ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ២៧ ខែសីហា បានបើកកិច្ចប្រជុំផ្ទៃក្នុងបន្ទាន់ដោយផ្ដោតលើការដោះស្រាយ និងទប់ទល់ជាមួយគ្រោះមហន្ដរាយ ទឹកជំនន់ និងគ្រោះរាំងស្ងួតនៅកម្ពុជាក្នុងឆ្នាំនេះ ខណៈជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ បង្កផលប៉ះពាល់ដល់ខេត្ដចំនួនជាង ១០ ឯគ្រោះរាំងស្ងួតប៉ះពាល់ ៨ ខេត្ដ និងបណ្ដាលឲ្យមនុស្ស ៣០ នាក់ស្លាប់។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជំនន់ទន្លេមេគង្គ គិតត្រឹមថ្ងៃទី ២៨ ខែសីហា ប៉ះពាល់ដល់ខេត្តចំនួន ៦ គឺខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល និងខេត្តព្រៃវែង ហើយថាកិច្ចប្រជុំបន្ទាន់របស់ក្រសួងកសិកម្ម កាលពីថ្ងៃទី ២៧ ខែសីហាផ្តោតទៅលើការដោះស្រាយ និងទប់ទល់ជាមួយគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួតនៅកម្ពុជាក្នុងឆ្នាំនេះ ខណៈជំនន់ទឹកភ្លៀងក៏បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន ៧ គ្រោះរាំងស្ងួតបង្កផលប៉ះពាល់ខេត្តចំនួន ៨ និងបណ្តាលឲ្យមានការបាត់បង់ជីវិតផងដែរនោះ។
លោកបញ្ជាក់ថា៖ «ជំនន់ទន្លេមេគង្គត្រឹមរយៈពេល ១ ខែនេះ (ខែសីហា) មានការឡើងចុះ ៣ ដងប្រជាពលរដ្ឋ ៩៩ ៦៨៥ គ្រួសារត្រូវរងគ្រោះបណ្ដាលឲ្យមនុស្ស ៣០ នាក់ស្លាប់ សន្ទូងពង្រោះលិចទឹក ៤១៣៤៤ ហិកតា ខូច ១៦ ៨០៤ ហិកតា»។
លោកបន្ថែមថាក្រៅពីជំនន់ទឹកទន្លេមេគង្គ ជំនន់ទឹកភ្លៀងលើកទី ២ នេះបង្កផលប៉ះពាល់ ៧ ខេត្ដ និង ១៧ ក្រុង-ស្រុក។ ខេត្តទាំង ៧ នោះរួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពត រតនគិរី កំពង់ស្ពឺ និងខេត្តកំពង់ធំ ហើយជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល់ប្រជាពលរដ្ឋ ៨ ៩២៥ គ្រួសារ ពលរដ្ឋជម្លៀស ៥៧៩ គ្រួសារ សន្ទូងពង្រោះ លិចទឹក ១៤-៣៧៣ ហិកតា ខូច ៥ ៣៥២ ហិកតា។ ដំណាំរួមផ្សំលិចទឹក ១ ៦០១ ហិកតា និង ខូចចំនួន ៣១៥ ហិកតា។
ចំពោះគ្រោះរាំងស្ងួតលោក កែវ វី ឲ្យដឹងថាបង្កផលប៉ះពាល់ចំនួន ៨ ខេត្ត រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប កំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ និងខេត្តកណ្តាល។ ក្នុងនោះខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យធ្ងន់ធ្ងរជាងគេ។
លោកថា៖ «ក្រៅពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ខេត្ដផ្សេងរងផលប៉ះពាល់តិចតួចដោយយើងបានបើកបញ្ចេញទឹក និងបូមទឹកជួយសង្គ្រោះបាន។ ក្នុងនោះការប៉ះពាល់សន្ទូងពង្រោះសរុបចំនួន ៤៩ ៤៦១ ហិកតា ហើយមានការខូចខាតចំនួន ៣ ៤៨៦ ហិកតាសរុបទាំង ៨ ខេត្ដនេះ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាឲ្យធ្វើការបូកសរុបរបាយការណ៍ជាបន្ទាន់ ដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ រួចស្នើសុំវិធានការដោះស្រាយបញ្ហាជូនបងប្អូនប្រជាកសិករឲ្យបានទាន់ពេលវេលា ឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។ លោករដ្ឋមន្ត្រីក៏បានលើកឡើងថាត្រូវតែមានការបូកសរុបផលប៉ះពាល់លើដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម ពិសេសដំណាំស្រូវ និងសត្វពាហនៈដែលត្រូវបានទទួលរងការខូចខាតដោយគ្រោះធម្មជាតិ (ទឹកជំនន់ និងរាំងស្ងួត) នៅតាមបណ្តាខេត្ដដែលទទួលរងគ្រោះ។
លោកបញ្ជាក់ថា៖ «ការដាក់ចេញនូវវិធានការមួយចំនួនដែលត្រូវធ្វើដោយកាត់បន្ថយឲ្យបានជាអតិបរមាក្នុងការអង្គុយបក់ផ្សែង»។
លោកថាត្រូវមានការរៀបចំផែនការសកម្មភាពចុះអន្តរាគមន៍ជាបន្ទាន់តាមការចាំបាច់ ដើម្បីធ្វើការស្តារឡើងវិញនៃការខូចខាត និងការសិក្សាពីតម្រូវការ ចាំបាច់របស់ប្រជាកសិករ និងលទ្ធភាពនៃការផ្គត់ផ្គង់របស់ក្រសួងដូចជាស្រូវពូជ គ្រាប់ពូជដំណាំគ្រប់ប្រភេទ និងថ្នាំការពារជំងឺឆ្លងសត្វ។
លោក ស្រេង វុទ្ធី អ្នកនាំពាក្យនៃក្រសួងកសិកម្មប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ម្សិលមិញដែរថាក្នុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃខាងលើបានលើកឡើងនូវគោលបំណងសំខាន់មួយចំនួន ដើម្បីសង្គ្រោះបន្ទាន់ចំពោះគ្រោះមហន្ដរាយពីទឹកជំនន់ និងគ្រោះរាំងស្ងួតឆ្នាំនេះ។
លោកថ្លែងថា៖ «ក្នុងនោះយើងក៏បានអង្កេតមើលដែរក្រោយពីទឹកស្រកទៅវិញ តើស្ថានភាពបង្កបង្កើនផលនោះមានទំហំប៉ុនណា ដើម្បីងាយក្នុងការកំណត់បរិមាណស្រូវពូជក្នុងការស្តារឡើងវិញ ហើយកន្លែងណាដែលមិនអាចធ្វើស្រែវិញ»។
ក្រសួងធនធានទឹក និងឧតុនិយមក៏ប្រកាសពីកម្ពស់ទឹកព្យាករតាមស្ថានីយជលសាស្ត្រទាំង ៧ កន្លែងនៅថ្ងៃទី ២៨-៣០ ខែសីហាឆ្នាំ ២០១៨ គឺកម្ពស់ទឹក នៅទន្លេមេគង្គ-ស្ទឹងត្រែង ក្រចេះ និងនៅទន្លេមេគង្គក្នុងខេត្តកំពង់ចាម ទឹកនឹងបន្តស្រកចុះហើយនៅខេត្តកំពង់ចាម ទឹកនឹងស្រកចុះក្រោមកម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៨។
ក្រសួងបានប្រកាសថាទន្លេបាសាក់ចតុមុខនៅភ្នំពេញទឹកបន្តឡើងនៅថ្ងៃទី ២៨-២៩ ខែសីហា និងនៅថ្ងៃទី ៣០ ខែសីហាទឹកនឹងស្រកមកវិញ។
ដោយឡែកនៅទន្លេមេគង្គ-អ្នកលឿងក្នុងខេត្តព្រៃវែង ទន្លេបាសាក់-កោះខែល និងទន្លេសាប-ព្រែកក្តាម ក្នុងរយៈពេល ៣ ថ្ងៃគិតពីថ្ងៃទី ២៨-៣០ ខែសីហា ទឹកនឹងបន្តឡើង ហើយក្នុងនោះនៅទន្លេបាសាក់-កោះខែលក្នុងខេត្តកណ្តាល កម្ពស់ទឹកនៅបន្តស្ថិតនៅលើកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នដដែល៕