ភ្នំពេញៈ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បានប្រកាស​ថា នឹង​មិន​ផ្តល់​ទិដ្ឋាការ​បន្ត​ឲ្យ​ជនបរទេស​ស្នាក់នៅ​ប្រទេស​កម្ពុជា​ទេ ប្រសិន​បើ​ពួកគេ​ពុំ​មាន​ឈ្មោះ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ជនបរទេស​នៅ​កម្ពុជា​ (FPCS) ​ដោយ​នឹងត្រូវ​​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែ​កក្កដា ឆ្នាំ​ ២០២០ តទៅ​។

ការប្រកាស​នេះ​បាន​ធ្វើឡើង​តាមរយៈ​លិខិត​របស់​លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ស្ដីពី​ការអនុវត្ដ​វិធានការ​មិន​ផ្ដល់​ទិដ្ឋាការ​បន្ត​រយៈពេល​ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​​ផ្ញើ​ទៅ​ស្នងការ​នគរបាល​រាជធានី-ខេត្ត​កាលពី​ថ្ងៃទី​ ២៧ ខែមេសា បន្ទាប់ពី​មាន​ការឯកភាព​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​​ទី​ ១០ ខែមេសា​។

លិខិត​នោះបាន​បញ្ជាក់ថា​៖ «​ក្នុង​គោលដៅ​ជំរុញ​អនុវត្ដ​ឲ្យ​មាន​ប្រសិទ្ធភាព​សេចក្ដីណែនាំ​លេខ​ ០២៨ ស.ណ.ន របស់​ក្រសួងមហាផ្ទៃ​ស្ដីពី​ការគ្រប់គ្រង​វត្ដមាន​ជនបរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នឹង​អនុវត្ដ​វិធានការ​មិន​ផ្ដល់​ទិដ្ឋាការ​បន្ត​រយៈពេល​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​ជនបរទេស​ណា​ដែល​គ្មាន​ឈ្មោះ​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​វត្ដ​មាន​ជនបរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ (FPCS) ​ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២០ តទៅ​»​។

ជាមួយ​នេះ​ដែរ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានស្នើ​ដល់​ស្នងការ​នគរបាល​រាជធានី-ខេត្ដ​ទាំងអស់​ឲ្យ​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​នេះ​ជូន​ដល់​ម្ចាស់ ឬ​អ្នក​កាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ​ដើម្បី​ឲ្យ​ធ្វើ​សេចក្ដីរាយការណ៍​ពី​វត្ដមាន​ជនបរទេស​ដែល​បាន​ស្នាក់​ក្នុង​លំនៅឋាន​របស់ខ្លួន​ទៅក្នុង​ប្រព័ន្ធ​ (FPCS) ​ដើម្បី​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​បន្ត​ស្នាក់នៅ​។

លោក អាត់ បូនី អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់​បន្ថែម​កាលពី​ម្សិលមិញ​ថា ជាគោលការណ៍​ជនបរទេស​ដែល​ស្នាក់នៅ​កម្ពុជា​គឺ​ត្រូវតែ​ចុះ​បញ្ជី​ដើម្បី​ងាយស្រួល​គ្រប់គ្រង​។ ​ដូច្នេះ​ដើម្បី​សម្រួល​ដល់​ការងារ​​នេះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បង្កើត​ប្រព័ន្ធ​បច្ចេកទេស​ឌីជីថល អនឡាញ​មួយ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការចុះបញ្ជី​ដល់​ជនបរទេស​ដែល​ត្រូវ​ស្នាក់នៅ​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​មានន័យថា ទាំង​ផ្ទះសំណាក់ ទាំង​សណ្ឋាគារ នៅពេល​មាន​ភ្ញៀវ​មក​ស្នាក់នៅ​គឺ​ត្រូវតែ​ចុះបញ្ជី​ឈ្មោះ​ជនបរទេស​នោះ​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​វត្ដមាន​ជនបរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ (FPCS) ​ដែលមាន​អ៊ែប (App) ​ទាំង​ក្នុង​ប្រព័ន្ធ​ប្រតិបត្ដិការ Android និង iOS​។ ប្រសិនបើ​ជនបរទេស​មិនបាន​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​នេះ​ទេ មានន័យថា ជន​នោះ​គឺ​លួច​ស្នាក់នៅ​ខុសច្បាប់​ហើយ​»​។

លោក អាត់ បូនី បាន​បញ្ជាក់ថា កន្លងមក​សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ចុះ​ណែនាំ អប់រំ ដល់​​ម្ចាស់​ផ្ទះ​សំណាក់ សណ្ឋាគារ​ក៏ដូចជា ម្ចាស់​លំនៅឋាន​ទូទាំង​ប្រទេស​អំពី​ការចុះឈ្មោះ​ជនបរទេស​នេះ​រួច​អស់ហើយ​។ ដូច្នេះ​ប្រសិន​បើ​មិន​អនុវត្ដ​ទៀត​នឹង​ចាត់វិធានការ​តាម​ច្បាប់​របស់​កម្ពុជា​ដែល​មាន​ជា​ធរមាន​។

ទោះជា​យ៉ាងណា​លោក អាត់ បូនី មិនទាន់​អាច​បង្ហាញ​ទិន្នន័យ​បច្ចុប្បន្នភាព​របស់​ជនបរទេស​ដែល​កំពុង​ស្នាក់នៅ​កម្ពុជា​បាន​ទេ ដោយ​លោក​បាន​បញ្ជាក់ថា​ក្រុមការងារ​បច្ចេកទេស​កំពុង​បូកសរុប​ទិន្នន័យ​នេះ​៕