បាត់ដំបងៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ក្រសួងបរិស្ថាននឹងចាត់វិធានការតាមច្បាប់ទៅលើជនទាំងឡាយ ដែលប្រព្រឹត្តខុសច្បាប់ក្នុងការរុករានទន្ទ្រានយកដីព្រៃនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។
លោក នេត្រ ភក្ត្រា ថ្លែងថា៖ «ពាក់ព័ន្ធជាមួយនឹងការកាន់កាប់ដីដោយខុសច្បាប់ដែលបានមកពីការកាប់រុករាន ទន្ទ្រាន កាន់កាប់ដីដោយខុសច្បាប់គឺក្រសួងបរិស្ថានយើងមិនទទួលស្គាល់ទេ ហើយយើងនឹងរៀបចំនីតិវិធីក្នុងការដកហូតមកវិញនូវដីដែលកាន់កាប់ដោយខុសច្បាប់ហ្នឹង»។
កាលពីថ្ងៃអាទិត្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំនៅសាលាស្រុកសំឡូត ដើម្បីពង្រឹងការងារគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងភូមិសាស្ត្រ ស្រុកសំឡូត ខេត្តបាត់ដំបង។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្តបាត់ដំបង និងខេត្តប៉ៃលិន អភិបាលស្រុកសំឡូត និងមន្ត្រីនៃក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានជាច្រើនទៀត។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្ងៃអាទិត្យ។
លោក សាយ សំអាល់ បានថ្លែងថា កិច្ចប្រជុំនេះមានគោលដៅផ្តោតសំខាន់ទៅលើការទប់ស្កាត់ និងបង្ក្រាបការទន្ទ្រាន និងកាន់កាប់ដីធ្លីដោយខុសច្បាប់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងដែនជម្រកសត្វព្រៃភ្នំសំកុស។
ហ្វេសប៊ុកក្រសួងបរិស្ថានបានឲ្យដឹងថា៖ «ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីនឹងពិនិត្យ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលបាននិងកំពុងកើតមានទាក់ទងនឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងព្រមទាំងចូលរួមក្នុងការអភិវឌ្ឍសហគមន៍ការពារធម្មជាតិដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈការគិតគូរពីការធ្វើហេដ្ឋារចនាសម្ព័ន្ធនានាដែលក្នុងនោះរួមទាំងគម្រោងទឹកស្អាតផ្តល់នូវចំណេះដឹងលើការចិញ្ចឹមសត្វ ដើម្បីប្រជាសហគមន៍អាចដោះស្រាយជីវភាពរស់នៅបានធូរធារផងដែរ»។
លោក គង់ មុនីច័ន្ទ នាយកអង្គការអភិរក្សព្រៃឈើ ម៉ាដក្ស ចូលី ភីត (MJP) ដែលអង្គការនេះបានផ្ដល់មូលនិធិសម្រាប់ការពារព្រៃអភិរក្សសំឡូតបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា កម្រិតកាន់កាប់ដីនៅតំបន់នេះមានការថយចុះ។ នៅពេលអាជ្ញាធរធ្វើយុទ្ធនាការបង្ក្រាបខ្លាំងទៅលើការរុករានដីនៅតំបន់ប៉ៃលិននេះមានក្រុមរុករានខ្លះបានប្រគល់ដីត្រឡប់មកវិញ។
លោកថ្លែងថា៖ «ដូចជានៅខាងប៉ៃលិនមានករណី ២ នោះយើងច្បាមចាប់ទៅ អាដីដែលគាត់ចុះកិច្ចសន្យាហើយហ្នឹង គាត់ពង្រីកថែមហ្នឹង យើងប្តឹងផ្តល់ទៅ ឥឡូវគាត់ប្រគល់ដីមកវិញខ្លះទៀត។ នៅខាងប៉ៃលិនគាត់កាត់ត្រឡប់ទៅដីដើមគាត់វិញអ៊ីចឹងទៅ»។
លោក គង់ មុនីច័ន្ទ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យលោក សាយ សំអាល់ ដូចជាបានដាក់ឱសានវាទនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ នៅតំបន់ប៉ៃលិននេះ ឱ្យអាជ្ញាធរមូលដ្ឋានដែលបាន «ជ្រុលដៃ» ចុះហត្ថលេខាលើការអនុញ្ញាតឱ្យសាងសង់ ឬប្រគល់សិទ្ធិឱ្យរស់នៅលើដីដែនព្រៃការពារទាំងប៉ុន្មានឱ្យប្រមូលរឿងទាំងអស់នោះយកមកឱ្យក្រុមការងារដើម្បីនិរាករណ៍ចោលឡើងវិញទាំងអស់។
លោក មុនីច័ន្ទ ថ្លែងថា៖ «ហើយបើផុតថ្ងៃ ១ ខែ ១ ហើយរកទៅនៅតែឃើញឯកសារសល់ អាឯកសារសល់ហ្នឹងនឹងត្រូវប្រឈមមុខជាមួយច្បាប់ដាក់ឡើងទៅតុលាការទាំងអស់។ នេះ ខ្ញុំនិយាយតាមសម្ដីរដ្ឋមន្ត្រីទេណា! ព្រោះម្សិលមិញ គាត់ (រដ្ឋមន្ត្រីបរិស្ថាន) ចុះទៅសំឡូតដោះស្រាយរឿងហ្នឹង»។
លោក គង់ មុនីច័ន្ទ បានឲ្យដឹងថា កម្លាំងការពារដីព្រៃមិនអាចទប់ទល់ជាមួយនឹងការទន្ទ្រានយកដីព្រៃនេះបានទេ លុះត្រាតែប្រជាជនមានស្មារតីភ្ញាក់រឭកថា មិនឈ្លានពានដីព្រៃទើបអាចការពារបាន។
លោកថា៖ «យើងមិនមែនការពារព្រៃដូចការពារដីភូមិយើង ធ្វើរបងព័ទ្ធជុំវិញ គេចូលអត់រួចឯណា។ ព្រៃព្រំដែនវានៅគ្រប់កន្លែង ប្រជាជនចូលពីកន្លៀតណាក៏បាន។ ឧទ្យាននុរក្សនៅបាត់ដំបងមាន ២០ (ឬ) ៣០ នាក់។ នៅខាងប៉ៃលិនដូចជាមាន ២០ នាក់ជាង ហើយគ្នា ៥០ (ឬ) ៦០ នាក់ហ្នឹងមិនមែនពង្រាយគ្នាយាមព័ទ្ធជុំវិញព្រៃបានទេ។ អត់ទេ! អ៊ីចឹង ធ្វើម៉េច ក៏ទប់អត់ជាប់ដែរ។ យើងយាមដើរល្បាតថ្ងៃ គេចូលយប់។ យើងដើរផុត គាត់ចូល។ គាត់លួចដុត (ព្រៃ) ក្រោយខ្នង»។
យោងតាមហ្វេសប៊ុកដដែល តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតមានភូមិសាស្ត្រស្ថិតក្នុងខេត្តបាត់ដំបងមួយផ្នែក និងខេត្តប៉ៃលិនមួយផ្នែកដែលមានផ្ទៃដីសរុបចំនួន ៦០ ០០០ ហិកតា ហើយដែនជម្រកសត្វព្រៃភ្នំសំកុសមានទីតាំងស្ថិតក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុងមានផ្ទៃដីទំហំ ៣៣៥ ៧៥០ ហិកតា៕