
ភ្លើងឆេះព្រៃនៅតំបន់អភិរក្សព្រែកទាល់កន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង ដល់ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ឲ្យចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ខណៈដែលកម្ពុជានឹងទទួលរងឥទ្ធិពលបាតុភូតអែលនីណូ ដែលអាកាសធាតុនឹងឡើងកម្តៅខ្លាំងនៅក្នុងរដូវប្រាំងនេះ។
តាមសេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ដែលចេញកាលពីម្សិលមិញអំពីវិធានការទប់ស្កាត់ភ្លើងឆេះព្រៃនេះគឺយោងទៅតាមសារាចរណែនាំចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការចាត់វិធានការថែរក្សាទឹកទុក ខណៈកម្ពុជានឹងទទួលរងដោយប្រយោល ពីឥទ្ធិពលបាតុភូត អែលនីណូ (El Nino) នឹងបង្កឱ្យធាតុអាកាសនារដូវប្រាំងនេះ ពិសេសក្នុងខែមេសា និងឧសភា មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមា នៅពេលខ្លះអាចហក់ឡើងដល់ ៤០ អង្សា ទៅ ៤២ អង្សា។
សេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា អាកាសធាតុក្តៅហួតហែងរបៀបនេះ នឹងធ្វើឱ្យព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ងាយទទួលរងនូវបាតុភូតភ្លើងឆេះព្រៃ ដោយសារកត្តាធម្មជាតិ និងសកម្មភាពមនុស្ស។ តាមការកត់សម្គាល់របស់ក្រសួងបរិស្ថាន និងយោងតាមរបាយការណ៍ពីថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងថ្នាក់តំបន់ បញ្ហាភ្លើងឆេះព្រៃតែងតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនានា របស់ប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសក្នុងរដូវប្រាំង។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងកាលពីម្សិលមិញថា៖ «នេះជាវិធានការបង្ការទុកជាមុន ព្រោះជារៀងរាល់ឆ្នាំ នៅរដូវប្រាំងតែងតែមានការឆេះព្រៃនៅតំបន់ខ្លះដោយកត្តាធម្មជាតិ និងកត្តាមនុស្ស។ ឆ្នាំនេះ ប្រុងប្រយ័ត្នខ្លាំងជាងនេះ ព្រោះឆ្នាំនេះ អាកាសធាតុអាចហួតហែងខ្លាំង ងាយនឹងបង្កើតឱ្យមានអគ្គិភ័យជាយថាហេតុដោយសារទង្វើមនុស្សចាប់សត្វ ឬដុតសំណល់ក្នុងតំបន់ការពារធម្មជាតិ»។
កត្តាចម្បងដែលបង្កឱ្យមាន ភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានដូចជា ការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធិ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅថ្មីៗ និងការដុតព្រៃដើម្បីចាប់សត្វព្រៃ និងការធ្វេសប្រហែសរបស់មនុស្ស។
បើតាមសេចក្តីជូនដំណឹងដដែលដើម្បីបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្រសួងបរិស្ថាន បានធ្វើសេចក្តីណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិមន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ច រួមទាំងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តវិធានការចំនួន ៦ ចំណុច។
វិធានការទាំងនោះរួមមាន ទប់ស្កាត់និងណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយដើម្បីប្រមូលផល អនុផលព្រៃឈើ ការដុតព្រៃស្ទាក់ចាប់សត្វ និងការដុតវាលស្មៅ។ ទប់ស្កាត់ការកាប់ឆ្ការទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹកនិងរាលដាលដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ស្នាក់ការ ស្នាក់ការរង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិជាដើម។
ក្រសួងបរិស្ថានបានរំឭកថា អនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៦២ ការបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី ៤ ដែលត្រូវផ្តន្ទាទោស និងផាកពិន័យជាប្រាក់។
តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងបរិស្ថានមានជំនឿ និងទំនុកចិត្ត ចំពោះគ្រប់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធសហគមន៍ ព្រះសង្ឃ និងពលរដ្ឋបានយល់ច្បាស់ពីករណីយកិច្ចក្នុងការការពារទប់ស្កាត់ និងបង្ការភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយនឹងមន្ទីរបរិស្ថានរាជធានី-ខេត្ត អនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
(កែសម្រួល សូ វិសាល)