ភ្នំពេញៈ ក្រសួង​បរិស្ថាន និង​ដៃគូ​អន្តរជាតិ​ពាក់ព័ន្ធ​ពី​ម្សិលមិញ​ប្រកាស​សាកល្បង​គម្រោង​ «​ការបង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា​» (PES) ​លើក​ដំបូង​នៅ​ភ្នំ​គូលែន ខេត្ត​សៀមរាប និង​តំបន់​ក្បាលឆាយ ខេត្ត​ព្រះសីហនុ ខណៈ​ក្រសួង​រំពឹង​ទទួល​បាន​ចំណូល​សរុប​ចំនួន​ ៤,១០ ​លាន​ដុល្លារ​អាមេរិក ​ក្នុង​ ១ ​ឆ្នាំ​។

ការបង្ហាញ​នេះ​ក្នុង​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្ដីពី​ «​ការបង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា​» ​ដើម្បី​ដាក់​ដំណើរការ​គម្រោង​នេះ​នៅ​តំបន់​ក្បាលឆាយ ខេត្ត​ព្រះសីហនុ និង​ឧទ្យាន​ជាតិ​ជ័យវរ្ម័ននរោត្តម ភ្នំ​គូលែន​ ខេត្ត​សៀមរាប​មាន​ការចូលរួម​ពី​ដៃគូ​អង្គការ​អន្តរជាតិ និង​អ្នកពាក់ព័ន្ធ​ប្រមាណ​ជិត​ ២០០ ​នាក់ ​នៅ​សណ្ឋាគារ​ភ្នំពេញ​។

លោក​ ម៉េង មុនីរក្ស ប្រធាន​នាយកដ្ឋាន​ជីវចម្រុះ​នៃ​ក្រសួង​បរិស្ថាន​ថ្លែងថា ការសម្រេច​អនុវត្ត​សាកល្បង​គម្រោង​ការបង់​ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា Promoting Payments for Ecosystem Services (PES) នៅ​ភ្នំ​គូលែន​មុនគេ​នេះ ដោយសារ​ភ្នំ​គូលែន​មាន​ប្រភព​ទឹក​ធម្មជាតិ​ដ៏សំខាន់​មួយ​របស់​ខេត្ត​សៀមរាប ហើយ​តម្រូវការ​ទឹក​ក្នុង​ខេត្ត​មាន​ការកើនឡើង​ជា​ខ្លាំង​។ ដូច្នេះ​គេ​អាច​ទាញ​ប្រយោជន៍​ពី​ទឹក​ក្រោម​ដី​មកប្រើប្រាស់​បាន​តាម​តម្រូវការ​។

លោក​ថា ឯ​ការសាកល្បង PES នៅ​ក្បាលឆាយ ព្រោះ​វា​មាន​ប្រភព​ទឹកធម្មជាតិ​ដ៏សំខាន់​បំផុត​របស់​ខេត្ត​ព្រះសីហនុ​ហើយ​ទឹក​ក្នុង​ដី​​អាច​ទាញ​យក​មកប្រើប្រាស់​បាន​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​អនុវត្ត​អនុសាសន៍ និង​សេចក្ដី​សម្រេច​សម្រាប់​គម្រោង PES ដែល​បាន​ព្រាង​គឺ​អនុវត្ត​ច្បាប់ និង​បញ្ញតិ្ត​តម្រូវ​ឲ្យ​អ្នកប្រើប្រាស់​ទឹក​ក្នុង​រូបភាព​ពាណិជ្ជកម្ម​ត្រូវ​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​។ ប្រើ​យន្តការ​គ្រប់គ្រង​ថវិកា​ដែល​ទទួលបាន និង​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព និង​យន្តការ​បែងចែក​ផល​ដែល​ទទួលបាន​ដល់​អ្នកពាក់ព័ន្ធ ពិសេស​សហគមន៍​ដែល​មាន​ចំណែក​ដី​ក្នុង​តំបន់​គម្រោង​»​។

លោក​ អ៊ុំ សូនី ប្រធាន​គម្រោង BESD នៃ​ UNDP ថ្លែងថា តាម​លទ្ធផល​នៃ​ការសិក្សា​ពី​លទ្ធភាព​ដែល​អាច​ទាញ​ប្រយោជន៍​មកប្រើប្រាស់​ជា​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ភ្នំ​គូលែន​មានដូចជា ប្រភពទឹក​ (​ទឹក​មាន​ជាតិ​រ៉ែ​) ទេសភាព និង​វប្បធម៌​។

ក្នុងនោះ​មាន​អ្នក​ចាំ​លក់​សេវាកម្ម​ចំនួន​ ៤ រួមមាន General Department of Administration for Nature Conservation and Protection (GDANCP), Provincial Department of Environment (PDoE) សហគមន៍​មូលដ្ឋាន និង​អាជ្ញាធរ​ជាតិ​អប្សរា​។ ចំពោះ​គោលដៅ​អ្នក​ដែល​មាន​តម្រូវ​ការទិញ​សេវាកម្ម រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ភ្នាក់ងារ​សេវាកម្ម​ទេសចរណ៍ និង​សិប្បកម្ម ឧស្សាហកម្ម (​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​)​។

លោក​បន្តថា ចំណែក​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្បាលឆាយ​ដែល​ទាញ​ជា​ប្រយោជន៍​បាន​ដូចជា ទឹកស្អាត (​ទឹក​មាន​ជាតិ​រ៉ែ​) និង​ទេសភាព​។ ក្នុងនោះ​មាន​អ្នក​នៅចាំ​លក់​សេវាកម្ម​គឺ​ស្ថាប័ន​ ៤ ​ខាងលើ​។ រីឯ​អ្នកទិញ​សេវាកម្ម​រួមមាន សណ្ឋាគារ ផ្ទះសំណាក់ (Accommodations and Apartment) ក្លិប​កម្សាន្ដ សិប្បកម្ម ឧស្សាហកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ព្រះសីហនុ​ (SPSEZ) ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ទឹងហាវ​ (SHSEZ) តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ (SSEZ) និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​។

លោក​ សូនី បញ្ជាក់ថា​៖ «​ការប៉ាន់ប្រមាណ​នៃ​ថវិកា​សរុប​ចេញ​សម្រាប់​ការអនុវត្ត​គម្រោង PES ទាំង​ ២ ​តំបន់​នេះ យើង​រំពឹង​ទទួល​ចំណូល​ពី​តំបន់​ក្បាលឆាយ​ចាប់ពី​ចំនួន​ ០,៩ ទៅ​ដល់​ ១,១ ​លាន​ដុល្លារ​អាមេរិក​។ ចំណែក​តំបន់ភ្នំ​គូលែន យើង​អាច​រំពឹង​ទទួល​បាន​ចំណូល​ចាប់ពី​ ២,៩ ​ទៅ​ ៣,៩ លាន​ដុល្លារ​អាមេរិក​ក្នុង ​១ ​ឆ្នាំ​»​។

លោក​ សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ថ្លែង​ថា ភាគី​ពាក់ព័ន្ធ​ត្រូវ​ខំ​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​ការសាកល្បង​គម្រោង​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​ក្បាលឆាយ និង​ភ្នំ​គូលែន​បន្តទៀត ដើម្បី​ការអនុវត្ត​គម្រោង​អាច​ដើរទៅ​មុខ​។

លោក​ថ្លែង​ថា​៖ «​យើង​ត្រូវផ្ដោត​យកចិត្ត​ទុកដាក់​លើ​ប្រធានបទ ហើយ​ត្រូវ​ពិនិត្យ​មើល​ថា តើ​បទពិសោធ​ណា​ដែល​ត្រូវអនុវត្ត​ក្នុង​បរិបទ​តាម​ស្ថានភាព​ជាក់ស្ដែង​នៅ​តាម​តំបន់​ក្នុង​ប្រទេស​កម្ពុជា​។ សូម​ឲ្យ​វាគ្មិន​ដែល​មាន​បទពិសោធ​អាច​ផ្ដល់​អនុសាសន៍​សម្រាប់​ប្រទេស​យើង​។ ត្រូវ​រៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​ដែល​មាន​ចរិត​គ្រប់​ជ្រុងជ្រោយ​ជាពិសេស​កំណត់ តួនាទី​របស់​ភាគី​ពាក់ព័ន្ធ​ឲ្យ​បាន​ច្បាស់លាស់​»​។

លោក Jin Leshan អគ្គនាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​ការបង់ថ្លៃ​អេកូឡូស៊ី​នៅ​ប្រទេស​ចិន​ថ្លែង​ថា ប្រព័ន្ធ​អេកូឡូស៊ី​បាន​និង​កំពុង​ផ្តល់​ឲ្យ​មនុស្ស​រួមមាន សេវា​ផ្គត់ផ្គង់​ (​អាហារ ថ្នាំពេទ្យ ឈើ ប្រេង ត្រី វត្ថុធាតុដើម​) ​សេវា​គាំទ្រ​ (​ការធ្វើ​វដ្ត​ជីវជាតិ​ដី ការផ្តល់​ទីជម្រក​ប្រភេទ​សត្វ​/​រុក្ខជាតិ​)​។ សេវា​វប្បធម៌​ (​ទេសចរណ៍​ជា​ប្រពៃណី ធម្មជាតិ ការអប់រំ កម្សាន្ត​) និង​សេវានិយតកម្ម​ (​ការគ្រប់គ្រង​អាកាសធាតុ ការញែក​កាបូន និង​ការផ្តល់​ជីវជាតិ​ដល់​ដី ចម្រោះ​ទឹក និង​និយតកម្ម​លំហូរ​ទឹក​ជាដើម​)៕