ភ្នំពេញៈ ​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​បាន​ដាក់​លិខិត​មួយ​ទៅ​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​ស្នើសុំ​សហការ​ស្រាវជ្រាវ​ពី​សកម្មភាព​នៃ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន Think BioTech Co., Ltd និង​ក្រុមហ៊ុន Angkor Plywood Company បន្ទាប់ពី​ក្រសួង​បរិស្ថាន​ទទួល​បាន​របាយការណ៍​ពី​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ USAID/CAMBODIA ស្ដីពី​ការកាប់​ព្រៃឈើ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ព្រៃឡង់​។

យោងតាម​លិខិត​ចុះហត្ថលេខា​ដោយ​លោក សាយ សំអាល់ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​ផ្ញើជូន​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃ​​ទី​ ១៦ ខែ​ កញ្ញា ដែល​ភ្នំពេញប៉ុស្ដិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​បង្ហាញថា ក្រសួង​បរិស្ថាន​បាន​ទទួល​របាយការណ៍​ចេញ​ដោយ​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ USAID/CAMBODIA ​ស្តីពី​ការកាប់​ដើមឈើ​ច្បោះ​ជ័រ និង​ប្រភេទ​ឈើ​មាន​តម្លៃ​ផ្សេងទៀត​របស់​ក្រុមហ៊ុន Think BioTech Co.,Ltd ក្នុង​ «​ព្រៃឡង់​» ​ក្បែរ​តំបន់​ដីសម្បទាន​​របស់​ក្រុមហ៊ុន​ហើយ​ដើមឈើ​ទាំងនោះ​ត្រូវបាន​យក​ទៅ​កែច្នៃ​ដោយ​ក្រុមហ៊ុន Angkor Plywood Company​។

នៅក្នុង​លិខិត​នោះ​លោក សាយ សំអាល់ បញ្ជាក់ថា​៖ «​សហគមន៍​អឺរ៉ុប និង​USAID/CAMBODIA បានស្នើ​សុំ​រាជរដ្ឋាភិបាល​ស៊ើបអង្កេត និង​មាន​វិធានការ​ចំពោះ​ករណី​ទាំងនេះ ដើម្បី​ធានា​បន្ត​កិច្ចការពារ និង​អភិរក្ស​ព្រៃឡង់​។ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ធ្វើ​សេចក្តី​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​បរិស្ថាន សូម​ឯកឧត្តម​រដ្ឋមន្ត្រី​ (​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​) ​ពិនិត្យ​ស្រាវជ្រាវ​ផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព និង​សកម្មភាព​នៃ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​ Think BioTech Co., Ltd និង​ក្រុមហ៊ុន​ AngkorPlywoodCompany ​មក​ក្រសួង​បរិស្ថាន​»​។

រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​បន្ថែមថា​៖ «​ខ្ញុំបាទ​សូម​ជម្រាប​ឯកឧត្តម​រដ្ឋមន្ត្រី​ឱ្យបាន​ជ្រាប​ផងដែរ​ថា ទីតាំង​ក្រុមហ៊ុន​ Think BioTech Co., Ltd មិន​ស្ថិត​នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​ “​ព្រៃឡង់​” ​ក្រោម​សមត្ថកិច្ច​ក្រសួងបរិស្ថាន​ទេ គឺ​ស្ថិត​ក្រោម​សមត្ថកិច្ច​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​»​។

តាម​លិខិត​ដដែល​លោក សាយ សំអាល់ ក៏បាន​បញ្ជាក់​ដែរ​ថា​ក្រសួង​បរិស្ថាន​នឹង​រៀបចំ​លិខិត​សុំ​អន្តរាគមន៍​ទៅ​អភិបាលខេត្ត​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​ក្រុម​ការងារ​ចម្រុះ​ដឹកនាំ​ដោយ​អភិបាល​​ខេត្ត​ដើម្បី​ចុះ​ពិនិត្យ និង​ចាត់វិធានការ​ចាំបាច់​លើ​ករណី​នេះ​។

លោក​បាន​បន្ដថា​៖ «​ក្នុង​ករណី​រកឃើញ​កំហុស​ពាក់ព័ន្ធ​ការកាប់​ប្រមូល​ឈើ​ពី​ដែនជម្រក​សត្វព្រៃ​ «​ព្រៃឡង់​» ​របស់​ក្រុមហ៊ុន Think BioTech Co.,Ltd ក្រសួងបរិស្ថាន​នឹង​ពិភាក្សា​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ដើម្បី​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច និង​មាន​វិធាន​ការបន្ត​»​។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ​ភក្ត្រា ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​៖ «​ខ្ញុំ​មិនមាន​ព័ត៌មាន​អ្វី​វិវឌ្ឍន៍​ចុងក្រោយ​ពី​បញ្ហា​នេះ​ទេ​»​។

លោក ស្រី វុឌ្ឍី អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ជុំវិញ​ករណី​នេះ​បានទេ ដោយសារ​ទូរស័ព្ទ​លោក​មិនមាន​អ្នក​ទទួល​កាលពី​ម្សិលមិញ​។

លោក ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ​បាន​ថ្លែងថា​លោក​កំពុង​ស៊ើបអង្កេត​ករណី​របស់​ក្រុមហ៊ុន​ទាំង​ ២ ​ខាងលើ ខណៈ​សកម្មភាព​កាប់​ឈើ​របស់​ក្រុមហ៊ុន​ទាំងនេះ​បាន​ធ្វើ​នៅ​​តំបន់​ព្រៃឡង់​ស្ថិតក្នុង​ទីតាំង​ខេត្ដ​ក្រចេះ និង​ខេត្ដ​ស្ទឹងត្រែង​។

លោក​បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន​ទាំង​ ២ ​ខាង​លើ​នេះ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ដែល​បាន​កាប់​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់​ដឹក​យក​ទៅ​លក់​នៅក្រៅ​ប្រទេស ហើយ​បើ​យើង​មើល​ពី​ការស្នើ​របស់​​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន ទៅ​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​នេះ ហាក់បី​ដូចជា​កំពុងតែ​រុញ​កំហុស​ដាក់គ្នា​ទៅវិញទៅមក ដោយ​មិនបាន​​រួមគ្នា​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​»​។

លោក ស្រស់ បាន​អះអាង​ថា​សកម្មជន​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ​តំបន់​ព្រៃឡង់​ធ្លាប់​បាន​ប្ដឹង និង​ស្នើសុំ​អាជ្ញាធរ​ខេត្ដ​ឲ្យ​ចាត់​វិធានការ​ចំពោះ​​ក្រុមហ៊ុន​ទាំង​ ២ ​ខាងលើ ប៉ុន្ដែ​មិន​ត្រឹម​តែ​គ្មាន​វិធានការ​ទេ បែរ​ជា​ជួយ​បិទបាំង​សកម្មភាព​កាប់​ឈើ​ល្មើសច្បាប់​ទៅវិញ​។

លោក​បាន​លើកឡើង​ថា បើ​ក្រសួង​ពាក់ព័ន្ធ មិនមាន​វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់ឈើ​របស់​ក្រុមហ៊ុន​ទាំង​ ២ ​ឲ្យ​បាន​ទាន់​ពេលវេលា​ទេ ព្រៃឡង់​អាច​នឹង​រង​នូវ​វិនាសកម្ម​ជាក់​ជា​មិនខាន​៕