មណ្ឌលគិរី: ក្រសួងបរិស្ថាន​ និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ (WWF) ​បាន​និង​កំពុង​រៀបចំ​ផែនការ​ស្រាវជ្រាវ​ពី​សត្វ​ក្រពើ​ភ្នំ​នៅតាម​ដង​ទន្លេស្រែពក ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ស្រែពក​ខេត្តមណ្ឌលគិរី ដើម្បី​ងាយស្រួល​ដាក់​យន្តការ​អភិរក្ស​អម្បូរ​សត្វ​ក្រពើ​ភ្នំ ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​។

កញ្ញា MilouGroenenberg ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវចម្រុះ​នៃ​អង្គការ WWF បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៧ ខែមករា​ថា អង្គការ​ WWF និង​ក្រសួងបរិស្ថាន កំពុង​រៀបចំ​ផែនការ​អភិរក្ស​សត្វ​ក្រពើ​ភ្នំ​នៅ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​។ ​សមត្ថកិច្ច​ធ្លាប់បាន​បង្ក្រាប​បទល្មើស​ទាក់ទង​នឹង​ការប្រមូល​ពងក្រពើ​ភ្នំ និង​បង្ក្រាប​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ជាច្រើន​ករណី​នៅក្នុង​តំបន់​នេះ​។

កញ្ញាបន្តថា កត្តា​គំរាមកំហែង​ដ៏គ្រោះថ្នាក់​បំផុត​របស់​ក្រពើភ្នំ គឺជា​ការប្រមាញ់​យក​ស្បែក និង​ការយក​សាច់​ធ្វើ​អាជីវកម្ម​នានា​នៅក្នុង​វិស័យ​ម្ហូបអាហារ ការចាប់​យក​ទៅ​ដាក់​នៅ​កសិដ្ឋាន​ឯកជន ដើម្បី​បង្កាត់​ពូជ​ធ្វើ​អាជីវកម្ម និង​ការបង្កើត​ទំនប់​វារីអគ្គិសនី​នៅ​ខ្សែទឹក​ខាងលើ​ដូចជា សេសាន ដនសាហុង និង​ទំនប់​មួយចំនួន​ទៀត​ដែល​មាន​ការបិទ ឬ​បើកទឹក​ធ្វើឱ្យ​ទឹក​ស្រក​ចុះ ឬ​ឡើង​លឿន​។

កញ្ញា​បញ្ជាក់ថា​៖ «​ដោយសារ​ចំនួន​វា​នៅសល់​តិចតួច​បំផុត ដូច្នេះ​យើង​អាច​ចាត់​ចូល​ជា​ចំណុច​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត ហើយ​ងាយ​នឹង​ជិត​ផុតពូជ​បំផុត​ដែរ​។ កត្តា​ទាំងនេះ​យើង​កំពុង​រៀបចំ​គម្រោង​សិក្សា​ស្រាវជ្រាវ​ពី​ព័ត៌មាន និង​វត្តមាន​របស់​វា​ឱ្យបាន​ជាក់លាក់ ហើយ​យើង​លើក​បញ្ហា​ទាំងនេះ​ទៅ​ជជែក​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​អភិរក្ស​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទាន់​ពេលវេលា​»​។

បើតាម​កញ្ញា Milou សត្វក្រពើ​ភ្នំ​នៅ​កម្ពុជា​ដែល​នៅ​សេសសល់​មាន​ចន្លោះ​ពី​ ២០០ ទៅ​ ៣០០ ​ក្បាល​នៅ​ទូទាំង​ប្រទេស​។ ចំណែក​នៅក្នុង​ទន្លេ​ស្រែពក​នេះ អ្នកជំនាញ​ទើប​តែ​ប្រទះឃើញ​ស្នាម​លាមក និង​ដានជើង​ជាង​ ២០ ​សំណាក ប៉ុន្ដែ​មិនទាន់​ច្បាស់​ពី​វត្តមាន​របស់​វា​ទេ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៧ ​ខែ​មករា ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រកឃើញ​ថា មាន​វត្តមាន​ក្រពើ​ភ្នំ​ច្រើន​ជាងគេ​លើ​ពិភពលោក​ក្នុង​នោះ​មាននៅ​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​អារ៉ែង និង​នៅ​ទន្លេស្រែពក ខេត្ត​មណ្ឌលគិរី​។

លោក​បន្តថា ចំពោះ​សត្វព្រៃ​ដែល​កំពុង​រង​ការគំរាមកំហែង​ខ្លាំង​បំផុត​រួមមាន សត្វ​ក្រពើ​ភ្នំ សត្វ​ខ្សឹប សត្វ​ត្រយង សត្វ​ត្មាត និង​សត្វ​ជើង​ចម្ពាម​មួយ​ចំនួន​ទៀត​។ ​បញ្ហា​នេះ​ក្រសួង​បរិស្ថាន​​បាន​សហការ​ជាមួយ​ដៃគូ​ដើម្បី​ជំរុញ​ការអភិរក្ស​ក្នុង​ការធានា​​និរន្តរភាព និង​ស្ថិរភាព​កុំឱ្យ​មាន​ការផុត​ពូជ​ ឬ​បាត់បង់​កាន់តែ​ធ្ងន់​។

លោក ភក្ត្រា បញ្ជាក់ថា​៖ «​ថ្មីៗ​នេះ យើង​បាន​រកឃើញ​វិធី​សាកល្បង​ថ្មី​មួយទៀត​គឺ​តាមរយៈ​ការបង្កាត់​ពូជ បើសិន​បើ​យើង​ដាក់ឱ្យ​វា​បន្ត​ពូជ​ក្នុង​ព្រៃ​ធម្មជាតិ គឺ​មាន​ភាពយឺតយ៉ាវ ឬ​មាន​បញ្ហា​ប្រឈម​ច្រើន អ៊ីចឹង​ការបង្កាត់​ពូជ គឺជា​ផ្នែក​មួយ​នៃ​វិធានការ​ជាច្រើន​ក្នុង​ការបន្ត​ពូជ​ពួកវា គឺ​យើង​បាននិង​កំពុង​ធ្វើ​បណ្ដើរៗ​ហើយ​»​។

មន្ត្រី​ឧទ្យានុរក្ស​នៃ​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា លោក​បាន​ចូលរួម​អភិរក្ស​សត្វព្រៃ​នៅ​ដែនជម្រក​សត្វព្រៃ​ស្រែពក​ជាច្រើន​មកហើយ តែ​មិន​ធ្លាប់​ជួប​សត្វ​ក្រពើ​ភ្នំ​ទេ​។ ក៏ប៉ុន្តែ​ធ្លាប់​ឃើញ​ស្នាម ឬ​សំណាក​លាមក​តាម​ឆ្នេរ​ខ្សាច់​ពេល​ទឹក​ស្រក​។

លោក​បន្តថា លោក​ចង់ឱ្យ​មាន​អ្នកជំនាញ​មក​សិក្សា​ស្រាវជ្រាវ​លម្អិត​បន្ថែម​ពី​វត្តមាន​ក្រពើ​ភ្នំ​នៅ​ទន្លេស្រែពក​នេះ ដើម្បី​ងាយស្រួល​អភិរក្ស​បន្ថែម​។

លោក​ថា​៖ «​ខ្ញុំ​ចុះ​ល្បាត​ម្ដងៗ​មិន​ធ្លាប់​ជួប​សត្វ​ក្រពើ​ភ្នំ​ហ្នឹង​ផ្ទាល់​ទេ គឺ​ឃើញតែ​ដានជើង និង​លាមក រីឯ​ក្រុម​អ្នកជំនាញ​ក៏​គេ​មិនទាន់​ប្រាកដ​ថា​មាន​ចំនួន​ប៉ុន្មាន​ក្បាល​ក្នុង​ទន្លេ​ស្រែពក​នេះ អ៊ីចឹង​គួរតែ​មាន​ការស្រាវជ្រាវ​លម្អិត ដើម្បី​ងាយស្រួល​ដាក់​ផែនការ​អភិរក្ស​»៕