មណ្ឌលគិរី៖ ក្រសួង​បរិស្ថាន ប្រកាស​ទទួល​ស្គាល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ភ្នំណាម​លៀរ នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំណាមលៀរ ស្ថិត​ក្នុង​ភូមិ​ពូទឺត ឃុំ​ប៊ូស្រា ស្រុក​ពេជ្រដា ខេត្ត​មណ្ឌលគិរី ដែល​មាន​ផ្ទៃដី​ជាង ៦០០ ហិកតា ខណៈ​សហគមន៍​រំពឹង​នឹង​អាច​ការពារ​ធនធាន​ធម្មជាតិ​ដែល​មាន​ក្នុង​សហគមន៍​នេះ បាន​ពេញលេញ។

សេចក្តី​ប្រកាស​របស់​ក្រសួង​បរិស្ថាន​ចុះ​ហត្ថលេខា​ដោយ​លោក សាយ សំអាល់ កាល​ពី​ថ្ងៃទី ៦ មេសា បាន​ឱ្យ​ដឹង​ថា ការ​រៀបចំ​បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ «ភ្នំ​ណាមលៀរ ក្នុង​គោល​បំណង​បង្កើន​ការ​ចូលរួម​គ្រប់គ្រង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព និង​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​សហគមន៍ មូលដ្ឋាន​ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល។

សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា៖ «សហគមន៍​តំបន់​ការពារ​ធម្មជាតិ «ភ្នំ​ណាមលៀរ ត្រូវ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​អគ្គនាយកដ្ឋាន សហគមន៍​មូលដ្ឋាន​នៃ​ក្រសួង​បរិស្ថាន និង​ត្រូវ​រៀបចំ​លក្ខន្តិកៈ ព្រម​ទាំង​ផែនការ​គ្រប់គ្រង​សហគមន៍​របស់​ខ្លួន​ស្រប​តាម​គោលការណ៍​ណែនាំ​ស្តីពី​នីតិវិធី និង​ដំណើរការ​រៀបចំ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ និង ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ»។

សហគមន៍​តំបន់​ការពារ​ធម្មជាតិ «ភ្នំ​ណាមលៀរ» នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ មាន​ផ្ទៃដី​សរុប​ទំហំ ៦៦៨ ហិកតា (ប្រាំមួយ​រយ​ហុបសិបប្រាំបី​ហិកតា) ខណៈ​សហគមន៍​នេះ មាន​ប្រជាពលរដ្ឋ​ជិត ២០០ គ្រួសារ ដែល​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង។

លោក បែវ សាលាយ សមាជិក​សហគមន៍​តំបន់​ការពារ​ធម្មជាតិ «ភ្នំ​ណាមលៀរ មាន​ក្តី​សប្បាយ​រីករាយ​ដែល​សហគមន៍​នេះ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ ដែល​លោក​រំពឹង​ថា ប្រជាសហគមន៍ នឹង​អាច​ចូលរួម​ដោយ​បើក​ចំហ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់ ដូចជា ព្រៃឈើ សត្វព្រៃ និង​វប្បធម៌​របស់​ខ្លួន។

លោក​បញ្ជាក់​ថា៖ «យើង​ត្រូវ​បាន​ទទួល​ស្គាល់​នេះ គឺ​ចំណុច​ដែល​សំខាន់ គឺ​យើង​បាន​ចូលរួម​ការពារ​សម្រស់​ធម្មជាតិ ដើម​ឈើ សត្វព្រៃ និង​ប្រពៃណី ឲ្យ​បាន​គង់វង្ស ដែល​ច្រើន​តែ​មាន​អ្នក​មួយ​ចំនួន ខិលខូច គេ​ចេះ​តែ​បំផ្លិតបំផ្លាញ»។

លោក បែវ សាលាយ សង្ឃឹម​ថា នៅ​ពេល​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​នេះ សហគមន៍​លោក​នឹង​អាច​រៀបចំ​ផែន​ការ និង​យុទ្ធសាស្ត្រ​បាន​ពេញលេញ ក្នុង​ការ​ចូលរួម​ការពារ​ធនធាន​ទាំង​នេះ ខណៈ​បច្ចុប្បន្ន​តំបន់​ការពារ​ភ្នំ​ណាមលៀរ កំពុង​តែ​រង​ការ​រំលោភ​បំពាន​ស្ទើរ​តែ​រាល់​ថ្ងៃ៕