
អ្នកជំនាញក្នុងសិក្ខាសាលាបណ្តុះបណ្តាលកន្លងមក។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថានសហការជាមួយភ្នាក់ងារសេវាកម្មព្រៃឈើអាមេរិក (US Forest Service) បានរៀបចំឯកសារដើម្បីត្រៀមបណ្ដុះបណ្ដាលការយល់ដឹងដល់មន្ដ្រីឧទ្យានុរក្សពីការអភិរក្សធនធានធម្មជាតិដែលគ្រោងធ្វើនៅឆ្នាំក្រោយ។
នេះបើតាមលោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថានកាលពីម្សិលមិញ។
លោក នេត្រ ភក្ដ្រា បានថ្លែងថាការរៀបចំនេះធ្វើឡើងតាមរយៈការបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំចងក្រងឯកសារសម្រាប់វគ្គបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស» ដោយធ្វើរយៈពេល ២ ថ្ងៃគឺកាលពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែធ្នូ សម្រាប់យកទៅបណ្ដុះបណ្ដាលនៅខែតុលា និងវិច្ឆិកា ឆ្នាំក្រោយ។
លោកបានបន្ដថា៖ «វគ្គបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្សនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយពីផែនការយុទ្ធសាស្ត្រការងារលើការការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវចម្រុះតំបន់ការពារធម្មជាតិ និងលិខិតបទដ្ឋានផ្សេងៗដើម្បីពង្រឹងចំណេះដឹង និងការយល់ដឹងរបស់មន្ត្រីឧទ្យានុរក្សក្នុងការអភិរក្សធនធានធម្មជាតិ»។
បើតាមលោក នេត្រ ភក្ដ្រា បច្ចុប្បន្ននេះក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១ ២២១ នាក់ដែលកំពុងតែការពារ និងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះចំនួន ៥៥ ដែលមានទំហំប្រមាណ ៧,៥ លានហិកតា។ មន្ត្រីឧទ្យានុរក្សបានចូលនីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌។
តាមក្រសួងបរិស្ថានថា សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិតំណាងមន្ទីរបរិស្ថាន តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា តំណាងគម្រោង MJP, គម្រោង Green Prey Lang និងអង្គការអន្តរជាតិ WCS, WWF, FFI, CI រួមជាមួយនឹងអ្នកជំនាញការអន្តរជាតិ សរុបចំនួន ២៦ រូប៕