កំពង់ធំៈ ក្រសួងបរិស្ថានបានប្តេជ្ញាថា នឹងចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺឆ្លងផ្សេងទៀតចេញពីសហគមន៍តំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ឱ្យអស់នៅត្រឹមឆ្នាំ ២០២៥ ដើម្បីឱ្យស្របទៅនឹងផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជាពីឆ្នាំ ២០១១ ដល់ ២០២៥។
ហ្វេសប៊ុកក្រសួងបរិស្ថានកាលពីថ្ងៃអង្គារក៏បានបញ្ជាក់ផងដែរថា ក្រៅពីនេះ «នឹងកាត់ផ្តាច់ទាំងស្រុងជំងឺឆ្លងផ្សេងទៀតដូចជាជំងឺអេដស៍ ជំងឺគ្រុនឈាមជាដើមចេញពីសហគមន៍តំបន់ការពារធម្មជាតិផងដែរ»។
ថ្លែងក្នុងអំឡុងពេលនៃដំណើរចុះពិនិត្យស្ថានភាពការងារគ្រប់គ្រង និងអភិរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ និងជួបសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ តំបន់ការពារធម្មជាតិជាច្រើនរយនាក់នៅខេត្តកំពង់ធំកាលពីថ្ងៃអង្គារលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា៖ «ការលុបបំបាត់ជំងឺឆ្លង ការគិតគូរពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភការទទួលបានការអប់រំ គឺជាមូលដ្ឋានគ្រឹះនៅក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន»។ នេះបើតាមហ្វេសប៊ុកក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ផែនការរបស់ក្រសួងបរិស្ថានគឺការអប់រំ និងណែនាំដល់ប្រជាសហគមន៍ និងមន្ត្រីឧទ្យានុរក្សដែលរស់នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ដែលមាន ១៩ សហគមន៍តំបន់ការពារធម្មជាតិដែលបង្កើតនៅក្នុងតំបន់ព្រៃឡង់ដែលមានមន្ត្រីឧទ្យានុរក្សប្រមាណ ១០០ នាក់ធ្វើការនៅតំបន់នេះ។
លោកថ្លែងថា៖ «អ៊ីចឹងគឺយើងអប់រំគាត់ឱ្យមានការប្រុងប្រយ័ត្ន សម្រាន្តនៅក្នុងមុងមានជ្រលក់ថ្នាំការពារ ហើយយើងមានការចែកមុងជ្រលក់ថ្នាំទៅឱ្យគាត់ ហើយសំខាន់គឺធ្វើឱ្យគាត់រស់នៅមានអនាម័យនៅជុំវិញតំបន់របស់គាត់ហ្នឹង គឺសុំកុំឱ្យមានការបំពុល ឬក៏ចោលសំរាមការបោះចោលថង់ប្លាស្ទិកអីពាសវាល ពាសកាលអ៊ីចឹងទៅ...»។
ហ្វេសប៊ុកដដែលបញ្ជាក់ថា ព្រៃឡង់ត្រូវបានកំណត់ជាដែនជម្រកសត្វព្រៃលើទំហំផ្ទៃដី ៤៣១ ៦៨៣ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង តាមអនុក្រឹត្យចុះថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០១៦ ក្រោយពីមានការផ្ទេរសមត្ថកិច្ចគ្រប់គ្រងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមកឱ្យក្រសួងបរិស្ថានគ្រប់គ្រងកាលពីខែមេសា ឆ្នាំ ២០១៦។
ទំព័រហ្វេសប៊ុកនេះបញ្ជាក់ទៀតថានៅឆ្នាំ ២០១៩ ក្រសួងបរិស្ថានបានរៀបចំបង្កើត និងការប្រកាសទទួលស្គាល់ជាផ្លូវការនូវសហគមន៍ការពារធម្មជាតិចំនួន ១៩ ដែលមានប្រជាពលរដ្ឋជាច្រើនម៉ឺននាក់កំពុងរស់នៅក្នុង និងក្បែរដែនជម្រកសត្វព្រៃព្រៃឡង់ ដើម្បីបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងចូលរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។
សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់កាលពីថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០១៩ បានដកស្រង់ប្រភពរបាយការណ៍ប្រចាំឆ្នាំក្នុងសេវាសុខាភិបាលសាធារណៈរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ថា អត្រាជំងឺគ្រុនចាញ់ប្រទេសកម្ពុជាមកដល់ឆ្នាំ ២០១៨ បានថយចុះ ៨៥% និងករណីស្លាប់បានកាត់បន្ថយ ៩៩% ក្រោយពីបានអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ពីឆ្នាំ ២០១១ ដល់ ២០២៥។
សារលិខិតបញ្ជាក់ថា៖ «បានន័យថា ករណីឈឺនៃជំងឺគ្រុនចាញ់មានជាង ១៧ ម៉ឺនករណី និងស្លាប់ពី ៤៤៦ ៨៩១ នាក់ ក្នុង ១ ឆ្នាំៗ នាអំឡុងពេលមុនឆ្នាំ ២០១១ ត្រូវបានកាត់បន្ថយចុះមកនៅត្រឹម ៦៥ ១១៤ ករណី ឈឺ និងមិនមានស្លាប់សោះនាឆ្នាំ ២០១៨ ពិសេសករណីទាំងនោះជាង ៧០% គឺជាប្រភេទជំងឺស្រាល (វីវ៉ាក់)»។
លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជាដែលតែងតែចូលរួមចុះល្បាតព្រៃដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើថ្លែងពីថ្ងៃពុធថា ក្រសួងបរិស្ថានគួរតែធ្វើការងារឲ្យបានជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ជាពិសេសក្នុងការដាក់ពង្រាយគ្រូពេទ្យផ្នែកគ្រុនចាញ់ទៅគ្រប់ភូមិ ឃុំនៅក្នុងតំបន់ព្រៃឡង់។
ក្រសួងក៏គួរតែពង្រឹងគុណភាពផ្នែកការផ្តល់សេវាពិគ្រោះយោបល់ពិនិត្យឈាម និងផ្តល់ថ្នាំពេទ្យនៅក្នុងភូមិ និងពង្រឹងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីវិធីសាស្ត្រក្នុងការបង្ការជំងឺគ្រុនចាញ់។ «បញ្ហាគ្រុនចាញ់នៅក្នុងតំបន់ព្រៃឡង់ហ្នឹងមិនត្រឹមតែមូសខាំទេ ប៉ុន្តែពេលខ្លះការពិសាទឹកមិនស្អាត វាចូលរួមចំណែកក្នុងការបង្កើតឱ្យមានជំងឺគ្រុនចាញ់ដូចគ្នាដែរ» ។
លោក ស ម៉ូរី បន្តថា ភាគច្រើនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ព្រៃឡង់ការបរិភោគទឹករបស់ពួកគាត់មិនបានចម្រោះ ឬក៏ចម្អិនត្រឹមត្រូវទេ គឺពួកគាត់ហូបទឹកស្ទឹងទឹកបឹងផ្ទាល់តែម្តង៕
វីដេអូ៖