សៀមរាបៈ ដោយ​មាន​ការសហការ​ជាមួយ​នឹង​សមាគម​មគ្គុទេ្ទសក៍​សត្វស្លាប​កម្ពុជា និង​មានការ​គាំទ្រ​ពី​គម្រោង​ព្រៃឡង់​បៃតង ក្រសួងបរិស្ថាន​បានរៀបចំ​ពិព័រណ៍​សត្វ​ស្លាប​កម្ពុជា ក្រោម​ប្រធានបទ «​ការមើល​សត្វ​ស្លាប​ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍ធម្មជាតិ​» ដែល​ធ្វើឡើង​នៅក្នុង​ខេត្ត​សៀមរាប​រយៈពេល​ ២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ១៧-១៨ ខែតុលា ឆ្នាំ​ ២០២០​។

ឆ្នាំនេះ​គឺជា​ការតាំងពិព័រណ៍​សត្វស្លាប​លើក​ទី​ ២ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សក្តានុពល​សត្វ​ស្លាប​កម្ពុជា​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ ដើម្បី​បង្កើន​ចំណេះដឹង​ដល់​សាធារណជន​អំពី​សារៈសំខាន់​នៃ​សត្វ​ស្លាប និង​ការងារ​អភិរក្ស បណ្តុះ​ចិត្ត​ស្រឡាញ់ និង​ការចូលរួម​ពី​សាធារណជន ជាពិសេស​យុវជន​ក្នុង​ការថែរក្សា និង​អភិរក្ស​សត្វស្លាប​នៅ​កម្ពុជា និង​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​នៅតាម​តំបន់​ការពារ​ធម្មជាតិ ដោយ​រួមបញ្ចូល​សកម្មភាព​មើល​សត្វ​ស្លាប ដើម្បី​លើកកម្ពស់​ជីវភាព​សហគមន៍​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៨ តុលា​ថា ការតាំង​ពិព័រណ៍​សត្វ​ស្លាប​នៅ​ឆ្នាំនេះ​មាន​ការខុស​ប្លែក​ពី​ឆ្នាំមុន ដោយសារ​ឆ្នាំនេះ ក្រៅពី​ការរៀបចំ​នូវ​ស្តង់​តាំងពិព័រណ៍ ការរៀបចំ​រូប​សត្វ គឺ​ក្រសួង​មាន​ការរៀបចំ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកចូលរួម និង​សិស្សានុសិស្ស​នៅក្នុង​ខេត្តសៀមរាប ដើម្បី​ទៅ​ទស្សនា​កន្លែង​សត្វ​ស្លាប​នៅ​ភ្នំក្រោម​។ សម្រាប់​ថ្ងៃទី​ ២ ​គឺ​មាន​ការរៀបចំ​នូវ​ការគូររូប​នៅតាម​ស្តង់ ហើយ​ក្មេងៗ​នឹង​បាន​គូររូប​សត្វ​ស្លាប​ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​ដូចជា​សត្វ ត្រដក់ ត្រយង​យក្ស ត្រយង​ចង្កំ​កស ត្មាត និង​សត្វ​ស្លាប ជាច្រើន​ប្រភេទ​ទៀត​។

លោក ភក្ត្រា បាន​ថ្លែងថា​៖ «​នៅ​ឆ្នាំក្រោយ​យើង​គ្រោង​នឹង​រៀបចំ​ជា​លក្ខណៈ​អាស៊ាន​តែម្តង ដែល​មាន​ការចូលរួម​ជាច្រើន​ប្រទេស​ជា​សមាជិក​អាស៊ាន និង​អ្នក នៅ​ក្រៅ​ប្រទេស​ចូលរួម​ផងដែរ ប៉ុន្តែ​យើង​មិន​ទាន់​កំណត់​ពី​ទីតាំង​នៅឡើយ​ទេ​»​។

បើ​តាម​លោក ភក្ត្រា ប្រទេស​កម្ពុជា​ត្រូវបាន​ពិភពលោក​ទទួលស្គាល់​ថា ជា​ប្រទេសមួយ​សម្បូរ​ដោយ​ជីវចម្រុះ ហើយ​នៅ​ក្នុងនោះ កម្ពុជា​មាន​ប្រភេទ​សត្វ​ជាច្រើន​ដែល​នៅលើ​ពិភពលោក​កំពុង​ជិត​ផុត​ពូជ ឬ​រង​នូវ​ការគំរាមកំហែង ប៉ុន្តែ​សត្វ​ទាំងនេះ​មាន​នៅក្នុង​ប្រទេស​កម្ពុជា​ដូចជា ត្មាត ត្រយង​យក្ស ក្រៀល ត្រដក់ ស្វា​កន្ទុយ​ស តូច​ថ្ពាល់​លឿង ស្វា​ក្តាម ជាដើម​។

លោក​ថា ៖ «​ប្រភេទ​សត្វ​ទាំងនេះ​ជា​ប្រភេទ​សត្វ​កម្រ ហើយ​ប្រសិនបើ​យើង​រៀបចំ​នូវ​ការតាំងពិព័រណ៍​រូបភាព​សត្វ​ស្លាប​នៅ​អាស៊ាន​នេះ គឺ​កម្ពុជា​យើង​នឹង​ត្រូវបាន​គេ​ស្គាល់​កាន់តែ​ខ្លាំង​ថែមទៀត​ថា ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​សត្វ​កម្រ​។ ប្រភេទ​សត្វ​កម្រ​ទាំងអស់​នេះ​កំពុង​តែ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ដូចជា នៅ​តំបន់​ព្រែកទាល់​ដែល​មាន​អ្នកទេសចរ​មក​ទស្សនា​ច្រើន​»​។

លោក ភក្ត្រា បន្តថា ការតាំងពិព័រណ៍​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​នូវ​សក្តានុពល​នៃ​ជីវចម្រុះ​នៅ​កម្ពុជា និង​ការផ្សារភ្ជាប់​នឹង​ទេសចរណ៍​ធម្មជាតិ​។

អ្នកតំណាង​មកពី​គម្រោង USAID ព្រៃឡង់​បៃតង លោក អ៊ុន ចក្រី ដែល​បាន​ចូលរួម​បើក​ការតាំងពិព័រណ៍​បាន​លើកឡើង​ថា ការអភិរក្ស​ជីវចម្រុះ ដូចជា ព្រៃឈើ សត្វព្រៃ និង​សត្វ​ស្លាប​ជាដើម​នេះ​គឺជា​ផ្នែក​មួយ​ស្ថិត​ក្នុង​គោលដៅ​អភិរក្ស​របស់​គម្រោង USAID ព្រៃឡង់​ដែល​ផ្តោតទៅលើ​ការការពារ និង​អភិក្ស​ធនធាន​ធម្មជាតិ​ផ្សេងៗ​នៅក្នុង​តំបន់​ទេសភាព​ព្រៃឡង់​។

លោក​ថ្លែងថា​៖ «​ថ្មីៗ​នេះ គម្រោង​បាន​ដាក់​ប្រព័ន្ធ​កាមេរ៉ា ដើម្បី​ចាប់​រូបភាព​តាមដាន​អំពី​ប្រភេទ​សត្វស្លាប​ដែលមាន​នៅក្នុង​ព្រៃ​នៃ​តំបន់​ការពារ​ធនធាន​ធម្មជាតិ ហើយ​ជា​លទ្ធផល​យើង​ទទួល​បាន​វត្តមាន​នៃ​ប្រភេទ​សត្វ​ស្លាប​កម្រ​មួយចំនួន ដូចជា ត្រយង​យក្ស ត្រយង​ចង្កំ​កស ទាព្រៃ​ស្លាបស ត្មាត​​ជាដើម​...»​។

កម្មវិធី​ពិព័រណ៍​សត្វ​ស្លាប​នេះ រៀបចំ​ឡើង​ចំនួន​ ២ ​ថ្ងៃ​នៅ​តាម​បណ្តោយ​សួនច្បារ​មាត់​ស្ទឹង​នៃ​ទី​រួម​ខេត្តសៀមរាប​ដោយ​មាន​ស្តង់​សម្រាប់​ដាក់តាំង​បង្ហាញ​នូវ​រូបភាព​នៃ​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ សៀវភៅ​គំនូរ សៀវភៅ​ផ្សព្វផ្សាយ​អំពី​បរិស្ថាន​ផ្សេងៗ សមិទ្ធផល និង​ផលិតផល​របស់​ប្រជាសហគមន៍​ដែល​រស់​នៅក្នុង​តំបន់​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ផងដែរ​៕