ភ្នំពេញៈ លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ដោយ​ដាំ​ដើមឈើ​ក្នុង​បរិវេណ​សាលារៀន​វត្ដ​អារាម​ និង​នៅតាម​សហគមន៍​នៅ​ឃុំ​កំពង់ប្រាសាទ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង​។

លោក ភក្ត្រា ថ្លែងថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ដោយ​ស្រឡាញ់​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ឲ្យ​កាន់តែខ្លាំង​ជាពិសេស​ចូលរួម​ដាំ​ដើមឈើ​ក្នុង​បរិវេណ​សាលា​ ឬ​វត្ត​អារាម និង​នៅតាម​សហគមន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​កម្ពុជា​ស្អាត​ និង​បៃតង​»​។

លោក នេត្រ ភក្ដ្រា បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា ក្រសួងបរិស្ថាន​មិន​កំណត់​ចំនួន​ចំពោះ​ការជំរុញ​ការដាំ​ដើមឈើ​នេះ​ទេ​។ ប៉ុន្ដែ​បើ​អាច​ដាំ​បាន​ច្រើន​កាលណា​ល្អ​កាលនោះ​។ នេះ​ជា​ការជំរុញ​ចលនា​ប្រជាពលរដ្ឋ​បន្ថែម​លើ​កម្មវិធី​ផ្សេងៗ​ដែល​រដ្ឋាភិបាល និង​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​។

លោក​បញ្ជាក់ថា​៖ «​ការដាំ​ដើមឈើ​នៅក្នុង​បរិវេណ​សាលារៀន​ ឬ​វត្ត​អារាម​គឺ​ជួយ​បង្កើត​ភាព​បៃតង បង្កើត​បរិយាកាស​ល្អ បង្ក​ភាពងាយស្រួល និង​ជា​កន្លែង​ប្រកបដោយ​ផាសុកភាព​សម្រាប់​សិស្សានុសិស្ស​រៀនសូត្រ​»​។

លោក ភក្ត្រា លើកឡើង​ថា​ការដាំ​ឈើ​បង្កើត​ភាព​បៃតង​នេះ​គឺ​ស្របតាម​គោលការណ៍​នៃ​សាលា​មេត្រី​បរិស្ថាន​ដែល​ក្រសួង​បរិស្ថាន​បាននិង​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការជំរុញ​ឲ្យ​សាលារៀន​នៅ​ទូទាំង​ប្រទេស​មាន​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ល្អ ជា​កន្លែង​បណ្តុះ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព និង​មាន​ការទទួល​ខុសត្រូវ​បរិស្ថាន​។

ការដាំ​ដើមឈើ​នេះ​ គឺជា​វិធានការ​ជាក់ស្តែង​នៅក្នុង​ការបន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ការឡើង​កម្តៅ​នៃ​ភពផែនដី ព្រោះ​ការប្រែប្រួល​អាកាសធាតុ​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​អភិវឌ្ឍ​របស់​ប្រទេស​ហើយ​ក៏​ជា​បញ្ហា​រួម​របស់​ពិភពលោក​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​បង្ក​ឲ្យ​មាន​ការប្រែប្រួល​អាកាសធាតុ​ឡើយ ប៉ុន្តែ​ជា​អ្នក​ដែល​ទទួលរង​គ្រោះ​ពី​ការប្រែប្រួល​អាកាស​។ ចំណែក​ការដាំ​ដើមឈើ​ប្រភេទ​ពូជឈើ​ប្រណីត​ដូចជា​ធ្នង់ បេង នាងនួន និង​គគីរ​ជាដើម​នៅ​តាម​សហគមន៍ វត្ត​អារាម និង​នៅតាម សាលារៀន​ជា​ការចូលរួម​ចំណែក​ក្នុងការ​ការពារ​ និង​អភិរក្ស​ជីវចម្រុះ​ជាពិសេស​ប្រភេទ​ឈើ​កម្រ​មួយចំនួន​នៅក្នុង​ស្រុក​»​។

លោក​ ភក្ត្រា បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​បាន​កំពុង​គ្រប់គ្រង និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ក្នុងនោះ​រួមមាន​ឧទ្យាន​ជាតិ ដែនជម្រក​សត្វព្រៃ តំបន់​ទេសភាព តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រ៉ាមសា និង តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ ប្រព័ន្ធ​តំបន់ការពារ​ធម្មជាតិ​សរុប​ជាង ៦០ ​កន្លែង​ដែល​មាន​ផ្ទៃដី​សរុប​ជាង ៧,២ លាន​ហិកតា​ដែល​ស្មើនឹង​ប្រមាណ ៤១ ​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​។

លោក លុយ តិចឆេង ប្រធាន​អង្គការ​យុវតារា​កម្ពុជា​ (Youth Star Cambodia) ដែលជា​អង្គការ​រៀបចំ​កម្ម​ពិធី​ដាំ​កូនឈើ​ក្រោម​ប្រធានបទ «​ឈើ​មួយ​ដើម ជីវិត​មួយ​» ដោយ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុននេះ​បាន​ថ្លែងថា ក្រោយ​ការរៀបចំ​ពិធី​ដាំ​ដើមឈើ​នេះ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​មាន​ការចូលរួម​ច្រើន​។

ដូច្នេះ​អង្គការ​លោក​នឹង​បន្ដ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​រៀបចំ​ពិធី​ដាំ​កូនឈើ​នេះ​ឲ្យ​បាន​ច្រើន​ថែមទៀត​នៅ​ឆ្នាំក្រោយ​។ ពិធី​ដាំ​កូនឈើ​នេះ​គឺ​បាន​ផ្សារភ្ជាប់ យុវជន និង​វិស័យ​ឯកជន​ទៅ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជនបទ​ឲ្យ​ពួកគាត់​ចូលរួម​ក្នុង​ការអភិវឌ្ឍ និង​ធ្វើជា​គំរូ កុមារ និង​យុវជន​នៅក្នុង​សហគមន៍​នោះ ឲ្យ​ពួកគាត់​ចេះ​ថែរក្សា និង​ការពារ​បរិស្ថាន និង​បង្កើត​ភាពបៃតង​នៅក្នុង​សាលារៀន វត្ដ​អារាម និង​សហគមន៍​ពួកគាត់​»​។

លោក​បាន​បន្ដថា​៖ «​យើង​ចង់​បណ្ដុះ​ស្មារតី​ដល់​ពលរដ្ឋ​ទាំងអស់​ឲ្យ​មាន​ភាពស្ម័គ្រចិត្ដ​ចូលរួម​ថែរក្សា​បរិស្ថាន ព្រោះ​បញ្ហា​បរិស្ថាន​គឺជា​បញ្ហា​របស់​មនុស្ស​គ្រប់រូប​ក្នុង​នាម​ជា​ពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​។ តាមរយៈ​កម្មវិធី​នេះ​យើង​ឃើញថា ពលរដ្ឋ​នៅ​សហគមន៍​ពួកគាត់​មានការ​ចូលរួម​ច្រើន​មែនទែន ក្នុង​ការសហការ​ក្នុង​កម្មវិធី​ដាំ​កូនឈើ​នេះ ដោយ​ពួកគាត់​បាន​ប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់​នៅ​សហគមន៍​ពួកគាត់​ក្នុង​ការដាំ​ដើមឈើ និង​ថែរក្សា​ដើមឈើ​ការអំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​ដាំ​ដើមឈើ​នេះ​គឺជា​ការដាស់​អារម្មណ៍​មួយ​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​»៕