្ពស់​ការយល់​ដឹង និង​ធានា​ថា​ដើម​ក្រវាញ​អាច​ត្រូវការ​ថែរក្សា​នៅក្នុង​ប្រទេស​នេះ​។

លោក សំអាង បាន​ថ្លែង​បន្ត​ថា​ប្រជាជន​អាច​ប្រើប្រាស់​ដើម​ក្រវាញ​សម្រាប់​ជា​ស្បៀងអាហារ និង​ថ្នាំពេទ្យ​។

លោក សំអាង បាន​បញ្ជាក់​ថា​៖ «​វា​ជា​ប្រភេទ​នៃ​ថ្នាំ​បុរាណ ហើយ​យើង​ចាត់​ទុក​វា​ជា​បេតិកភណ្ឌ​ធម្មជាតិ​នៅ​តំបន់​នោះ ដូច្នេះ​វា​ចាំបាច់​ដែល​ត្រូវការពារ​»​។ «​ក្រសួង​ការពារ​តំបន់​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​ផ្តោត​ជាក់លាក់​លើ​ដើម​ក្រវាញ​ទេ​។ ក្រសួង​ក៏​មិន​ទាន់​បាន​កំណត់​ថា​តើ​ក្រសួង​នឹង​ការពារ​ដើម​ក្រវាញ​ដូចម្តេច​នៅ​ក្នុង​តំបន់​ការពារ​ពី​ការប្រមូលផល​ទ្រង់ទ្រាយ​ធំៗ​»​។

លោក​បន្ត​ថា​ ការបំពាន​ប្រកាស​នេះ​ត្រូវ​បាន​កំណត់​រួច​ហើយ​នៅក្នុង​ច្បាប់ ប៉ុន្តែ​សម្រាប់​ការអនុវត្ត​ត្រូវការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​។ ប៉ុន្តែ​នឹង​ត្រូវការ​កំណត់​លក្ខខណ្ឌ​សម្រាប់​ការអនុញ្ញាត​ឲ្យ​គ្រួសារ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប្រមូលផល​ដើម​ក្រវាញ​ក្នុង​លក្ខខណ្ឌ​ទទួល​ខុសត្រូវ និង​ក្នុង​ទ្រង់ទ្រាយ​តូច ដើម្បី​ធានា​អនាគត​យូរអង្វែង​នៃ​ដើម​ក្រវាញ​។ សហគមន៍​នៅ​តែ​អាច​ពឹង​ផ្អែក​លើ​ការប្រមូលផល​ដើម​ក្រវាញ ប៉ុន្តែ​ត្រូវ​ធ្វើឲ្យ​ប្រាកដ​ថា វា​មាន​លក្ខណៈ​ចីរភាព​។ ប្រជាពលរដ្ឋ​មិន​អាច​ប្រមូលផល​ច្រើន​តាម​ដែល​ពួកគេ​ចង់​នោះ​ទេ​។ យើង​នៅ​ត្រូវការ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​នៅ​ឡើយ​អំពី​របៀប​ដើម្បី​សម្រេច​ការងារ​នេះ​»​។

លោក ហេង សុភាណា អភិបាលស្រុក​វាលវែង​បាន​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​។

លោក​បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​ក្រសួង​អាច​ធ្វើ វា​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន ហើយ​វា​សំខាន់​សម្រាប់​ខេត្ត​របស់​យើង ដោយសារ​វា​ជា​អត្តសញ្ញាណ​នៃ​ខេត្ត​របស់​យើង​»៕ PS