ភ្នំពេញៈ យោង​ទៅតាម​របាយការណ៍​ស្រាវជ្រាវ​ស្ដីពី​ស្ថានភាព​ប្រភេទ​សត្វ​សំខាន់ៗ​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ដែល​រៀបចំ​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ​និង​ក្រសួង​បរិស្ថាន​បាន​ឱ្យដឹងថា ស្ថានភាព​សត្វព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ត្រូវបាន​រកឃើញ​ថា សត្វព្រៃ​ ៧ ​ប្រភេទ​ ក្នុង​ចំណោម​សត្វព្រៃ​ ១៣ ​ប្រភេទ​ មានការ​ថយចុះ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ ខណៈ​ស្ថានភាព​សត្វព្រៃ​ចំនួន​ ៦ ​ប្រភេទ​ទៀត​ស្ថិតនៅ​ក្នុងស្ថានភាព​មាន​ស្ថិរភាព និង​កើនឡើង​។

របាយការណ៍​បាន​បង្ហាញថា ស្ថានភាព​សត្វព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ដែល​មាន​ការថយចុះ គឺ​ប្រភេទ ស្វា​ព្រាម ស្វាអង្គត់ ឈ្លូស ទន្សោង ខ្ទីង រមាំង ប្រើស​។ ប្រភេទ​ស្វាកន្ទុយ​ស ទោច​ថ្ពាល់​លឿង ស្វា​ក្ដាម ជ្រូកព្រៃ ស្ថិត​ក្នុង​ប្រភេទ​សត្វ​ដែល​នៅមាន​ស្ថិរភាព​។ ខណៈ​ប្រភេទ​សត្វ​ស្វា​ត្រោស និង​ក្ងោក មាន​ការកើនឡើង​។

ប្រភេទ​សត្វ​ដែល​កើនឡើង​មាន​ក្ងោក ៩៦៦ ​ក្បាល ស្វា​ត្រោស​ ១៤៨៣ ​ក្រុម ។ ស្ថានភាព​សត្វព្រៃ​ដែល​នៅមាន​ស្ថិរភាព​មាន ស្វា​កន្ទុយ​ស ៦ ៧៥៦ ​ក្រុម ទោច​ថ្ពាល់​លឿង ៦៦៩ ​ក្រុម ស្វា​ក្ដាម​ ៤២៤ ​ក្រុម ជ្រូកព្រៃ​ ១ ១៦២ ​ក្បាល និង​ប្រភេទ​ថយចុះ ស្វាអង្គត់​មាន​ ៥៦ ​ក្រុម ស្វា​ព្រាម ៣៦៤ ​ក្រុម និង​ឈ្លូស​ ៧៣២ ​ក្បាល​។

ទោះយ៉ាងណា​ក៏ដោយ​ក្នុង​ឆ្នាំ ២០២០ WCS មិនអាច​ធ្វើការ​ប៉ាន់ប្រមាណ​ចំនួន​សត្វព្រៃ​សំខាន់ៗ ៤ ​ប្រភេទ ដោយ​កម្រិត​នៃ​ចំនួន​រាប់​ឃើញ​មាន​តិចពេក គឺ​សត្វ​ទន្សោង ខ្ទីង រមាំង ប្រើស​។

របាយការណ៍​នេះ​បាន​សរសេរ​ថា​៖ «​ការសង្កេត​ជាទូទៅ ចំនួន​សត្វព្រៃ​ដែល​ចូលចិត្ត​រកស៊ី​លើ​ដើមឈើ​មាន​ស្ថានភាព​ថេរ ឬ​មានការ​កើនឡើង ចំណែកឯ​ពពួកសត្វ​ចូលចិត្ត​រកស៊ី​លើដី​មាន​ចំនួន​ថយចុះ​។ ករណី​ទាំងនេះ​អាច​បណ្ដាល​ពី​មូលហេតុ​មួយចំនួន​ដូចជា​ការ​ប្រមាញ់​ខុសច្បាប់ ដោយ​ប្រើ​អន្ទាក់ និង​ឆ្កែ​ជា​ដើម​»​។ «​ប្រសិនបើ​គ្មាន​ការកែលម្អ​ច្រើន​ក្នុង​ការងារ​គ្រប់គ្រង​ទេ ប្រភេទ​សត្វ​ចំនួន​ ៤ ​ប្រភេទ​ដូចជា​ទន្សោង ខ្ទីង រមាំង និង​ប្រើស​នឹង​បាត់បង់​ទាំងស្រុង​ពី​តំបន់​ការពារ​ធម្មជាតិ​ក្នុង​រយៈពេល​ខាងមុខ​ដូច​ពពួក គោព្រៃ ខ្លាធំ និង​ក្របីព្រៃ​ជាដើម​»​។

WCS ​ក៏បាន​សន្និដ្ឋាន​នៅក្នុង​របាយការណ៍​ផងដែរ ទំហំ​នៃ​ការគំរាមកំហែង​ដល់​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​របស់​ប្រទេស​កម្ពុជា​គឺ​មាន​កម្រិត​ខ្ពស់ ហើយ​ទោះបី​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការការពារ​ក៏ដោយ ក៏​ការគំរាមកំហែង​ទាំងនេះ​បន្ត​ធ្វើឱ្យ​បាត់បង់​ជីវចម្រុះ​ និង​ព្រៃឈើ​។

ទោះយ៉ាងណា​ក៏ដោយ​លោក អូលី គ្រីហ្វហ្វ៊ីន (Olly Griffin) ​អ្នកវិភាគ​ទិន្នន័យ និង​ជា​ទីប្រឹក្សាបច្ចេកទេស​នៃ​អង្គការ WCS បាន​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​ថា លទ្ធផល​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ផល​វិជ្ជមាន​ជាច្រើន​កើតចេញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិរក្ស​ជីវចម្រុះ​សំខាន់ៗ ជា​សកល នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​ដូចជា​ការថែរក្សា​ចំនួន​ពពួក​ពានរ​ដែល​ជិត​ផុត​ពូជ​បំផុត​ឱ្យនៅ​ថេរ និង​ការធ្វើឱ្យ​ចំនួន​សត្វ​ក្ងោក​ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​កើនឡើង​វិញ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ក្នុង​សន្និសីទ​ដែរ​ថា តំបន់​ព្រៃ​ការពារ​សត្វព្រៃ​កែវសីមា​ត្រូវបាន​បង្កើត​នៅ​ខែឧសភា ឆ្នាំ​ ២០១៦ ស្ថិត​នៅ​ក្រោម​ការការពារ និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​ដែល​មាន​ទំហំ​ ២៩២ ៦៩០ ​ហិកតា​។ ដែន​ជម្រក​សត្វ​នេះ គឺជា​តំបន់​ការពារ​ធម្មជាតិ​មាន​សារៈសំខាន់​កម្រិត​អន្តរជាតិ​នៅក្នុង​ការអភិរក្ស​សត្វ​ព្រៃ និង​ជីវចម្រុះ​ជាច្រើន​ទៀត​។

ដែនជម្រក​សត្វព្រៃ​កែវសីមា​មាន​សារៈសំខាន់​កម្រិត​អន្តរជាតិ​ក្នុង​ការអភិរក្ស​សត្វ​ដំរី​អាស៊ី​សត្វពានរ រួមមាន​ទោច​ថ្ពាល់​លឿង ស្វា​កន្ទុយ​ស ប្រភេទ​មំសាសី និង​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដែល​ប្រភេទ​សត្វ​ និង​រុក្ខជាតិ ៧៥ ​ប្រភេទ​ជា​ប្រភេទ​រង​ការគំរាមកំហែង​ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN)​។

លោក​បាន​ថ្លែងថា​៖ «​ក្រសួង​បរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា សូម​ប្រកាសថា បច្ចុប្បន្ន ក្តីបារម្ភ​របស់​ក្រុម​អភិរក្ស​អំពី​ការវិនាស​ផុតពូជ​នៃ​ប្រភេទ​សត្វ​ពានរ​បាន​ថយចុះ ដោយសារ​តែ​ចំនួន​ប្រភេទ​ពពួក​ពានរ ៣ ​ប្រភេទ​រួមមាន​ស្វា​កន្ទុយ​ស ទោច​ថ្ពាល់​លឿង និង​ស្វា​ក្តាម និង​ជ្រូកព្រៃ​មាន​ចំនួន​ថេរ និង​ចំនួន​ពានរ ១ ​ប្រភេទ​ទៀត គឺ​ស្វា​ត្រោស​កំពុង​មាន​ការកើនឡើង សត្វ​ក្ងោក​មាន​ចំនួន​កើនឡើង​។ ពពួក​ពានរ​ទាំងនេះ​ស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​ផ្សេងគ្នា​រួមមាន ប្រភេទ​ជិត​ផុត​ពូជ​បំផុត ប្រភេទ​ជិត​ផុត​ពូជ និង​ជា​ប្រភេទ​កំពុង​ទទួលរង​ការគំរាមកំហែង​»​។

លោក សូត្រ វ៉ាន់ឌឿន ប្រធាន​ក្រុម​ផ្នែក​អង្កេត​សត្វព្រៃ​នៃ​អង្គការ WCS បាន​ថ្លែងថា ក្រុមការងារ​ស្រាវជ្រាវ​ជីវចម្រុះ មាន​មោទនភាព​ចំពោះ​កិច្ចការ​រយៈពេល​ជាង​ ១០ ​ឆ្នាំ​កន្លង​មក​ក្នុង​ការប្រមូល​ទិន្នន័យ​នេះ​៕

វីដេអូ៖