ភ្នំពេញៈ ក្រសួង​ការងារ​បាន​ប្រកាស​បើកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​កាត់ដេរ និង​ទេសចរណ៍​ដែល​ត្រូវបាន​ព្យួរការងារ​ជាង ៣៣ ០០០ ​នាក់​នៃ​រោងចក្រ និង​សហគ្រាស​ទាំង ១១១ ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ ដោយ​ការបើក​ប្រាក់​ឧបត្ថម្ភ​នេះ​ធ្វើ​ឡើង​តាមរយៈ​ភ្នាក់ងារ​វីង​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ​កាលពី​ថ្ងៃ​អង្គារ​បញ្ជាក់ថា​៖ «​ធនាគារ​ឯកទេស​វីង​នឹង​ផ្ញើ​សារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរស័ព្ទ​ដែល​បងប្អូន​បាន​ផ្តល់​មក​ឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ សហគ្រាស​នាពេល​កន្លងមក​»​។

សេចក្តី​ជូនដំណឹង​បញ្ជាក់​ថា ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យាការងារ​។ ប្រាក់ឧបត្ថម្ភ​ចំនួន ៦០ ៧៥០ ​រៀល (១៥ ​ដុល្លារ​) គឺ​សម្រាប់​ការព្យួរ​កិច្ចសន្យា​ការងារ​រយៈពេល​ ៧ ​ថ្ងៃ​ដល់​ ១០ ​ថ្ងៃ​ចំនួន ១២១ ៥០០ ​រៀល (៣០ ​ដុល្លារ​) សម្រាប់​រយៈពេល​ ១១ ​ថ្ងៃ ដល់​ ២០ ​ថ្ងៃ និង​ ១៦២ ០០០ ​រៀល​ (៤០ ​ដុល្លារ​) សម្រាប់​ការព្យួរ​ការងារ​ពី​ ២១ ​ថ្ងៃ​ដល់​ ១ ​ខែ​។

សេចក្តី​ជូនដំណឹង​បន្តថា​៖ «​ដើម្បី​ចៀសវាង​ការលំបាក​ក្នុងការ​បង្វិល​ថវិកា​សង​រាជរដ្ឋាភិបាល​វិញ​ក្នុង​ករណី​រោងចក្រ សហគ្រាស​សុំចូល​ធ្វើការ​មុន​កាលកំណត់​នៃ​រយៈពេល​ព្យួរ​កិច្ចសន្យា​ការងារ​នោះ​ប្រាក់ឧបត្ថម្ភ​នឹងត្រូវ​ចែកចេញ​ជា​ ២ ​ដង​សម្រាប់​បងប្អូន​ដែល​ព្យួរ​កិច្ចសន្យាការងារ​ចាប់ពី​ ២១ ​ថ្ងៃ​ដល់​ ១ ​ខែ និង​ត្រូវ​បែងចែក​ជា​ ៤ ​ដង​សម្រាប់​បងប្អូន​ដែល​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ ២ ​ខែ​ដោយ​ក្នុង​ ១ ​ដង​ស្មើនឹង​ថវិកា​ចំនួន ​៨១ ០០០ ​រៀល (២០ ​ដុល្លារ​អាមេរិក​)»​។

បើតាម​សេចក្តី​ជូនដំណឹង​ធនាគារ​វីង​នឹង​បង្វិលប្រាក់​ឧបត្ថម្ភ​នេះ​ជូន​រដ្ឋាភិបាល​វិញ ក្នុង​ករណី​ដែល​កម្មករនិយោជិត​មិន​បាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ​រយៈពេល​ ១០ ​ថ្ងៃ​ក្រោយពី​ទទួល​បាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វីង​។ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្រសួង​​ការងារ​ណែនាំ​ឱ្យ​កម្មករ​និយោជិត ត្រូវ​យក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួល​បាន​សារ​នោះ​ទៅ​កាន់​ភ្នាក់ងារ​វីង​ដែល​នៅ​ជិតបំផុត​។

ក្រសួង​បញ្ជាក់ថា​៖ «​បងប្អូន​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វីង​ឡើយ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​»​។

ក្រសួង​ការងារ​បាន​ណែនាំ​ឱ្យ​កម្មករនិយោជិត​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ទៅ​រដ្ឋបាល​រោងចក្រ សហគ្រាស​របស់ខ្លួន ប្រសិន​បើ​ពួកគេ​មិន​បាន​ទទួល​សារ​ទូរស័ព្ទ​ពី​ធនាគារ​វីង​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការផ្ញើ​សារ​ទៅ​កាន់​សាមីខ្លួន​ផ្ទាល់​បែបនេះ គឺជា​មធ្យោបាយ​ផ្ទាល់​ក្នុងការ​ជំរុញ​ដល់​កម្មករ​និយោជិត​បើកប្រាក់​ឧបត្ថម្ភ​នេះ​ឱ្យ​បាន​តាម​ពេល​កំណត់​។

លោក​ ឃុន ថារ៉ូ ​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅថា​សង់ត្រាល់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា លោក​ស្វាគមន៍​ទៅ​នឹង​ការពន្លឿន​ការទូទាត់​ប្រាក់ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល ទៅ​ដល់​កម្មករនិយោជិត​នេះ ពីព្រោះ​វា​អាច​ជួយ​ដល់​បន្ទុក​របស់​ពួកគាត់​បាន​មួយចំនួន​។

ប៉ុន្តែ​លោក​ចង់ឱ្យ​ប្រាក់​ឧបត្ថម្ភ​នេះ​បាន​គ្របដណ្តប់​ទៅដល់​កម្មករ​វិស័យ​ផ្សេងៗ​ទៀត មិន​ត្រឹមតែ​វិស័យ​វាយនភណ្ឌ​កាត់ដេរ ស្បែកជើង និង​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​យើង​ចង់​ឲ្យ​អាហ្នឹង​វា​គ្របដណ្តប់​ទៅ​ដល់​កម្មករនិយោជិត​វិស័យ​ផ្សេងៗ​ទៀត ព្រោះ​វិស័យ​សេវាកម្ម​នេះ​ក៏​កម្មករ​គាត់​ទទួល​រង​ផលប៉ះពាល់​ច្រើន​។ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហ្នឹង​ក៏​គាត់​ទទួលរង​ផលប៉ះពាល់​ច្រើន​។ វិស័យ​សំណង់ កម្មករ​ក៏​គាត់​ប្រឈម​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច នៅពេល​ដែល​គាត់​បាត់បង់​ការងារ​។ ប្រសិន​ជា​វិសាលភាព​នៅក្នុង​ការគ្របដណ្តប់​ហ្នឹង​ទៅឱ្យ​វិស័យ​ផ្សេងទៀត​អាហ្នឹង​វារឹតតែ​ប្រសើរ​»៕