ភ្នំពេញៈ ក្រសួងមហាផ្ទៃ​​បា​ន​ប្រកាសបិទបញ្ចប់​ការ​ទទួ​ល​ពាក្យស្នើសុំ​​ជា​​ជន​​បរទេស​អន្តោ​ប្រវេសន្ត​ និង​បណ្ណ​ស្នាក់​នៅ​អចិន្រៃ្តយ៍ ប៉ុន្តែ​បានណែនាំ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និ​ង​អង្គភាព​នគរបាល​គ្រប់​លំដា​ប់​ថ្នាក់​ឲ្យ​ចេញលិខិត​រដ្ឋបាល​ និង​លិខិតអត្រានុកូល​ដ្ឋានឲ្យ​ ស​ហព័ទ្ធ​ខ្មែរ (​ស្រ្តី-បុរស​មាន​​ប្តីប្រពន្ធ ​ជន​បរទេស) កូន និង​ជន​បរទេស អន្តោ​ប្រវេសន្ត។

ការ​ណែនាំ​ និងការ​ប្រកាស​រប​ស់​ក្រសួង​មហា​ផ្ទៃ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពីបាន​សម្រេច​បិទ​បញ្ច​ប់​​​ការដក​ហូត​ឯកសារ​មិន​ប្រក្រតី ដែល​មាន​សរុប​ចំនួន ៣៦ ០​​​៩​៤ ឯកសារ ពី​ជនបរទេស​អន្តោ​ប្រវេ​​សន្ត​ដែលស្មើនឹង ​១៩​ ៣៩​៥ គ្រួសារ​និង​មាន ៩ សញ្ជាតិ គិត​ត្រឹម​ថ្ងៃទី ៣១ ខែ​ ឧសភា ឆ្នាំ ២០១៩។

​តាម​សេចក្តី​ណែនាំដែល​ចុះហត្ថលេខា​ដោយ​លោ​ក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃកាលពី​ថ្ងៃ​ទី ១ ខែ កក្ក​ដា ​ឆ្នាំ ២០១៩ ​ដែល​ភ្នំពេញប៉ុស្តិ៍​ទើប​ទទួល​បា​ន​​កាល​ពីម្សិល​មិញ​បាន​ឲ្យ​ដឹងថា ​ក្រសួងមហាផ្ទៃ ​បាន​អង្កេត​ឃើញថា អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួននៅមាន​ភាព​ស្រ​ពេច​ស្រពិល​អំពី​គោលការណ៍​ច្បា​ប់ ដែល​នាំ​ឲ្យ​មាន​ភាព​ស្ទាក់ស្ទើរ​ ក្នុង​ការចេញលិខិត​រដ្ឋ​បាល ឬ​លិខិតអត្រា​នុ​កូ​ល​ដ្ឋា​ន​ដល់​សហ​ព័ទ្ធ​​ជា​ខ្មែរមានកូននឹង​ជន បរទេស អន្តោ​ប្រវេ​សន្ត បន្ទាប់​ពី ការដក​ហូត​ឯកសារ​រដ្ឋបាល កម្ពុជា​មិន​ប្រក្រតី ឬត្រូវបាន​ក្រសួង​មហាផ្ទៃ ពិនិត្យ​ចេញ​ប្រកាស​ទទួល​ស្គាល់​ជា​ជន​បរទេស អន្តោ​ប្រវេសន៍ និង​បណ្ណស្នាក់​នៅ​អចិន្រៃ្តយ៍។

សេចក្តី​ណែនាំ​បាន​ពន្យល់​ថា​ ក្រោយពេល​បញ្ចប់​ឱ​សាន​វាទ​ នៃការទទួល​ពាក្យសុំ​ប្រកា​ស ទទួល​ស្គាល់ជា​ជនបរទេ​ស អន្តោប្រវេ​សន្ត​ ការទទួល​ពាក្យ​សុំ​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍និ​ង​​ការទទួល បណ្តឹងតវ៉ា ដើម្បី​ឲ្យ​ការផ្តល់​សេវា រដ្ឋបាល​កាន់​តែ​​មាន​ភាពល្អ​ប្រសើរ​ សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​ចាំ​បាច់ របស់​សហព័ទ្ធ ជា​ខ្មែរ និង​កូន​រប​ស់​ពួកគេ​​ ដែល​ត្រូវបាន​ដក​ហូត​ឯកសារព្រ​មទាំង​ជន​បរទេ​ស អន្តោ​ប្រវេ​សន្ត​។ «ក្រសួង​​​​មហា​​​​​​​ផ្ទៃ​​សូម​ធ្វើការ​​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោ​​ម​​ជាតិ និង​អង្គភាព​នគរ​​​បាល​គ្រប់លំដាប់​ថ្នាក់ដែលមាន​ការពាក់ព័ន្ធ ត្រូវ​​ផ្តល់​សំបុត្រ​កំណើត សេចក្តី​ចម្លង​សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់ កំណើ​ត សៀវ​ភៅ​ស្នាក់នៅ​ (ក២) សៀវ​ភៅ​គ្រួ​សារ (ក៤) ដល់​គ្រួសារ និង​សមាជិកគ្រួសារ​ជា​ខ្មែរ ដែល​មាន​កំណត់ហេតុ​ដក​ហូត​ឯកសា​ររដ្ឋបាល​កម្ពុជាមិន​ប្រ​ក្រ​ត្រី ចេញ​ដោយ​ក្រុមការ​ងារ ដកហូ​ត​​ឯកសារ នៃ​អគ្គនាយក​​​ដ្ឋា​ន​អន្តោ​ប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ នៅ​ពេល​មាន​ការ​ស្នើសុំ»។

លោក តុ​ប នេ​ត អ្នក​នាំពាក្យ​អគ្គនាយក​ដ្ឋាន​អត្ត​​សញ្ញា​ណ​កម្ម​ឲ្យ​ដឹងថា សេចក្តី​ណែនាំ​នេះ​​មាន​ន័យថា​ចំពោះ​ប្រជា​ពលរ​ដ្ឋ​​​ខ្មែរ​ ដែល​គាត់​មាន​សហព័ទ្ធ​​ជា​បរទេស​មាន​សិទ្ធិទទួល​បាន​លិខិ​​ត​រដ្ឋបាល និង​លិខិត​អត្រា​នុ​កូល​​ដ្ឋាន​ ដូចជាពលរដ្ឋ​ដទៃ​ទៀត​ហើយ​សហព័ទ្ធ​​ជា​បរទេស​អាច​ទទួល​លិខិត កំណើត​បាន​គ្រាន់តែ​បញ្ជាក់​សញ្ជាតិ​របស់​គាត់។

លោក​បញ្ជាក់ថា៖ «គាត់ ​(អាជ្ញា​ធរមូល​ដ្ឋាន)​ អាច​ចេញ​លិខិត អត្រានុកូលដ្ឋាន ​ដូចជា​សំបុត្រកំណើត ជូន​បរទេស​បាន​គ្រាន់តែ​បញ្ជាក់ថា​ ជនបរទេស​នោះ​ជា​ជនជាតិ​អី​កាលណា​ក្មេង​ធំ​ឡើង ៤ ឬ ៥ ឆ្នាំ​ គាត់​ត្រូវ​ចូល​សាលា កាលណា គាត់​អត់​មាន​លិខិត​អត្រានុ​​កូល​ដ្ឋាន​ គាត់​មិនអាច​ចូល​សាលារៀន​បាន​ទេ»។

លោក​​បន្ថែមថា​ កន្ល​ង​ទៅ​អគ្គនាយកដ្ឋាន​អត្ត​ស​ញ្ញាណ​​​កម្មនិង​អគ្គនាយកដ្ឋាន​អន្តោ​​ប្រវេ​សន៍ បាន​សហការគ្នា​ចុះ​ផ្សព្វផ្សាយ​និង​បំពាក់បំប៉ន​ដល់​មូលដ្ឋានជារឿយៗ ហើយ​ថា​ បន្ទា​ប់ពី​ឱ​សាន​វាទ​នេះអគ្គនា​យកដ្ឋាន​អត្ត​ស​ញ្ញា​ណកម្ម​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​របស់ខ្លួន ចុះ​បណ្តុះបណ្តាល​មន្ត្រី​មូលដ្ឋាន ​ឲ្យយល់ដឹង​ច្បាស់​អំពី​នីតិវិធី​នៃ​ការផ្តល់​ឯកសារ​​ និង​អប់រំ​សាធារណជន​ឲ្យ​យល់ដឹង​ពី​នីតិវិធី​​នេះ​ផងដែរ។

ជា​មួយ​គ្នា​នេះ​លោក កែវ វណ្ណ​ថន អ្នកនាំ​ពាក្យ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​លើក​ឡើង​ថា ការចេញ​លិខិតរដ្ឋបា​ល និង​ការ​ចេញលិខិត​​អត្រា​នុកូ​លដ្ឋានឲ្យសហព័ទ្ធ​​ខ្មែរ កូននឹង​ជន​បរទេស អន្តោ​ប្រវេ​ស​ន្តនេះ​ជួយ​ឲ្យ​មាន​ភាព​ងាយ​ស្រួល ​ដល់​អាជ្ញាធរ​ ក្នុងការ​គ្រប់គ្រង ជន​អន្តោ​ប្រវេសន៍ និង​រៀបចំ​សន្តិសុខ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «វា​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ចំនួន​ជន​អន្តោ​ប្រវេសន៍​​និង​សន្តិសុខ»។

សេចក្តី​ណែនាំ​​របស់​ក្រសួង​មហា​ផ្ទៃ​បញ្ជាក់​ថា៖ «ការផ្តល់​ឬ​ចេញ​លិខិត​ទាំង​ឡាយខាង​លើ​​នេះ​ ត្រូវ​អនុវត្ត ស្រប​តាម បែបបទ​នីតិវិធី បទដ្ឋាន​គតិយុត្ត ពាក់​ព័ន្ធ​ជា​ធរមាននិង​ឋានា​​​នុក្រម ដែល​បានកំណត់។ បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​អាច​ត្រូវ​បា​ន​​ប្រើប្រាស់​ដើម្បី​បម្រើ​ជីវភា​ព​​ប្រចាំថ្ងៃ និង​ទ​ទួល​បាន​នូវ​ការ​ផ្តល់​សេវា​រដ្ឋបាលសេវា​សាធារណៈ​នានាលើ​កលែង​តែ​​សិទ្ធិ​ដែល​ត្រូវបាន​ហាម​ឃា​ត់​ដោយ​ច្បាប់​ចំពោះ​ជនបរទេស»។

សេចក្តី​ណែ​នាំ​នេះ​បាន​បន្ថែ​ម​​ថា ​ទទួល​បាន​សេចក្តី​ណែនាំ​នេះ​អគ្គលេខា​ធិការ​នៃ​អគ្គលេ​​​ខា​ធិការ​ដ្ឋាន អគ្គស្នង​ការនៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជា​តិ អគ្គ​នាយក​នៃ​អគ្គនា​យកដ្ឋាន​​រដ្ឋបា​ល អគ្គនា​យកនៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ អភិបាល​នៃ​គណៈ​អភិបាល​​រាជធានី-ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ ក្រោម​ឱ​វាទ​ក្រសួងមហាផ្ទៃត្រូវ​ផ្សព្វ​ផ្សាយ និង​ចាត់​ចែង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។

ទន្ទឹមគ្នា​នេះដែរ​ក្រសួង​មហា​​​ផ្ទៃ​ក៏បាន​ប្រកា​សបិទ​ការ​​ទទួល​ពាក្យស្នើសុំ​ជា​បរទេ​ស អន្តោ​​ប្រវេ​សន្តនិង​បណ្ណ​ស្នាក់​នៅ​អចិ​ន្ដ្រៃយ៍​ដែល​នៅ​ក្នុងការ​​ប្រកាស​​នោះ​បញ្ជាក់​​ដូច្នេះ​ថា៖ «​ឧប​នា​យក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី ក្រសួង​មហាផ្ទៃ (ស ខេង) សម្រេច ត្រូវ​បញ្ច​ប់​ការ​ទទួល​ពាក្យ​ស្នើសុំ​ជា​ជន​បរទេស អន្តោ​ប្រវេ​សន្ត និងបណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​ដែល​បានចែង​កំណត់​ចុះ​ថ្ងៃទី ១១ ខែ កញ្ញា​ ឆ្នាំ ២០១៧ ស្តីពី​បែបបទ នីតិវិធី ការ​ពិនិ​ត្យ ការចុះ​បញ្ជី​ទទួលស្គាល់​ជន​បរទេស​អន្តោ​ប្រវេ​សន្ត​ក្នុង​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី ១ ខែ​ កក្កដា​ ឆ្នាំ ២០១៩​ តទៅ»។

លោក តុ​ប នេ​ត​ បញ្ជាក់ថា ​បន្ទាប់​ពីឱ​សាន​វាទ «នៅ​ពេល​ដែល​យើង​ឃើញ​គាត់ ​(ជន​បរទេស) កាន់​ឯកសារ​មិន​ប្រ​ក្រ​ត្រី យើង​នឹង​អនុវត្តតាម​នីតិវិធី​ច្បាប់»៕