The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​បរិស្ថាន​ នឹង​បង្កើត​ផែន​ការ​គ្រប់​គ្រងថ្មី នៅ​តំបន់​ឧទ្យាន​ជាតិ​កោះរ៉ុង​

ក្រសួង​បរិស្ថាន​ នឹង​បង្កើត​ផែន​ការ​គ្រប់​គ្រងថ្មី នៅ​តំបន់​ឧទ្យាន​ជាតិ​កោះរ៉ុង​

Content image - Phnom Penh Post
ផែន​ទី កោះ​រ៉ុង ​ដែល​​ទើប​តែ​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​បង្កើត​ជា​ឧទ្យាន​ជាតិ​។ រូប​ថត សហការី​

ក្រសួង​បរិស្ថាន​ នឹង​បង្កើត​ផែន​ការ​គ្រប់​គ្រងថ្មី នៅ​តំបន់​ឧទ្យាន​ជាតិ​កោះរ៉ុង​

ព្រះសីហនុៈ បន្ទាប់​ពីការ​បង្កើត​សួន​ឧទ្យាន​ជាតិ​កោះ​រ៉ុង នៅដើម​ខែនេះ​ មន្រ្តី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី ២២ កុម្ភៈ​ថា ផែន​ការ​គ្រប់​គ្រង​ថ្មី​ នឹង​ត្រូវ​បង្កើត​ឡើង​ ដោយ​ក្រសួង​បរិស្ថាន ​ដើម្បី​គ្រប់​គ្រង​តំបន់​នេះ​ ហើយ​រហូត​មក​ដល់​ពេល​នេះ ​រចនា​សម្ព័ន្ធ​អភិ​រក្ស​ដែល​ត្រូវ​បាន​ដំណើរ​ការ​ ដោយ​រដ្ឋ​បាល​ជល​ផល និង អង្គការ​សត្វ​ព្រៃ​និង​រុក្ខជាតិ​អន្តរ​ជាតិ​ FFI នឹ​ង​បន្ត​ដំណើរ​ការ​ដូ​ចធម្មតា។

លោក​ ថាច់ ចន្ថា ប្រធាន​នាយក​ដ្ឋាន​ អភិរក្ស​សមុទ្រ​ របស់​ក្រសួង​បរិស្ថាន​ បាន​​ថ្លែង​​ថា៖​«​ឥឡូវ​នេះ​យើង​កំពុង​ស្វែង​រក​កិច្ច​សហ​ប្រតិបត្តិ​ការ​បច្ចេក​ទេស​ជាមួយ FFI សម្រាប់ការ​គាំទ្រ​ពីអ្នក​ជំនាញ​ និង​ការស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ ដើម្បី​បង្កើត​ផែន​ការ​គ្រប់​គ្រង​»។

មុន​ពេល​ការ​បង្កើត​ឧទ្យាន​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ ស្តីពី​តំបន់​ការពារ​ទឹក​នៅ​ជុំវិញ​កោះរ៉ុ​ង​ និង​កោះរ៉ុង​សន្លឹម​ត្រូវ​បាន​ការពារ​​ដោយ​តំបន់​គ្រប់​គ្រង​ដែន​សមុទ្រ (MFMA) ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៦ ដោយ​ FiA និង FFI ។​

លោក​ចន្ថា​​បន្ត​ថា​៖«អ្វី​គ្រប់​យ៉ាង​ដែល​ MFMA មាន​ ពួក​គេ​ត្រូវតែ​បន្ត​ ប៉ុន្តែ​ពួក​គេ ត្រូវ​សហការ​ ជាមួយ​ក្រសួង​បរិស្ថាន​ជា​ពិសេស​ជា​មួយ​មន្ត្រី​អនុរក្ស​រប​ស់​យើង​នៅ​ថ្នាក់​ក្រោម​ជាតិ» ។

លោក​កត់​សម្គាល់​ថា​ អ្នក​អភិរក្ស​ មាន​វត្ត​មាន​រួចហើយ​ នៅ​លើកោះ​ ដើម្បី​ល្បាត​នៅ​លើដី​ ដែល​បាន​កំណត់​សម្រាប់​ការការពារ​និងអ្នក​អភិរក្ស​នោះ​ ក៏នឹង​ចាប់​ផ្តើម​ដើរ​ល្បាត​ នៅ​តាម​ដង​ទន្លេ នៅ​ពេល​ដែល​ក្រសួង​មាន​ទូក​ម៉ាស៊ីន​មួយ​នៅលើ​ទីលាន។​

លោក​បាន​បន្ត​ថា​៖«តំបន់​អភិរក្ស​ជល​ផល​ គឺ​ជា​ផ្នែក​មួយ​នៃ​ [តំបន់​ការពារ​ដែន​សមុទ្រ​] ប៉ុន្តែ​ផ្នែក​នោះ​ នឹង​មាន​ការ​ពិនិត្យ​ឡើង​​វិញ​​មួយ​ចំនួន​ ពីព្រោះ​វាមិន​សម​ស្រប​នឹង​ច្បាប់​តំបន់​ការ​ពារ»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​តាម​អ៊ីមែល​​នៅ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ​អ្នក​ស្រី Marianne Teoh ប្រធាន​គម្រោង​អភិរក្ស​ឆ្នេរ​ខ្សាច់​និង​សមុទ្រ​របស់ FFI បាន​និយាយ​ថា​ អង្គការ​កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​បរិស្ថាន​ ដើម្បី​យល់​ពី​ចក្ខុ​វិស័យ​របស់​ពួកគេ​សម្រាប់​កន្លែង​នេះ​ ដើម្បី​ពិភាក្សា​ពីការ​គាំ​ទ្រ​ផ្នែក​បច្ចេក​ទេស ​និង​ដើម្បី​ធានា​ថា​ ច្បាប់​ថ្មី​នេះ ​នឹង​ពង្រឹង​កិច្ច​ខិត​ខំប្រឹង​ប្រែងការ​ពារ​ ដែល​​កំពុង​បន្ត​ក្នុង​«តំបន់​គោល​ដៅ»។

ទោះ​ជា​យ៉ាង​ណា​ នៅ​ថ្ងៃ​ទី ២២ កុម្ភៈ​ លោក​ នេន​ ចំរើន​ នាយ​ខណ្ឌរដ្ឋបាល​ជលផល​ខេត្ត ព្រះ​សីហនុ ដែល​អះអាង​ថា កំពុង​ចុះល្បាត ជាមួយ​ក្រុម​ការងារ​របស់​លោក​បួន​នាក់ នៅ​ក្នុង​លំហសមុទ្រ នៃតំបន់​ប្រជុំកោះរ៉ុង ដែលជាតំបន់​ដែន​អភិរក្សធន​ធាន​ធម្ម​ជាតិ និង ដែលកំពុង​គ្រប់​គ្រង​ដោយ​ខណ្ឌរដ្ឋបាល​ជលផល​នោះ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ថ្មីៗនេះ​ប្រមុខ​រដ្ឋាភិបាល​ បាន​ចេញ​អនុក្រិត្យមួយ ស្ដីពីការ​បង្កើតឧទ្យានជាតិ​សមុទ្រ​កោះរ៉ុង និង​ដែលបានប្រគល់​សិទ្ធិគ្រប់​គ្រង​ទៅ​ឲ្យ​ក្រសួង​បរិស្ថាន។

ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នេះ ក្រុម​ការងារ​របស់​លោក​ កំពុង​នៅ​បន្ត​អនុវត្ត​តាម​តួនាទី​ និង​ភារ​កិច្ចរ​បស់​ខ្លួន ក្នុង​​ការ​គ្រប់​គ្រង​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ និង សត្វ​សមុទ្រ​ ក្នុង​ប្រជុំ​កោះ​រ៉ុង​នេះ។

លោក​ចំរើន បាន​បញ្ជាក់​ថា៖ «ខណៈ​នៅ​មិន​ទាន់​ទទួល​បាន​បទ​បញ្ជា​ថ្មី​ពីក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ពិសេសពី អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ជល​ផល​ ស្ដីអំពី​ការប្រគល់​ ឬផ្ទេរ​ការគ្រប់​គ្រង​តំបន់​ដែន​អភិរក្ស​នេះ ទៅ​ឲ្យ​ខាងស្ថាប័ន​ថ្មី​ដែល​ចំណុះ​​ឲ្យ​ក្រសួង​បរិស្ថាន​ទេ​នោះ​ ក្រុម​ការងារ​យើង​ខ្ញុំ ​នឹង​នៅ​តែ​បន្ត​សកម្មភាព​ការងារ​ ការពារ​ អភិរក្ស​និង​អភិវឌ្ឍន៍​វិស័យ​ជល​ផល​ នៅ​ក្នុង​តំបន់​ដែន​អភិរក្សនេះ​ដដែល​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​និរន្តរ​ភាព​ធនធាន​ធម្មជាតិ ​និង​សត្វ​សមុទ្រ ក្នុង​ដែន​សមត្ថកិច្ច​របស់​យើង​ខ្ញុំ​ ឲ្យកាន់​តែ​សំបូរ​បែប»។

លោក​ចំរើន​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នៅពេល​នេះ អគ្គ​នាយ​កដ្ឋាន​រដ្ឋ​បាល​ជលផល​ កំពុង​ពង្រីកវិសាល​ភាព​ការងា​រគ្រប់​គ្រង​ តំបន់​ដែន​អភិរក្ស​​ធនធាន​ធម្មជាតិ ​និង​សត្វ​សមុទ្រទៅ​ដល់​ខេត្តកែប​ ដោយ​បាននិង​កំពុង​សហការ​យ៉ាង​ល្អប្រសើរ​ជា​មួយ​​អង្គការ​​ដៃគូ​អភិវឌ្ឍន៍​អន្តរ​ជាតិ​មួយ​ចំនួន​ ដែល​ក្នុង​នោះ​ អង្គការ FFI គឺជា​ដៃគូឈាន​មុខគេ​ នៅក្នុង​ការផ្ដល់​ជំនួយ​ហិរញ្ញ​វត្ថុ និង បច្ចេក​ទេស​។

ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​មួយ​ចំនួន​ ជាមួយ​លោក​ Ahab Charles W. Downer នាយក​ប្រចាំ​កម្ពុជា​នៃ​អង្គការ FFI កាល​ពីរ​សៀល​ថ្ងៃទី ២១ ខែ​កុម្ភៈ លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន បាន​ស្នើ​ឲ្យ​អង្គការ​នេះ ជួយ​សហការ​គាំទ្រ​បន្ថែម​ទៀត​ លើការ​អភិរក្ស​ឧទ្យាន​ជាតិ​សមុទ្រ​កោះ​រ៉ុង។

ជាលទ្ធផល​នៃកិច្ច​ពិភាក្សា​នេះ ភាគី​ទាំង​ពីរបាន​បេ្តជ្ញា​ក្នុង​ការ​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ថែម​ទៀត​ លើការ​អភិរក្ស​ធនធាន ជីវៈ​ចម្រុះ​សមុទ្រ ដោយ​ក្រសួង​បរិស្ថាន និង​អង្គការ​ FFI នឹង​ពិនិត្យ​លទ្ធភាព​ ចុះ​អនុស្សរណៈ​រួម​គ្នា បន្ថែម​ទៀត លើការ​គាំទ្រ បច្ចេក​ទេស ថវិកា ដើម្បី​ចូល​រួម​ចំណែក​ ក្នុង​ការ​អភិរក្ស​ធនធាន​សមុទ្រ​ នៅ​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​កោះ​រ៉ុង។

ឧទ្យាន​ជាតិ​សមុទ្រ​កោះ​រ៉ុង គឺជា​បណ្ដុំ​ប្រជុំ​កោះ​មួយ​ចំនួន​ ក្នុង​លំហសមុទ្រ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​និង​កោះ​កុង ដែល​ក្នុង​នោះ​រួម​មាន កោះ​រ៉ុង កោះរ៉ុង​សន្លឹម កោះ​កូន កោះ​តូច កោះ​តាទៀម កោះ​ម្នាស់ក្រៅ កោះ​ម្នាស់​ក្នុង និង​​សមុទ្រ​ជុំវិញ​តំបន់​ទាំងនេះ មាន​ផ្ទៃដី​សរុប ជាង ៥ ​ម៉ឺន ២​ ពាន់ហិកតា ប្រយោជន៍​ ​ដើម្បី​ធានា​ថែរក្សា និង​ការពារ​សោភណ​ភាព​ធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈ​ចម្រុះ​លើ​កោះ និង​បរិវេណ​សមុទ្រ​៕ NS

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។