ភ្នំពេញ៖ ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ព្យាបាល​ជំងឺ ​«ឈាម​ស​ស៊ី​ឈាម​ក្រហម» ​តាម​បែប​បុរាណ​ខ្មែរ​នៅ​ស្រុក​ស្វាយជ្រំ ​ខេត្ត​ស្វាយរៀង ​ដោយ​ក្រសួង​អះអាង​ថា​ ជា​ការ​ឃោសនា​កុហក ​បោកប្រាស់​របស់​គ្រូ​បុរាណ​ខ្មែរ ​ហើយ​ក៏​បាន​បិទ​ទីតាំង​ព្យាបាល​ជំងឺ​នោះ ​បើ​ទោះបី​អ្នក​ជំងឺ ​និង​ភាគី​ព្យាបាល​ជំងឺ​ អះអាង​ថា ​មិនមែន​ជា​ការ​បោកប្រាស់​ក្តី។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី ៩ ​ខែ​តុលា​ ដែល ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ទទួល​បាន​ពី​ម្សិលមិញ​បាន​បដិសេធ ​និង​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ព័ត៌មាន​មិន​ពិត ​មិន​ត្រឹមត្រូវ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​ដែល​បង្ហាញ​ពី​សកម្មភាព​ព្យាបាល​របស់​គ្រូ​ខ្មែរ​លើ​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​ជា​សះស្បើយ ​១០០​ ភាគរយ​ នៅ​ភូមិ​ព្រៃ​បន្ទាយ ​ឃុំ​ស្វាយ​យា ​ស្រុក​ស្វាយ​ជ្រំ ​ខេត្ត​ស្វាយរៀង ​ដោយ​ការ​ប្រើ​ម្ជុល​ចាក់​​​ ម្រាមដៃ​ច្របាច់​យក​ឈាម​ចេញ​។

សេចក្ដី​ប្រកាស​ព័ត៌​មាន​បន្តថា ​ការ​ព្យាបាល​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​ គឺ​តម្រូវ​ឱ្យ​មាន​ការ​ព្យាបាល ​១​ ​តាម​បែប​វិទ្យាសាស្ត្រ​បច្ចេកទេស​ពេទ្យ ​ដោយ​គ្រូពេទ្យ​មាន​ជំនាញ​ត្រឹមត្រូវ​មិន​តម្រូវ​ឱ្យ​ធ្វើ​ការ​ព្យាបាល​តាម​បែប​បុរាណ​ណាមួយ​ដែល​មិន​ត្រឹម​ត្រូវ ​ដោយ​ពុំ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​ឡើយ។

ក្រសួង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំង​អស់​សូម​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​នេះ ​និង​មិន​ត្រូវ​ជឿ​តាម​ការ​ឃោសនា ​ភូតភរ ​កុហក ​បោកប្រាស់​របស់​គ្រូ​បុរាណ​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​មាន​ការ​ចម្លង​រោគ​យ៉ាង​សាហាវ​បំផុត​ ដូចជា​ជំងឺ​អេដស៍ ​ជំងឺ​រលាក​​ថ្លើម​ប្រភេទ​បេ ​និង​រលាក​ថ្លើម​ប្រភេទ​សេ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ​ដោយ​មិន​ដឹង​ខ្លួន​ចូល​ទៅ​ក្នុង​រាងកាយ​របស់​មនុស្ស ​និង​អាច​ធ្វើ​ឱ្យ​បាត់បង់​អាយុ​ជីវិត​តាមរយៈ​ការ​ចម្លង​មេរោគ​នេះ។ ដូច្នេះ​ក្រសួង​ស្នើ​ឱ្យ​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​ស្វាយរៀង ​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង ​និង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​គ្រូ​បុរាណ​ខ្មែរ​ម្នាក់​នេះ។

លោក ​កែរ រដ្ឋា ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ថ្លែង​ពី​ម្សិលមិញ​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច ​និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ​បាន​ចុះ​ទៅ​ចាត់​វិធានការ​ចំពោះ​គ្រូ​បុរាណ​ខ្មែរ ​ដែល​ព្យាបាល​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​រួច​រាល់​កាល​ពី​ថ្ងៃទី ១០​ ខែតុលា​។ សមត្ថកិច្ច​បាន​ដក​ហូត​វត្ថុតាង ​និង​សម្ភារ​មួយ​ចំនួន​ដែល​បម្រើ​ឱ្យ​ការ​ព្យាបាល​ជំងឺ​នេះ​ ព្រម​ទាំង​តម្រូវ​ឱ្យ​ធ្វើ​កិច្ច​សន្យា​ផង​ដែរ។

លោក​បញ្ជាក់​ថា​៖ «វិធី​ព្យាបាល​របស់​គាត់​ គឺ​បង្ក​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ចម្លង​មេរោគ​សាហាវ​នានា។ អ៊ីចឹង​យើង​មិន​អាច​អនុញ្ញាត​ឱ្យ​គាត់​ព្យាបាល​បែប​នេះ​ទៀត​ទេ ​ដើម្បី​ចៀសវាង​មាន​បញ្ហា​​ណា​មួយ​កើត​ឡើង​នៅ​ថ្ងៃ​ក្រោយ​ទៀត។ ដំបូង​ឡើយ​ យើង​ឃើញ​គាត់​ព្យាបាល​ប្រើ​ថ្នាំ​បុរាណ​តិច​តួច​​ទេ ​ប៉ុន្ដែ​យូរៗ​ទៅ​គាត់​ធ្វើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ​ដោយ​គ្មាន​ការ​អនុញ្ញាត ​ឬ​ទទួល​ស្គាល់​ពី​មន្ត្រី​ជំនាញ​ត្រឹមត្រូវ​ អ៊ីចឹង​យើង​មិន​អនុញ្ញាត​ទេ»។

លោក ​ហ៊ួត ឈឿន​ ដែល​ជា​គ្រូ​បុរាណ​ខ្មែរ​ព្យាបាល​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​ទេ ​ពី​ម្សិលមិញ ​ប៉ុន្តែ​កូន​ប្រុស​របស់​គ្រូ​បុរាណ​រូប​នេះ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​ឪពុក​របស់​លោក​បាន​ព្យាបាល​ជំងឺ​ឈាម​​ស​ស៊ី​ឈាម​ក្រហម​នេះ​រយៈ​ពេល​ជាង ​៣០ ឆ្នាំ​ហើយ។ ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នៃ​ខេត្ត​ស្វាយរៀង ​និង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​ដែល​មាន​ជំងឺ​នេះ ​តែងតែ​នាំ​គ្នា​មក​រក​ឪពុក​លោក ​ដើម្បី​ឱ្យ​ជួយ​ព្យាបាល​ជំងឺ​ពួក​គាត់។

លោក​បន្ត​ថា​ អ្នក​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​ភាគ​ច្រើន ​ត្រូវ​បាន​ឪពុក​លោក​ព្យាបាល​ឱ្យ​បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង​ ដោយ​មិន​មាន​ការ​បោកប្រាស់ ​ឬ​ភូតភរ​អ្វី​ឡើយ។ ការ​ព្យាបាល​របស់​ឪពុក​លោក​បាន​ប្រើប្រាស់​ឱសថ​បុរាណ​ខ្មែរ​កិន​ឱ្យ​ហ្មត់​ ហើយ​ច្រក​ជា​កញ្ចប់​តូចៗ ​ដើម្បី​ឱ្យ​អ្នក​ជំងឺ​យក​ទៅ​លាយ​ជាមួយ​ទឹក​ក្ដៅ​ពិសា ​ក្រោយ​ពី​ឪពុក​លោក​ពិនិត្យ ​និង​យក​ម្ជុល​ជួស​ម្រាមដៃ​ច្របាច់​យក​ឈាម​មិន​ល្អ​ចេញ។

លោក​អះអាង​ថា​៖ «ការ​ព្យាបាល​របស់​ឪពុក​ខ្ញុំ ​គឺ​អ្នក​ជំងឺ​ជឿជាក់​ទាំង​ស្រុង​តែ​ម្ដង ​មិន​មាន​ការ​ភូត​កុហក​អី​ទេ។ ឪពុក​ខ្ញុំ​ប្រហែល​ជា​គាត់​ផ្អាក​មើល​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​សិន ​ព្រោះ​អាជ្ញាធរ ​និង​មន្ត្រី​ពេទ្យ​គេ​ចុះ​មក​ហាម​ឃាត់​ដែរ។ យើង​អត់​ហ៊ាន​ប្រឆាំង​អ្វី​ជាមួយ​គេ​ទេ ​បើ​គេ​ឱ្យ​ឈប់ ​យើង​ឈប់​ដែរ»។

អ្នកស្រី ​សុផា ស្រីមុំ ​អាយុ​ជាង ​៤០ ឆ្នាំ​ រស់នៅ​ស្រុក​សំរោង​ទង ​ខេត្ត​​កំពង់ស្ពឺ​​ និយាយ​ពី​ម្សិលមិញ​ថា​ អ្នកស្រី​ផ្ទាល់​បាន​កើត​ជំងឺ​ឈាម​​ស​ស៊ី​ឈាម​ក្រហម​រយៈពេល​ជាង ​៧ ឆ្នាំ​ហើយ។ ​អ្នកស្រី​ទៅ​រក​សេវា​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​ល្បីៗ​នៅ​ភ្នំពេញ ​ពេទ្យ​នៅ​វៀតណាម ​និង​ពេទ្យ​នៅ​ប្រទេស​ថៃ ​ប៉ុន្ដែ​ជំងឺ​អ្នកស្រី​មិន​ធូរ​ស្បើយ​ទេ​។

អ្នកស្រី​បន្ត​ថា ​ជា​ជម្រើស​ចុង​ក្រោយ​របស់​អ្នកស្រី ​គឺ​បាន​មក​ព្យាបាល​ជាមួយ​លោកគ្រូ ​ហ៊ួត ឈឿន ​នៅ​ខេត្ត​ស្វាយរៀង​នេះ​ដោយ​ដឹង​តាមរយៈ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក។ នៅ​ពេល​មក​ដល់​ផ្ទះ​គ្រូ​បុរាណ​ខ្មែរ​នេះ​ លោកគ្រូ​បាន​ពិនិត្យ ​និង​ប្រើ​ម្ជុល​ជួស​ឈាម​ ហើយ​បាន​ផ្ដល់​ថ្នាំ​បុរាណ​ខ្មែរ​សម្រាប់​បរិភោគ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ។

អ្នក​ស្រី សុផា ​ស្រីមុំ ​បញ្ជាក់​ថា​៖​ «​អាការ​ជំងឺ​ខ្ញុំ​ហ្នឹង ​គឺ​ហេវ​បាយ ​ហត់ ​អស់​កម្លាំង​ បែកញើស ​ញ័រ​សាច់។ ជំងឺ​ហ្នឹង ​ទោះបី​ជា​យើង​ខំ​​ហូប​ចំណី ​ឬ​បាយ​ប៉ុនណា​ក៏​ដោយ ក៏​មិន​មាន​កម្លាំង​ដែរ ​ហើយ​​ពិបាក​ក្នុង​ខ្លួន។ ខ្ញុំ​ទៅ​រក​ពេទ្យ​ព្យាបាល​អស់​លុយ​ជិត​ ៤ ​ម៉ឺន​ដុល្លារ​ហើយ ​តែ​មិន​ជា​ទេ ​ពេទ្យ​​គេ​ឱ្យ​លេប​តែ​ថ្នាំ​រាល់​ថ្ងៃ។ ជម្រើស​ចុង​ក្រោយ​ដែល​ខ្ញុំ​មក​រក​គ្រូ​បុរាណ​ខ្មែរ​នេះ​ ឥឡូវ​ខ្ញុំ​ជា​សះស្បើយ​ហើយ សុខភាព​ខ្ញុំ​ធម្មតា​វិញ​ហើយ ​គេ​មិន​ជឿ​ ប៉ុន្ដែ​ខ្ញុំ​ជឿ»៕

វីដេអូ៖