ភ្នំពេញៈ ក្រសួង​បរិស្ថាន ស្ថាប័ន​ពាក់ព័ន្ធ និង​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN) បានរៀបចំ​យុទ្ធនា​ការការពារ​ព្រៃឈើ​នៅ​កម្ពុជា​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​អបអរសាទរ​ទិវា​ព្រៃឈើ​អន្តរជាតិ ២១ មីនា​ក្រោម​ប្រធានបទ​ «​ស្តារ ព្រៃឈើ​ឡើងវិញ​» ​ដើម្បី​បង្ហាញ​សារ​ដល់​សាធារណជន​ពី​សារៈសំខាន់​នៃ​ព្រៃឈើ​ចំពោះ​មនុស្សជាតិ​។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​លោក​ នេត្រ ភក្ត្រា ប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ដោយសារ​បញ្ហា​កូវីដ​១៩ នៅ​មិនទាន់​ធូរស្រាល ក្រសួង​មិនអាច​រៀបចំ​កម្មវិធី​ធំដុំ ឬ​ជួបជុំ​ដើម្បី​ប្រារព្ធ​ទិវា​ព្រៃឈើ​បាន​នៅឡើយ​ទេ ប៉ុន្តែ​បង្វែរ​ទៅធ្វើ​យុទ្ធនាការ​តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​វិញ​។

លោក​ នេត្រ ភក្ត្រា ថ្លែងថា​៖ «​ប៉ុន្មាន​ថ្ងៃ​មកនេះ យើង​បាន​ផូស្ត​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​ព្រៃឈើ​ក្នុង​គោលបំណង​បញ្ជ្រាប​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង បាន​យល់ និង​ឱ្យ​ពួកគាត់​ចូលរួម​ការពារ អភិរក្ស ហើយ​អ្វីដែល​យើង​ផ្សព្វផ្សាយ​គឺ​មាន​ទាំង​ធនធាន​ធម្មជាតិ និង​ព្រៃឈើ​ដែល​យើង​ការពារ និង​សត្វព្រៃ ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក​លើកឡើង​ថា ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​ការពារធម្មជាតិ​បាន​ល្អ​ប្រសើរ ធនធាន​ព្រៃឈើ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ត្រូវបាន​ការពារ និង​អភិរក្ស​បាន​យ៉ាង​ល្អ ទោះបី​ជា​មាន​ការប្រឈម​ខ្លះ និង​បទល្មើស​ទ្រង់ទ្រាយ​តូចៗ​នៅ​បន្ត​កើតមាន​ក្តី​។

មន្ត្រី​នាំពាក្យ​រូបនេះ​បន្តថា​៖ «​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយនេះ ស្ថានភាព​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ យើង​ឃើញ​មាន​ភាពប្រសើរ​។ ទី​១ ​បទល្មើស​ទ្រង់ទ្រាយ​ធំ លែង​មាន​ទៀត​ហើយ មាន​ន័យថា ដាក់​ម៉ាស៊ីន​អារឈើ​កណ្តាល​ព្រៃ​ទៅ​ដេក​កាប់​កណ្តាលព្រៃ​។ ក៏ប៉ុន្តែ​វា​នៅមាន​ទ្រង់ទ្រាយ​តូច ដែល​ធ្វើឡើង​ដោយ​គោយន្ត ដោយ​ម៉ូតូ និង​សកម្មភាព​ផ្សេងៗ​ទៀត ដោយ​បញ្ហា​នេះ​គឺជា​បញ្ហា​នៅ​កើតមានឡើង​នៅឡើយ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​»​។

«​យើង​អត់​ដែល​បដិសេធថា អត់​មាន​បទល្មើស​កើតឡើង​ក្នុង​តំបន់​ការពារធម្មជាតិ​ទេ​។ ប៉ុន្តែ​មាន​កើតឡើង​ក្នុង​កម្រិត​ទ្រង់ទ្រាយ​តូច ការទន្ទ្រាន​កាន់កាប់​ដីព្រៃ ដោយ​ខុសច្បាប់​ពី​សំណាក់​ឈ្មួញ​មួយចំនួន​ដែល​ប្រើប្រាស់​ប្រជាពលរដ្ឋ​ក្រីក្រ​ទៅ​ទន្ទ្រាន​កាន់កាប់​ហើយ​លក់​ឱ្យ​ខ្លួន​»​។ នេះ​ជា​ការបញ្ជាក់​របស់​លោក​ ភក្ត្រា​។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ជាតិអប្សរា​ពីថ្ងៃ​ទី​ ១៩ មីនា បាន​ដាំ​ដើមឈើ​ចំនួន​ ១៥០ ​ដើម ដើម្បី​បង្កើត​គម្រប​បៃតង​ដល់​បរិស្ថាន​នៅក្នុង​តំបន់​អង្គរ​អភិរក្ស​ប្រាសាទ និង​បង្កើន​ជម្រក​សត្វព្រៃ​ផងដែរ​។

លោក​ ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​ CYN ថ្លែងថា យុទ្ធនាការ​តស៊ូ​មតិ​ពាក់ព័ន្ធ​ព្រៃឈើ​នឹង​ធ្វើ​រយៈពេល ៣ ​ខែ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ១៥ ខែមីនា ដោយ​ធ្វើ​សកម្មភាព​មួយចំនួន​ដូចជា​ការផ្សព្វផ្សាយ និង​ការតស៊ូ​មតិ​តាម​អនឡាញ​។

បើតាម​លោក​ ហេង គឹមហុង ក្រុមការងារ ចាប់ផ្តើម​យុទ្ធនាការ​តាម​ហ្វេសប៊ុក​តាំងពី​ថ្ងៃទី​ ១៥ មីនា មក​ម្ល៉ះ ដើម្បី​បង្ហាញ​សារ​នៃ​ការទទួលស្គាល់​ពី​សារៈសំខាន់​របស់​ព្រៃឈើ​ចំពោះ​មនុស្ស​ទាំងអស់​នៅលើ​ពិភពលោក​។

លោក​ថ្លែងថា​៖ «​មកដល់​បច្ចុប្បន្ន យើង​មាន​អ្នកចូលរួម​យុទ្ធនាការ​ទាំង​ការដូរ​ប្រូហ្វាល ការចូលរួម​ផូស្ត​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក្រោម​ពាក្យស្លោក​ «​សូម​ឃាត់​អ្នក​កាប់ កុំ​ចាប់​អ្នកការពារ​» មាន​ជាង​ ១ ១០០ ​នាក់​ហើយ​»​។

លោក​ គឹមហុង ឱ្យដឹងថា នៅពេល​ស្ថានភាព​កូវីដ ​១៩​ មាន​ភាពធូរស្រាល លោក​នឹង​ដាក់​ញត្តិ​ទៅ​ក្រសួងបរិស្ថាន និង​ក្រសួង​មហាផ្ទៃ ស្នើសុំ​ជជែក​ពិភាក្សា​ជាមួយ​គ្នា​លើ​បញ្ហា​ព្រៃឈើ​នៅ​កម្ពុជា​។ ការធ្វើ​ដូច្នេះ បន្ទាប់ពី​លោក​មើលឃើញ​ថា ៣ ​ខែ ដើមឆ្នាំ​ ២០២១ មាន​ការរឹតត្បិត​សេរីភាព​របស់​ពលរដ្ឋ យុវជន និង​សកម្មជន​ស្រឡាញ់​ព្រៃឈើ​មិនឱ្យ​ចូលទៅ​តំបន់​ការពារ ដើម្បី​ចូលរួម​ការពារ​ព្រៃឈើ និង​ការឃាត់​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្តក្រចេះ​ជាដើម​។

ពាក់ព័ន្ធ​ករណីនេះ​លោក​ នេត្រ ភក្ត្រា បញ្ជាក់​ថា ក្រសួងបរិស្ថាន រីករាយ​ជានិច្ច​ក្នុង​ការចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ក្នុង​តំបន់​ការពារ​ធម្មជាតិ សម្រាប់​ដៃគូ​ទាំងឡាយ​ដែល​មាន​ការគោរព​តាម​ការណែនាំ និង​នីតិវិធី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ត្រឹមត្រូវ​។

លោក​ថា​៖ «​សម្រាប់​ក្រសួងបរិស្ថាន​យើង​អត់មាន​ផលប្រយោជន៍​អ្វី​ទៅ​ប្រឆាំង​ជាមួយ​អ្នក​ស្រឡាញ់ និង​អ្នកដែល​ចូលរួម​ក្នុង​ការការពារ​ធនធាន​ធម្មជាតិ​ទេ ប៉ុន្តែ​អ្វីដែល​យើង​តម្រូវ​ឱ្យ​ធ្វើ​ទាំងអស់គ្នា គឺ​ការគោរព​ច្បាប់​ជា​ធរមាន​»៕