ភ្នំពេញៈ ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រង និងការប្រើប្រាស់អាវុធដល់មន្ត្រីឧទ្យានុរក្សដោយហាមដាច់ខាតការបាញ់បោះអាវុធបើទោះបីជាក្នុងពេលកំពុងបំពេញបេសកកម្មក៏ដោយ លើកលែងតែក្នុងករណីពិសេសដែលត្រូវការពារខ្លួននូវគ្រោះថ្នាក់ចំពោះមុខតែប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នកម្ពុជាមានមន្ត្រីឧទ្យានុរក្សជាង ១២០០ នាក់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា សេចក្តីណែនាំនេះធ្វើឡើងដើម្បីគ្រប់គ្រងឱ្យបានល្អនូវការប្រើប្រាស់អាវុធ ក៏ដូចជាការគ្រប់គ្រងគ្រាប់រំសេវនៅតាមតំបន់ការពារធម្មជាតិឱ្យបានល្អ ស្របតាមច្បាប់ដែលមានជាធរមាន និងធ្វើឡើងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដើម្បីឱ្យមានការគ្រប់គ្រងច្បាស់លាស់លើអាវុធគ្រាប់រំសេវទាំងនោះ។
លោកបញ្ជាក់ថា៖ «សេចក្តីណែនាំនេះត្រូវបានបញ្ជូនដល់មន្ត្រីពាក់ព័ន្ធដូចជាប្រធានមន្ទីរបរិស្ថាន នាយកដែនជម្រកសត្វ នាយកឧទ្យានជាតិទាំងអស់ និងបានណែនាំត្រូវតែអនុវត្តឱ្យបានល្អ»។
លោកបន្តថា ដើម្បីគ្រប់គ្រងអាវុធគ្រាប់រំសេវតាមតំបន់ការពារធម្មជាតិស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងក្រមព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាព ក្រសួង បរិស្ថានបានដាក់ចេញនូវបទបញ្ជាត្រូវរៀបចំឃ្លាំង និងមានធ្នើរដាក់អាវុធនៅទីតាំងដែលមានសុវត្ថិភាព និងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការថែរក្សាអាវុធ ព្រមទាំងមានអ្នកគ្រប់គ្រងឃ្លាំង និងមានបញ្ជីចេញចូលច្បាស់លាស់។
បើយោងតាមសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃទី ៩ ខែកញ្ញាបានឲ្យដឹងថា មន្ត្រីបរិស្ថានអាចប្រើប្រាស់អាវុធបានតែក្នុងពេលចុះបំពេញបេសកកម្មល្បាត ទប់ស្កាត់បង្ក្រាបបទល្មើស ធនធានធម្មជាតិគ្រប់រូបភាពក្នុងតំបន់ ការពារធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម និងប័ណ្ណសម្គាល់អាវុធឱ្យបានត្រឹមត្រូវ ហើយក្នុងពេលបំពេញ បេសកកម្ម ហាមដាច់ខាតការបាញ់បោះ លើកលែងក្នុងករណីពិសេសដែលត្រូវការពារខ្លួននូវគ្រោះថ្នាក់ចំពោះមុខដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។
សេចក្តីណែនាំបញ្ជាក់ថា៖ «ក្រោយពីបញ្ចប់បេសកកម្មត្រូវប្រមូលអាវុធទាំងអស់លាងសម្អាត និងរក្សាទុកក្នុងឃ្លាំងដាក់លើធ្នើរឱ្យបានត្រឹមត្រូវដោយដោះគ្រាប់ចេញ និងចាក់សោឱ្យបានគត់មត់ល្អ មានសុវត្ថិភាព និងមានការកត់ត្រាបញ្ជីចេញចូលឱ្យបានត្រឹមត្រូវ និងច្បាស់លាស់»។
ទន្ទឹមនឹងនេះដែរសេចក្តីណែនាំក៏បានបញ្ជាឲ្យមន្ត្រីបរិស្ថានត្រូវធ្វើការរាយការណ៍មិនលើសពីម្ភៃបួន (២៤) ម៉ោងក្រោយពេលដឹងថា មានការបាត់អាវុធ ឬប័ណ្ណសម្គាល់អាវុធ ឬគ្រាប់រំសេវដល់មន្ត្រីសមត្ថកិច្ចមូលដ្ឋានដោយ មានសាក្សីដឹងឮម្នាក់ ឬ ២ នាក់។
សេចក្តីណែនាំបន្ថែមថា៖ «មន្ត្រីឧទ្យានុរក្សប្រចាំការតាមតំបន់ការពារធម្មជាតិដែលមានសិទ្ធិប្រើប្រាស់អាវុធទាំងអស់ត្រូវបានហាមដាច់ខាតនូវរាល់ការលក់ការផ្ទេរ ឬឱ្យខ្ចីអាវុធគ្រាប់រំសេវទៅឱ្យបុគ្គលណាមួយ ទោះក្នុងករណីណាក៏ដោយ។ ប្រធានការិយាល័យតាមតំបន់ការពារធម្មជាតិនីមួយៗត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រង និងប្រើប្រាស់អាវុធ និងគ្រាប់រំសេវក្នុងតំបន់ការពារធម្មជាតិរបស់ខ្លួនឱ្យបានហ្មត់ចត់»។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើយល់ថាការផ្តល់អាវុធដល់មន្ត្រីឧទ្យានុរក្សដែលការពារព្រៃឈើ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើគឺជាការល្អសម្រាប់មន្ត្រីទាំងនោះការពារខ្លួន តែលោកថាកន្លងទៅមន្ត្រីឧទ្យានុរក្សព្រៃឈើមួយចំនួនបានប្រើប្រាស់អាវុធទៅការពារអ្នកកាប់បំផ្លាញព្រៃឈើ និងគំរាមសកម្មជនបរិស្ថានទៅវិញ។
លោកបានបន្តថា៖ «ពួកគេគ្រាន់តែយក (អាវុធ) ទៅបន្លាច តែពួកគេមិនហ៊ានយកទៅបាញ់ឈ្មួញដែលរកស៊ីឈើ និងកាប់បំផ្លាញព្រៃឈើនោះទេ»។
បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្នក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៦២ កន្លែង មានទំហំប្រមាណ ៧ ២៤៩ ០២៤ ហិកតា ដែលក្នុងនោះមានឧទ្យានជាតិចំនួន ១២ កន្លែង ដែនជម្រកសត្វព្រៃចំនួន ២០ កន្លែង តំបន់ការពារទេសភាពចំនួន ១២ កន្លែង តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ៨ កន្លែង តំបន់រ៉ាមសារចំនួន ៥ កន្លែង តំបន់បេតិកភណ្ឌធម្មជាតិចំនួន ២ កន្លែង និងរបៀងអភិរក្ស ជីវសាស្ត្រចម្រុះចំនួន ៣ កន្លែង ហើយក្នុងការការពារ និងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះ ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១ ២២០ នាក់ ដែលកំពុងឈរជើងការពារយ៉ាងហ្មត់ចត់នូវធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិទាំងនោះ៕