
មន្ត្រីបរិស្ថាននិងប្រជាសហគមន៍បំបួសដើមឈើនៅព្រៃឡង់កាលពីថ្ងៃទី ១៧ ខែកុម្ភៈ។ ក្រសួងបរិស្ថាន
កំពង់ធំៈ ក្រសួងបរិស្ថាន និងពលរដ្ឋជាង ៣០០ នាក់ មកពីសហគមន៍ការពារធម្មជាតិ នៃខេត្តចំនួន ៤ មានខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ ដែលគ្រប ដណ្តប់ដោយព្រៃឡង់ បានជួបជុំគ្នា ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ធ្វើពិធីបំបួសដើមឈើ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឲ្យបន្តគង់វង្សសម្រាប់អនាគត ខណៈដែលបទល្មើសព្រៃឈើនៅក្នុងតំបន់នេះនៅតែបន្តកើតមាន។
ក្រសួងបរិស្ថាន បានបង្ហាញលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ពិធីបំបួសដើមឈើនេះ បានធ្វើឡើង រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ដោយមានការចូលរួម ពីតំណាងមកពីក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរមូលដ្ឋាន សិស្ស-និស្សិត ព្រះសង្ឃ ប្រជាពលរដ្ឋ តំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ។
អ្នកស្រី ភោគ ហុង សមាជិកម្នាក់នៃគណៈកម្មការព្រៃឡង់ ខេត្តព្រះវិហារ បានឲ្យដឹងថា គោលបំណងដែលរៀបចំឲ្យមានការបំបួសដើមឈើនេះ គឺជាការរក្សាប្រពៃណីសាសនាជនជាតិដើមភាគតិច និងការរំឭកគុណព្រៃឈើ ដែលបានផ្តល់ប្រភពធនធានក្នុងការផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាព្រៃឈើ ការពារធនធានជីវចម្រុះ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ឲ្យបានគង់វង្ស។
លោក វង់ សាន ប្រធានសហគមន៍ក្បាលខ្លា នៃតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បញ្ជាក់ថា ព្រៃឡង់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្ស វាអាចជួយទាក់ទាញទឹកភ្លៀង កាត់បន្ថយកម្តៅ រួមទាំងការផ្តល់នូវអនុផលពីព្រៃឈើ ដូចជាផ្លែឈើ វល្លិ ផ្សិត ជ័រ ដែលជួយប្រជាសហគមន៍ អាចរកប្រាក់ចំណូលគ្រប់រដូវកាល។
លោកបន្ដថា៖ «តំបន់នេះក៏កើតមានបញ្ហា ប្រឈមដោយសារមានជនខិលខូចមួយចំនួន នៅតែលួចអារដើមឈើ និងបរបាញ់សត្វព្រៃ ខណៈពេលដែលបណ្តាញសហគមន៍ព្រៃឈើ និងសមត្ថកិច្ចមានការខ្វះចន្លោះ បន្ទាប់ពីការចុះល្បាត»។
លោក ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថានបានឲ្យដឹងថា៖ «ពិធីបំបួសដើមឈើជាប្រវត្តិសាស្ត្រនេះ បានរៀបចំឡើងជាលើកទី១ដែលមានប្រជាសហគមន៍ការពារព្រៃឡង់ច្រើនកុះករមកពី ៤ ខេត្តជួបគ្នាមិនធ្លាប់មាន»។
លោក បូរិន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រជាសហគមន៍ នៃបណ្តាញការពារព្រៃឡង់ទាំង ៤ ខេត្ត រួមទាំងមន្ត្រីឧទ្យានុរក្ស ដែលបានយកចិត្តទុកដាក់ ការពារ ថែរក្សា ស្រឡាញ់ព្រៃឈើ ធ្វើឲ្យព្រៃឈើនៅក្នុងព្រៃឡង់ មានទ្រង់ទ្រាយល្អរហូតមកដល់សព្វថ្ងៃ។
លោកបានចាត់ព្រឹត្តិការណ៍បំបួសដើមឈើថា នឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីគុណតម្លៃរបស់ព្រៃឈើចំពោះមនុស្សទាំងអស់គ្នា ហើយសង្ឃឹមថា ពួកគាត់ចេះចូលរួមថែរក្សាធនធានធម្មជាតិឲ្យបានល្អប្រសើរថែមទៀត។
លោកបញ្ជាក់ថា៖ «ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសហគមន៍ នៅតាមតំបន់ការពារធម្មជាតិទាំងអស់ចាប់ពីឆ្នាំ ២០១៧ រហូតមក តាមរយៈការផ្តល់ពូជសត្វ សម្ភារកសិកម្ម និងសកម្មភាពទ្រទ្រង់ជីវភាពសហគមន៍ផ្សេងទៀត ហើយសហគមន៍នៅដែនជម្រកសត្វព្រៃព្រៃឡង់ និងទទួលបានការគាំទ្រដូចគ្នានៅក្នុងឆ្នាំ ២០១៩ នេះ»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា៖ «កម្មវិធីនេះ យើងបានចូលរួមពីមុនមកដែរ ប៉ុន្ដែឆ្នាំនេះយើងចូលរួមធំជាមួយបណ្ដាញព្រៃឡង់ ហើយគោលដៅសំខាន់គឺដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃឡង់របស់យើងឲ្យបានគង់វង្ស»។
គួរបញ្ជាក់ថា ពិធីបុណ្យតាមប្រពៃណីសាសនាបំបួសដើមឈើនៅពេលនេះ រៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP និងបណ្តាញសហគមន៍ព្រៃឡង់ ក្នុងបំណងបង្កើនការយល់ដឹង ពីអត្ថប្រយោជន៍ព្រៃឈើដល់ប្រជាពលរដ្ឋ និងដើម្បីជាការចាប់ផ្តើមពង្រឹងក្នុងកិច្ចសហការអភិរក្សគ្រប់គ្រងធនធានធម្មជាតិរបស់សហគមន៍ប្រជាពលរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ឲ្យនៅតែស្រស់ត្រកាលគ្របដណ្តប់ដោយស្បៃធម្មជាតិ។
ដែនជម្រកសត្វព្រៃ ព្រៃឡង់ បង្កើតឡើងដោយអនុក្រឹត្យលេខ ០៧៤ អនក្រ.បក ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៦ មានផ្ទៃដីសរុប ៤៣១ ៦៨៣ ហិកតាស្ថិតនៅជាប់ភូមិសាស្ត្រ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង។ ដែនអភិរក្សនេះ មានសក្តានុពលធនធានធម្មជាតិ និងជីវចម្រុះសម្បូរបែប ដែលជាជម្រាលផ្ទៃរងទឹកភ្លៀងសម្រាប់ស្ទឹងសែន និងហូរចាក់ទៅទន្លេសាប បម្រើដល់វិស័យកសិកម្ម ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម បរិស្ថាន និងវប្បធម៌យ៉ាងសំខាន់៕