ស្ទឹងត្រែងៈ ក្រសួង​បរិស្ថាន​ចាប់ផ្តើម​រៀបចំ​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​លើក​ទី​ ៤០ នៅ​ខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃទី​ ២៤ សីហា ក្រោម​ប្រធានបទ «​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ជា​ភារកិច្ច​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​» ដើម្បី​ផ្តល់ឱកាស​ដល់​សិស្ស​តាម​បណ្តា​ខេត្ត​ស្វែង​យល់​បន្ថែម​អំពី​បញ្ហា​បរិស្ថាន​ និង​ចូលរួម​ចែករំលែក​ចំណេះដឹង​ទាំងនោះ​ទៅដល់​សហគមន៍​របស់​ពួកគេ​។

លោក​ នេត្រ ​ភក្ត្រា ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២៥ សីហា ថា​ឆ្នាំ​នេះ​គឺជា​វេទិកា​លើក​ទី​ ៤០ ​ហើយ​សម្រាប់​ការរៀបចំ​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​។ ឆ្នាំនេះ​ក៏​ជា​ឆ្នាំ​ទី​ ២ ​ដែល​ក្រសួង​បរិស្ថាន​បាន​រៀបចំ​វេទិកា​នៅតាម​បណ្តា​ខេត្ត​ផងដែរ​ដើម្បី​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​នៅ​តាម​បណ្តា​ខេត្ត បាន​សិក្សា​ស្វែងយល់​បន្ថែម​អំពី​បញ្ហា​បរិស្ថាន​។

លោក​ថ្លែងថា​៖ «​វេទិកា​ឆ្នាំនេះ​មាន​ភាព​ខុសប្លែក​ពី​ឆ្នាំមុន ដោយ​ក្រសួង​នឹង​នាំ​សិស្សានុសិស្ស​ទៅ​ទស្សនកិច្ច​សិក្សា​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ដើម្បី​ឱ្យ​ពួកគាត់​ស្វែងយល់​អំពី​ធនធាន​ធម្មជាតិ​ដោយផ្ទាល់​នៅក្នុង​តំបន់​នោះ​។ ឆ្នាំ​កន្លង​ទៅ​ក្រសួង​បានរៀបចំ​វេទិកា​ដោយ​គ្រាន់តែ​ឱ្យ​សិស្ស​ប្រកួតប្រជែង​នៅ​ភ្នំពេញ និង​សិក្សា​ស្រាវជ្រាវ​លើ​ឯកសារ​ប៉ុណ្ណោះ​»​។

កាលពី​ថ្ងៃទី​ ២៤ ខែសីហា​ លោក​ ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​មន្ដ្រី រួមមាន លោក​ ជួប ប៉ារីស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន និង​លោក​ ម៉ុម សារឿន អភិបាលខេត្ដ​ស្ទឹងត្រែង​ព្រមទាំង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជាច្រើន​រូប​ទៀត​បើក​ការណែនាំ​ឆ្ពោះ​ទៅ​ដំណើរការ​វេទិកា​នេះ​ក្នុង​ខេត្ដ​ស្ទឹងត្រែង​។

លោក​ ផៃ ប៊ុនឈឿន ថ្លែង​ថា វេទិកា​ឆ្នាំនេះ​គឺមាន​លក្ខណ​ពិសេស​ជាង​ការប្រកួតប្រជែង​ឆ្នាំ​កន្លង​ទៅដោយ​បេក្ខជន​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​វេទិកា​នេះ​អាច​សិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ​ជាក់ស្តែង ដែល​កំពុងតែ​កើតមាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ផ្តោតលើ​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ជីវភាព​សហគមន៍​មូលដ្ឋាន​ជាដើម​។

លោក​ ជួប ប៉ារីស៍ បាន​ថ្លែងថា រាល់​ឆ្នាំ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​តែងតែ​រៀបចំ​វេទិកា​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​នេះ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​មកពី​បណ្តា​សាកល​វិទ្យាល័យ​នានា បញ្ចេញ​សមត្ថភាព សិក្សា​ស្រាវជ្រាវ​។ ស្វែងរក​ចំណេះដឹង បទពិសោធ​ថ្មីៗ តាម​បែប​វិទ្យាសាស្ត្រ និង​ចែករំលែក​នូវ​ចំណេះដឹង​ទាំងនោះ​ទៅដល់​សាធារណជន​ទូទៅ​ឱ្យ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​បរិស្ថាន​។

លោក​ថ្លែងថា​៖ «​វេទិកា​នេះ​ក៏​សំដៅ​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​គោលដៅ​ថែ​រក្សា​បាន​នូវ​ការការពារ និង​អភិរក្ស​បរិស្ថាន ដើម្បី​ធានា​បាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ផងដែរ​»​។

លោក​ ម៉ុម សារឿន សាទរ​ចំពោះ​កិច្ចសហការ​របស់​ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា​ក្នុង​ការរៀបចំ​វេទិកា​នេះ​ឡើង​ក្នុង​ខេត្ដ​ស្ទឹងត្រែង​។ លោក​ថ្លែង​ថា​៖ «​សិស្សានុសិស្ស​ត្រូវយក​ចិត្ត​ទុកដាក់ ត្រងត្រាប់ សិក្សា ស្រាវជ្រាវ​យក​បទពិសោធ​ល្អ​ដើម្បី​ឈាន​ទៅ​រក​ការប្រកួត​យក​ជយលាភី​នាពេល​ខាង​មុខ​»​។

បើ​តាម​លោក​ នេត្រ ភក្ត្រា វេទិកា​ឆ្នាំ​នេះ​សិស្ស​មកពី​សាលារៀន​ចំនួន​ ១៦ នឹង​ចូលរួម​ក្នុង​ការប្រកួតប្រជែង​គ្នា​។ ការប្រកួត​ប្រជែង​មាន​ ៣ ​វគ្គ​បាន​ចាប់ផ្ដើម​វគ្គ​ដំបូង​កាលពី​ដើម​ខែ​មិថុនា រហូត​ដល់​ដើម​ខែ​តុលា​ជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​។

លោក​បញ្ជាក់​ថា ក្នុង​នោះ​មាន​វគ្គ​ទី​ ១ គឺ​វគ្គ​ណែនាំ​វគ្គ​ទី​ ២ គឺ​វគ្គ​ជម្រុះ និង​វគ្គ​ទី​ ៣ គឺ​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​។ លោក​បន្ថែម​ថា ប្រធានបទ​សម្រាប់​ការជជែក​ពិភាក្សា​សម្រាប់​វេទិកា ទាំងមូល​គឺ​ផ្តោត​សំខាន់​ទៅលើ​ការគ្រប់គ្រង​ព្រៃឈើ ធនធាន​ធម្មជាតិ ជីវចម្រុះ និង​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​នៅ​ជុំវិញ​ខេត្ដ​ទាំង​ ៤ ស្ថិត​ក្នុង​ភូមិសាស្ដ្រ​តំបន់​ព្រៃឡង់​។

លោក​ ភក្ត្រា ​ឱ្យ​ដឹងថា សាលារៀន​ទាំង​ ១៦ ​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​វេទិកា​នេះ​ក្នុង​ ១ ​សាលា​មាន​សិស្ស​ចូលរួម​ចំនួន ៤ ​នាក់ និង​គ្រូ​ ១ ​នាក់​។ ដូច្នេះ​សរុប​ទាំង​ ១៦ ​សាលា ​គឺ​មាន​សិស្ស និង​គ្រូ​សរុប​ចំនួន​ ៨០ ​នាក់​។ ចំណែក​វគ្គ​បញ្ចប់​គឺ​ជ្រើសរើស​យក​សាលារៀន​ចំនួន​ ៨ ដើម្បី​ប្រកួត​ផ្ដាច់ព្រ័ត្រ​។ សាលា​ទាំង​ ១៦ នេះ​មាន​សាលារៀន​ចំនួន​ ៨ មកពី​រាជធានី​ភ្នំពេញ និង​ ៨ ​សាលារៀន​ទៀត​មកពី​ខេត្ដ​ចំនួន​ ៤ នៅ​ជុំវិញ​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ រួមមាន​ខេត្ដ​កំពង់ធំ ស្ទឹងត្រែង ក្រចេះ និង​ខេត្តព្រះវិហារ​៕