ភ្នំពេញៈ ក្រសួងបរិស្ថានបន្តទទួលជំនួយ ឧបករណ៍វាស់គុណភាព និងកម្រិតសំឡេងខ្យល់និងរំញ័រពីប្រទេសចិន ខណៈបច្ចុប្បន្នកម្ពុជាបានបំពាក់ឧបករណ៍វាស់គុណភាពខ្យល់បានចំនួន ៤៩ ទីតាំង នៅទូទាំង ២៥ រាជធានី-ខេត្ដ និងកំពុងរៀបចំបំពាក់បន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយទូទាំងប្រទេសអំពីស្ថានភាពគុណភាពខ្យល់។
ក្រសួងបរិស្ថាន កាលពីថ្ងៃទី ១៤ ខែឧសភា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្ថានីយ (ឧបករណ៍) ត្រួតពិនិត្យគុណភាពខ្យល់ចំនួន ១០ និងឧបករណ៍វាស់កម្រិតសំឡេងនិងរំញ័រក្នុង ១ មុខ ១០ គ្រឿង រួមនឹងសម្ភារបរិក្ខារមួយចំនួនទៀត ដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមគម្រោងសហប្រតិបត្តិការអាកាសធាតុចិនត្បូង-ត្បូង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់បង្ហាញកាបូនទាប។
តាមផែនការ នឹងរៀបដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ និងសម្ភារបរិក្ខារទាំងនេះនៅតាមទីតាំងគោលដៅចំនួន ១០ តាមបណ្តារាជធានី-ខេត្ត ដូចជារាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងនៅថ្ងៃទី ១៦ ឧសភាថា ទាក់ទងនឹងឧបករណ៍វាស់គុណភាពខ្យល់ ក្រសួងបានបញ្ជាទិញដោយផ្ទាល់ផង ព្រមទាំងជំនួយពីប្រទេសចិន និងពីប្រទេសជប៉ុនផងដែរ។
ឧបករណ៍វាស់គុណភាពខ្យល់ដែលក្រសួងបានដាក់នៅតាមបណ្ដារាជធានី-ខេត្ដទាំងអស់ មានចំនួន ៤៩ ទីតាំងហើយ រហូតមកដល់ពេលនេះ។
លោកថ្លែងថា៖ «យើងនឹងបំពាក់បន្ថែមថ្មីបន្តទៀតដើម្បីបង្កើនប្រសិទ្ធភាព និងប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយទាំងអស់នៅទូទាំងប្រទេសកម្ពុជាអំពីស្ថានភាពនៃគុណភាពខ្យល់»។
នៅក្នុងចំណោម ៤៩ ទីតាំង ដែលបានបំពាក់រួចនោះ សម្រាប់រាជធានីភ្នំពេញបានដាក់ឧបករណ៍វាស់គុណភាពខ្យល់បានចំនួន ១១ ទីតាំង។ ចំណែកនៅតាមបណ្ដាខេត្ដ ២៤ ផ្សេងទៀត គឺបានបំពាក់ចំនួន ៣៨ កន្លែង។
លោកបានថ្លែងថា៖ «សារៈសំខាន់នៃការដាក់ឧបករណ៍នេះ គឺដើម្បីឱ្យបានដឹងថា តើគុណភាពខ្យល់នៅក្នុងតំបន់នីមួយៗតើមានការវិវឌ្ឍយ៉ាងម៉េចខ្លះ ព្រោះថា ខ្យល់មានសារៈសំខាន់សម្រាប់ការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ»។
លោកបញ្ជាក់ថា នៅប្រទេសកម្ពុជា រហូតមកដល់ពេលនេះ គុណភាពខ្យល់ គឺមានភាពល្អប្រសើរ លើសលុបនៅទូទាំងប្រទេស។
លោកបានបន្តថា ដូច្នេះការបំពាក់នូវឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ និងកម្រិតនៃការវាស់សំឡេង និងរំញ័រនៅប្រទេសកម្ពុជា គឺដើម្បីក្ដាប់ឱ្យបាននូវទិន្នន័យ កុំឱ្យមានការបំពុលខ្យល់ កុំឱ្យមានការបំពុលដោយសំឡេង ដែលទាំងនេះ គឺជាការគិតគូរដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
តាមការបញ្ជាក់របស់ក្រសួងបរិស្ថាន កាលពីខែមករា ឆ្នាំ ២០២០ កំហាប់ភាគល្អិតនិចលមានការកើនឡើងហួសកម្រិតស្ដង់ដាកំណត់អាចជាហានិភ័យបង្កការប៉ះពាល់សុខភាពប្រជាពលរដ្ឋនិងបរិស្ថាន។
ប៉ុន្ដែស្ថានភាពខ្យល់បានត្រឡប់មករកស្ថានភាពល្អប្រសើរឡើងវិញបន្ទាប់ពីក្រសួងបានដាក់ចេញនូវវិធានការទប់ស្កាត់នានា ដូចជាការហាមឃាត់នូវការដុតគល់ជញ្រ្ជាំង ការដុតព្រៃរានយកដី និងការដុតសំរាមពាសវាលពាសកាលជាដើម។
ក្រសួងបានឱ្យដឹងថា កំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល គឺជាភាគល្អិតនិចលតូចៗនៅក្នុងខ្យល់ ដែលមានអង្កត់ផ្ចិតតូចជាង ២,៥ មីក្រុង។
ភាគល្អិតនិចលមានប្រភពមកពីការដុតឥន្ធនៈហ្វូស៊ីលនិងកម្ទេចធូលីផ្សេងៗ។ ភាគល្អិតនិចលនេះអាចស្រូបចូលទៅដល់សួតនិងពេលខ្លះដល់សរសៃឈាមដែលអាចបង្កការប៉ះពាល់ដល់សុខភាពរបស់មនុស្សប្រសិនបើស្រូបចូលលើសកម្រិតកំណត់៕