ព្រះសីហនុៈ ​មន្ដ្រី​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​បើក​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ឥតគិតថ្លៃ​ដល់​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ចំនួន ១៨០ នាក់​ តាម​ការស្នើសុំ​របស់​កំពង់ផែ​នេះ ដើម្បី​ឱ្យ​អ្នកបើកបរ​អាច​ប្រឡង​យក​បណ្ណ​បើកបរ​សមស្រប​បាន​ទៅ​តាម​ច្បាប់​។

លោក ឈួន វន់ អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ការបើក​វគ្គ​បង្រៀន​អ្នកបើកបរ​រថយន្ត​នៅ​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​នេះ​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា ដោយ​មាន​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ចូលរួម​រៀន​ចំនួន​ ១៨០ ​នាក់​។

លោក​ថ្លែងថា​៖ «​ដោយសារ​តែ​មាន​ការស្នើសុំ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ទើប​មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ​ចុះ​ទៅ​បណ្ដុះបណ្ដាល​បង្រៀន​ពី​ការបើកបរ​រថយន្ត​ធុនធ្ងន់​ដល់​អ្នកបើកបរ​។ អ្នកបើកបរ​នៅ​ទីនោះ ភាគច្រើន​មិនទាន់​មាន​បណ្ណ​បើកបរ​រថយន្ត​ធុន​ធ្ងន់​នោះទេ​»​។

លោក​ថ្លែងថា អ្នកបើកបរ​ទាំងនោះ​ភាគច្រើន​មាន​បណ្ណ​បើកបរ​ជា​ប្រភេទ​លក្ខណៈ​គ្រួសារ​ហើយ​បាន​មក​ធ្វើការ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។ ការបើកបរ​រថយន្ត​ប្រភេទ​ធុន​ធ្ងន់​ដែល​មិនត្រូវ​តាម​ប្រភេទ​យានយន្ត​ទើប​មានការ​ស្នើសុំ​ឱ្យ​បើក​វគ្គ​បណ្ដុះបណ្ដាល​ដើម្បី​ឱ្យ​សមស្រប​តាមច្បាប់​កំណត់​។

បើតាម​លោក វន់ វគ្គបណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​មាន​ ៣ វគ្គ​ដែល​ក្នុង​ ១ វគ្គ មាន​រយៈពេល​ ១ ​សប្ដាហ៍ ហើយ​អ្នកបើកបរ​ដែល​ទទួល​បាន​ការបណ្ដុះបណ្ដាល​ក្នុង​វគ្គ​នេះ​ក្រោយ​បញ្ចប់​វគ្គ​អាច​មាន​សមត្ថភាព​ប្រឡង​យក​បណ្ណ​បើកបរ​រថយន្ត​ធុន​ធ្ងន់​បាន​។

លោក​បញ្ជាក់ថា​៖ «​ការរៀន​នេះ គឺ​យើង​បង្រៀន​ពួកគាត់​ទៅ​តាម​ប្រភេទ​បណ្ណ​បើកបរ​របស់​ពួកគាត់ បើ​ពួកគាត់​មិនទាន់​មាន​បណ្ណ​បើកបរ​សោះ យើង​បង្រៀន​គាត់​ឱ្យ​ទទួល​បាន​បណ្ណ​បើកបរ​ប្រភេទ «​ខ​» បើ​ពួកគាត់​មាន​បណ្ណ​បើកបរ​ប្រភេទ «​គ ឬ ឃ​» គឺ​បង្រៀន​ឱ្យ​យក​បណ្ណ​បើកបរ​ប្រភេទ «​ង​» ដែលជា​ប្រភេទ​រថយន្ត​ធុន​ធ្ងន់​បាន​»​។

លោកស្រី លឹម សុខជា ទីប្រឹក្សា​ជាន់ខ្ពស់ អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​គាំទ្រ​ចំពោះ​វិធានការ​របស់​ក្រសួង​សាធារណការ​ដែល​បាន​ចុះ​អនុវត្ត​ផ្ទាល់​ដល់​កន្លែង​ក្នុង​ការបណ្ដុះបណ្ដាល​ដល់​អ្នកបើកបរ​បែបនេះ​។

លោកស្រី​ថ្លែងថា​៖ «​ប៉ុន្ដែ​ខ្ញុំ​លើក​ទឹកចិត្ដ​ឱ្យ​ក្រសួង​បន្ត​អនុវត្ដ​យន្តការ​បណ្ដុះបណ្ដាល​នេះ​ដល់​អ្នកបើកបរ​នៅតាម​បណ្ដា​ក្រុមហ៊ុន និង​ស្ថាប័ន​ផ្សេងៗ​ទៀត និង​លើកទឹកចិត្ដ​ដល់​ក្រុម​អ្នកបើកបរ​ដែល​ទទួល​បាន​ការបណ្ដុះបណ្ដាល​នេះ​ហើយ​ត្រូវ​ទៅ​ប្រឡង​យក​បណ្ណ​បើកបរ​ឱ្យបាន​ត្រឹមត្រូវ​តាម​ប្រភេទ​រថយន្ត​ដែល​ខ្លួន​កំពុង​បើកបរ​»​។

លោក ឈួន វន់ បាន​បញ្ជាក់​ទៀតថា ក្រសួង​សាធារណការ​នឹង​បន្ត​បើក​វគ្គ​បណ្ដុះបណ្ដាល​បែបនេះ ដល់​អ្នកបើក​បររថយន្ត​ធុន​ធ្ងន់​តាម​បណ្ដា​ស្ថាប័ន ក្រុមហ៊ុន​ផ្សេងទៀត​ទៅ​តាម​ការស្នើសុំ​មក​ក្រសួង ព្រោះ​ក្រសួង​លើក​ទឹកចិត្ដ​ចំពោះ​ការផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​បែបនេះ ដោយ​មិន​យក​ថវិកា​រហូត​ដល់​ចុងឆ្នាំ​ ២០២០​។

លោក​បញ្ជាក់ថា​៖ «​ចំណុច​សំខាន់​នៅ​វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​យើង​បាន​បញ្ចូល​នូវ​ក្រមសីលធម៌​ដល់​អ្នកបើកបរ​បន្ថែម​ពីលើ​ទ្រឹស្ដី​នៃ​ច្បាប់​បើកបរ​។ ក្រមសីលធម៌​ក្នុង​ការបើកបរ​នេះ​សំខាន់​ណាស់ សម្រាប់​អ្នកបើកបរ ដើម្បីឱ្យ​គាត់​យល់​គ្នា អធ្យាស្រ័យ​គ្នា និង​មាន​សុជីវធម៌​ក្នុង​ការបើកបរ​លើ​ដងផ្លូវ​»៕