មណ្ឌលគិរីៈ ក្រសួង​បរិស្ថាន និង​អង្គការ​មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​ (WWF) ​កំពុង​សិក្សា​លើ​ឯកសារ​ទស្សនទាន​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​បង្កើត​តំបន់​ស្នូល​ស្ដារ​សត្វព្រៃ​ឡើងវិញ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក បន្ទាប់ពី​ធនធាន​ជា​​ជីវចម្រុះ​នៅលើ​ពិភពលោក​រួមទាំង​កម្ពុជា​មាន​ការធ្លាក់ចុះ​។

លោក​ នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​នៅ​ថ្ងៃទី​ ១៨ ​ឧសភា​ថា គម្រោង​នៃ​ការស្ដារ​សត្វព្រៃ​ឡើងវិញ​នេះ​គឺ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការរៀបចំ​ទស្សនទាន ការពិគ្រោះ​យោបល់​ជាមួយ​នឹង​អ្នកពាក់ព័ន្ធ​នានា​ ដើម្បី​ក្ដាប់​នូវ​បញ្ហា​ជុំវិញ​ការបង្កើត​តំបន់​ស្នូល​ស្ដារ​សត្វព្រៃ​ឡើងវិញ​ ដើម្បី​ឈានទៅដល់​ការរៀបចំ​យុទ្ធសាស្ដ្រ​ជារួម​មួយ​ក្នុង​ការការពារ និង​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​សកម្មភាព​សំខាន់ៗ​ចំពោះ​ការស្ដារ​សត្វព្រៃ​ឡើងវិញ​នេះ គឺ​ការបង្កើត​តំបន់​ស្ដារ​សត្វព្រៃ​តាមរយៈ​ការហ៊ុម​ជា​របង​។ ការបង្ក្រាប និង​ការទប់ស្កាត់​នូវ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ និង​ការដាក់ចេញ​នូវ​វិធានការ​តឹងរ៉ឹង​បំផុត​សម្រាប់​ការពង្រឹង​ការអនុវត្ដ​ច្បាប់​នៃ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅក្នុង​ខេត្ដ​ជាពិសេស​នៅក្នុង​តំបន់​ព្រំដែន​អន្តរជាតិ​ដែល​ជា​ចំណុច​គោលដៅ​នៃ​ការផ្គត់ផ្គង់​សត្វព្រៃ​ទៅ​ទីផ្សារ​ក្រៅប្រទេស​»​។

បើតាម​លោក​ នេត្រ ភក្ត្រា ធនធាន​ជីវចម្រុះ​នៅលើ​ពិភពលោក​មិនមែន​តែ​នៅ​កម្ពុជា​ទេ គឺមាន​និន្នាការ​នៃ​ការធ្លាក់​ចុះ​ហើយ​គិត​ជា​មធ្យម​អត្រា​នៃ​ការធ្លាក់ចុះ​ចំនួន​សត្វព្រៃ​ជា​សកល​គឺ​មាន​ប្រមាណ​ ៦៨ ​ភាគរយ គិត​ចាប់តាំងពី​ឆ្នាំ​ ១៩៧០ ​រហូតមក​។

នៅក្នុង​នោះ​មាន​សត្វព្រៃ​ចំនួន​ ១ ​លាន​ប្រភេទ​កំពុង​ប្រឈម​នឹង​ការឈាន​ទៅជិត​ផុត​ពូជ​។ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​វិបត្ដិ​ដ៏ធ្ងន់ធ្ងរ​នៃ​ការបរបាញ់​សត្វព្រៃ​ខុសច្បាប់​កំពុង​តែ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ សត្វព្រៃ​ដ៏មានតម្លៃ​ក្នុង​សម្ទុះ​មួយ​ដ៏គួរ​ឱ្យ​ព្រួយបារម្ភ​។

លោក​ ភក្ត្រា បញ្ជាក់ថា​៖ «​ជាក់ស្ដែង​លទ្ធផល​នៃ​ការស្រាវជ្រាវ និង​ការតាមដាន​សត្វព្រៃ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​កន្លងទៅ​នេះ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក និង​ដែនជម្រក​សត្វព្រៃ​ភ្នំព្រិច​បាន​បង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វទន្សោង សត្វ​ខ្លារខិន និង​សត្វ​ឈ្លូស បណ្ដាល​មកពី​ការបរបាញ់ និង​ការរាលដាល​នៃ​ការដាក់​អន្ទាក់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​នេះ​»​។

ចំណែក​សត្វ​រមាំង សត្វ​ខ្ទីង និង​សត្វប្រើស នៅ​បែកខ្ញែក​គ្នា​ជា​ហ្វូងៗ ដែល​មាន​ចំនួន​នៅ​សេសសល់​នៅ​តិចតួច​បំផុត ហើយក៏​កំពុង​ប្រឈម​នឹង​ការឈាន​ទៅ​រក​ការផុត​ពូជ​នៅក្នុង​តំបន់​ទេសភាព​ព្រៃរបោះ​នៅ​ភាគ​ខាងកើត​នៃ​ខេត្ដ​មណ្ឌលគិរី​នេះដែរ​។

លោក​ថ្លែងថា​៖ «​ចំពោះ​បញ្ហា​នេះ ដើម្បី​បញ្ចៀស​ភាពវិនាស​ផុត​ពូជ​នៃ​សត្វព្រៃ​សំខាន់ៗ​ទាំងនេះ តាមរយៈ​ការដាក់ចេញ និង​ការរៀបចំ​នូវ​ការស្ដារ និង​ការអភិរក្ស​នូវ​ពូជ​សត្វព្រៃ​សំខាន់ៗ​ប្រកប​ដោយ​ប្រសិទ្ធភាព គឺជា​ការចាំបាច់​»​។

លោក​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ក្រសួងបរិស្ថាន និង​អង្គការ WWF កម្ពុជា បាន​សហការ​ពង្រឹង​ការអនុវត្ដ​ច្បាប់ និង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ជាច្រើន​នៅក្នុង​ការទប់ស្កាត់​ចំពោះ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នេះ​។ ប៉ុន្ដែ​ទោះបី​ជា​យ៉ាងណា​យើង​នៅមាន​បញ្ហា​ប្រឈម និង​ការគំរាមកំហែង​ដល់​សត្វព្រៃ​កំពុងតែ​កើតមានឡើង ហើយ​ដើម្បី​ដោះស្រាយ​នូវ​ស្ថានភាព​នេះ និង​ដើម្បី​ធ្វើឱ្យ​ចំនួន​សត្វព្រៃ​កើនឡើង​វិញ ចាំបាច់​ត្រូវតែ​ដាក់ចេញ​នូវ​ការអភិរក្ស​បែប​ទំនើបកម្ម​ថ្មី​មួយ​ដែល​មិន​ធ្លាប់​ត្រូវបាន​អនុវត្ដ​ពីមុនមក​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​និយាយ​ពី​ឱកាស​នៃ​ការស្ដារ​ឡើងវិញ​នូវ​សត្វព្រៃ​នៅក្នុង​ប្រទេស​កម្ពុជា​ទាំង​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក និង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រិច និង​នៅ​តំបន់​ផ្សេងទៀត គឺ​យើង​គិតថា នៅ​មិនទាន់​យឺតពេល​នៅឡើយ​ទេ​។ ប៉ុន្ដែ​វា​ទាមទារ​ឱ្យមាន​ការប្ដេជ្ញា​ចិត្ដ​ខ្ពស់ រួមជាមួយ​វិធីសាស្ត្រ​អភិរក្ស​ថ្មីៗ​ផងដែរ​។ បើ​ពុំ​នោះទេ​តំបន់​ទេសភាព​ព្រៃរបោះ​ដ៏អស្ចារ្យ​គឺអាច​នឹងមាន​សភាព​ស្ងាត់ជ្រងំ​មិនមាន​វត្ដមាន​សត្វព្រៃ​សំខាន់ៗ​ក្នុងពេល​អនាគត​»​។

លោក​ សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​ (WWF) ថ្លែងថា គម្រោង​ស្ដារ​សត្វព្រៃ​ឡើងវិញ​នេះ គឺ​កំពុង​រៀបចំ​ផែនការ និង​ដំណើរការ​ពិគ្រោះ​យោបល់​ជាមួយ​មន្ទីរ​បរិស្ថាន និង​ដែនជម្រក​សត្វព្រៃ​ខេត្ត​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​មណ្ឌលគិរី​បាន​ឱ្យ​ដឹងថា ការរៀបចំ​បង្កើត​តំបន់​ស្ដារ​សត្វព្រៃ​ឡើងវិញ​ក្នុង​តំបន់​ស្នូល​នៃ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​នេះ គឺ​ធ្វើ​លើ​ផ្ទៃដី​ប្រមាណ​ពី​ ៥០០ ទៅ​ ៦០០ ​គីឡូម៉ែត្រ​ការ៉េ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អង្គការ WWF កម្ពុជា ចំនួន​ ២ ​លើក​រួចមក​ហើយ ក្នុងនោះ លើក​ទី​១ គឺ​ប្រជុំ​កម្រិត​ថ្នាក់ជាតិ នៅ​ក្រសួង​បរិស្ថាន​ហើយ​លើក​ទី​២ ​ប្រជុំ​កម្រិត​ថ្នាក់មូលដ្ឋាន​កាលពី​ថ្ងៃទី​ ១៤ ខែ​ឧសភា​នេះ ​នៅ​មន្ទីរ​បរិស្ថាន​ខេត្ដ​ផ្ទាល់​ដើម្បី​អភិវឌ្ឍ​នូវ​ទស្សនទាន​ក្នុង​ការបង្កើត​តំបន់​ស្នូល​ស្ដារ​សត្វព្រៃ​ឡើងវិញ​នេះ​»៕